ចប់ហើយពេលនេះ! ថ្នាក់​ដឹក​នាំ​​របស់​ Apple ជា​ច្រើន​អាច​នឹង​ត្រូវ​ជាប់​​គុក​ លើ​រឿង​ធ្វើ​ឲ្យ​ iPhone ដើរ​យឺត​

ពាក្យ​បណ្ដឹង​ចុង​ក្រោយ​​ដែល​ប្ដឹង​ Apple ទាក់​ទង​នឹង​រឿង​អាស្រូវ​បន្ថយ​ល្បឿន​ iPhone អាច​ជា​​ពាក្យ​បណ្ដឹង​ដែល​ធ្ងន់ធ្ងរ​បំផុត​មួយ។ ក្រុម​​ការពារ​បរិស្ថាន​មួយ​របស់​ប្រទេស​បារាំង​​បាន​ប្ដឹង​ Apple ពី​បទ​ មាន​គំនិត​គិត​ទុក​ជា​មុន​លើ​ការ​ធ្វើ​ឲ្យ​ហួស​សម័យ។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស​ ថ្នាក់​ដឹក​នាំ​​របស់​ Apple ជា​ច្រើន​អាច​នឹង​ត្រូវ​ជាប់​​គុក​ បន្ថែម​ពី​លើ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Local ពាក្យ​បណ្ដឹង​​ចុង​ក្រោយ​នេះ​ ដាក់​ប្ដឹង​​ក្នុង​ប្រទេស​បារាំង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​​ក្រុម​​ឈ្មោះ​ Halte à l’Obsolescence Programmée ឬ HOP (មាន​ន័យ​ថា​​ បញ្ឈប់​ការ​មាន​គំនិត​គិត​ទុក​ជា​មុន​លើ​ការ​ធ្វើ​ឲ្យ​ហួស​សម័យ)។ ក្រុម​នេះ​ជឿ​ថា​ Apple បាន​បង្កើត​យុទ្ធសាស្ត្រ​សកល​មួយ​​នៃ​កម្មវិធី​ធ្វើ​ឲ្យ​ហួស​សម័យ​ ដើម្បី​បង្កើន​ចំនួន​លក់​របស់​ខ្លួន។

​ប្រទេស​បារាំង​បាន​អនុម័ត​​ច្បាប់​​មួយ​នៅ​ខែ​សីហា​ ឆ្នាំ​ ២០១៥ ​ដែល​បាន​ចាត់​ទុក​ “ការ​បន្ថយ​អាយុ​កាល​នៃ​ផលិតផល​ដើម្បី​បង្កើត​កម្រិត​នៃ​ការ​ប្ដូរ​ថ្មី” ជា​បទ​ឧក្រិដ្ឋ​មួយ។ តាម​រយៈ​ច្បាប់​នេះ​ HOP គិត​ថា​គេ​អាច​ប្ដឹង​ Apple បាន។ ការ​ពិន័យ​ធ្ងន់ធ្ងរ​បំផុត​លើ​បទ​ឧក្រិដ្ឋ​នេះ​ ​គឺ​​ជាប់​គុក​រយៈ​ពេល​ ២ ឆ្នាំ, ពិន័យ​ដល់​ ៣៦ ម៉ឺន​ដុល្លារ និង​រឹប​អូស​ចំណូល​ប្រចាំ​ឆ្នាំ​ ៥% របស់​ក្រុមហ៊ុន​ថែម​ទៀត​ផង។

លោក Tim Cook ជានាយកប្រតិបត្តតក្រុមហ៊ុន Apple

ការ​ពិន័យ​ខាង​លើ​នេះ​​នឹង​កើត​មាន​ឡើង​​លុះត្រាតែ​រដ្ឋអាជ្ញា​រក​ឃើញ​ថា​​ពាក្យ​បណ្ដឹង​នេះ​សម​ស្រប​នឹង​ច្បាប់។ ដោយ​ឡែក​ខាង​​ Apple ឯណោះ​វិញ​​មាន​បំណង​ថា​នឹង​នៅ​តែ​បន្ត​​ការ​កែ​សម្រួល​ល្បឿន​លើ​ iPhone ដែល​មាន​ថ្ម​ចាស់ៗ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ iPhone ​ទាំង​នោះ​រលត់​ដោយ​ខ្លួន​ឯង៕​​​​​​​​​​​​​​​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay