កក្រើកវិស័យសិល្បៈ! លឺល្បីថា កញ្ញា នៅ សូនីតា ជាតារា​សម្តែងជិត​ក្លាយ​ខ្លួន​ជា “​ជំទាវ”

ក្រោយ​ពី​ថត​កុន​រឿង «រៃ​មាស» ចប់ និង​វិល​ត្រឡប់​ការក្តាប់​បាន​ឱកាស​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ជា​រឿយៗ ពិសេស​ឧស្សាហ៍​ទៅ​ប្រទេស​អូស្ត្រាលី​នោះ ស្រាប់​តែ​តារា​សម្តែង​ស្រី​ស្អាត​មាន​រាង​ស្រ​លូន កញ្ញា នៅ សូនីតា មាន​ការ​កត់​សម្គាល់​នូវ​លក្ខណៈ​រូបរាង​ខុស​ប្លែក​របស់​នាង​ពី​មិត្តភក្តិ​រួម​សិល្បៈ​ក៏​ដូចជា​មហាជន និង​មាន​លេច​ឮថា តារា​ស្រី​រូប​នេះ​ជិត​ក្លាយជា​ជំទាវ​ទៀត​ផង។

បើតាម​ប្រភព​លេចឮ​បែប​ខ្សឹប​ខៀវ​ពី​សង្គម​អ្នក​សិល្បៈ បាន​លើក​ឡើង​ថា តារា​សម្តែង​ស្រី​ដែល​មាន​រូបរាង​តូច​ស្រ​លូន និង​មាន​រូប​សម្រស់​ស្អាត​បែប​ធម្មជាតិ នៅ សូនីតា កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ជា​ជំទាវ​បណ្តើរៗ​ហើយ​ដែរ។

ដំណឹង​រឿង​ជិត​ក្លាយជា​ជំទាវ ពី​សំណាក់​តារា​ស្រី នៅ សូនីតា ក៏​កាន់​តែ​មាន​ពន្លឺ​ជាង​មុន ខណៈ​ពេល​តារា​ស្រី​រូប​នេះ​ត្រូវបាន​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយ​ពី​ភាព​ខុស​ប្លែក​នៃ​រូប​រាង​របស់​នាង ដោយ​បាន​លើក​ឡើង​ថា «នៅ សូនីតា បែក​សាច់​ឡើង​គីឡូ​ប្លែក​ជាង​មុន» ហើយ​ចុះ​ផ្សាយ​ភ្លាម ក៏មាន​មិត្តភក្តិ​ដែល​ដឹង​រឿង​នាង​ច្បាស់​នោះ បាន​ចូល​ទៅ Comment បែប​ចំអន់​លេង​ថា៖ «Sonita Nov សាច់​ឈាម​ជំទាវ ស្គម​ពេក​ក៏​មិន​សូវ​សម​ដែរ»។

យ៉ាងណា​មិន​មាន​ការ​តបត​សារ​បក​ស្រាយ​ពី​រឿង​គេ​នាំគ្នា​ហៅ​ខ្លួន​ថា «ជំទាវ» ពី​សំណាក់​តារា​សម្តែង​ស្រី​ស្រស់​សម្រស់​ផូរ​ផង់​រូប​នេះ​វិញ​ដែរ ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​កញ្ញា នៅ សូនីតា បាន​ឡើយ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​ធ្លាប់​ទាក់​ទង​ពី​មុន​មក​នោះ​ក៏​មិន​អាច​ទាក់​ទង​បាន​ផងដែរ។

ដោយ​ឡែក​មហាជន​វិញ​បាន​ធ្វើការ​កត់​សម្គាល់​ពី​រូប​សម្ផស្ស​របស់​កញ្ញា នៅ សូនីតា នាពេល​ថ្មីៗ​នេះ​ដោយ គេ​សង្កេត​ឃើញ​តារា​សម្តែង​រូបនេះ​ហាក់​បែក​សាច់​ឡើង​គីឡូ​ប្លែក​ជាង​មុន និង​ការ​សរសើរ​ថា ទោះបី​ជា​នាង​ធាត់​តែ​កាន់​តែ​ស្អាត​ជាង​មុន​ទៀត ក្រោយ​ពី​បញ្ចប់​ថត​រឿង «រៃមាស» និង​ត្រឡប់​មក​ពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​បន្ត​បន្ទាប់​មក​ហាក់​មិន​ទាន់​មាន​សកម្មភាព​ថ្មីៗ​ក្នុង​សិល្បៈ​នៅ​ឡើយ​ទេ។

យូរៗម្តង ក៏​សង្កេត​ឃើញ​តារា​ស្រី​ស្អាត​រូបនេះ បាន​លេច​មុខ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី និង​ច្រៀង​នៅ​តាម​ពិធី​មង្គលការ​នានា។ តែ​ពេល​ថ្មីៗ​នេះ ឃើញ​កញ្ញា នៅ សូនីតា ហាក់​មាន​រូបរាង​ធាត់​បែក​សាច់​ប្រែប្រួល​ជាង​មុន ដែល​សូម្បី​ខ្លួន​នាង​ផ្ទាល់​ក៏​ត្អូញត្អែរ​ពី​រឿង​ឡើង​គីឡូ​នេះ​ដែរ តែ​ទោះបី​ជា​ធាត់​បន្តិច​ក្តី​តែ​មាន​ការ​សរសើរ​ថា នៅ សូនីតា កាន់​តែ​ស្អាត និង​រាង​ទ្រលុក​ទ្រលន់​គួរ​ក្នាញ់​ខ្លាំង​ឡើង។

គួរកត់សម្គាល់​ដែរ​ថា កញ្ញា នៅ សូនីតា ហាក់​មិន​សូវ​ខ្វាយ​ខ្វល់​ក្នុង​ការ​ថត​រឿង​នោះ​ទេ ដូច​កន្លង​មក​ធ្លាប់​មាន​ការ​បង្ហើប​ពី​សំណាក់​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ថា ក្រៅ​ពី​តួឯក នាង​មិន​ទទួល​សម្តែង​ឡើយ ហើយ​ក៏​ធ្លាប់​មាន​ការ​លើក​ឡើង​បន្ថែម​ថា ទោះ​មិន​មាន​ការងារ​សិល្បៈ​ក៏​ស្រី​ស្អាត នៅ សូនីតា នៅ​តែ​រស់ក្នុង​ជីវភាព​ហ៊ឺហា​ដែល​ប្រើប្រាស់​សុទ្ធ​តែ​រថយន្ត​ទំនើបៗ និង​ជា​ម្ចាស់ផ្ទះ​វីឡា​ដ៏ធំ​ដែល​ការ​សាង​សង់​មិន​ទាន់​រួចរាល់ ខណៈ​ខាង​មិត្តភក្តិ រួម​អាជីព​ជាច្រើន​សុទ្ធតែ​និយាយ​ថា នៅ សូនីតា មិន​ខ្វល់​រឿង​ជីវភាព​ទេ​ព្រោះ​នាង​មាន​គូស្នេហ៍​ជា​មន្ត្រី​អ្នក​មាន និង​ដៃ​ទូលាយ​ទៀត​ផង។

ដោយឡែក​ ចាប់តាំង​ពី​ផ្ទុះ​រឿង​ស្នេហ៍​ប្រុស​ប្រកាន់​ស្រី​ប្រកែក យ៉ាង​ក្តៅ​គគុក ជាមួយ​តារា​ចម្រៀង​រូប​សង្ហា​លោក សម អាន់ដា មក​ស្រី​ស្រស់ នៅ សូនីតា តែង​អះអាង​ថា មិន​មាន​ពេល​គិត​រឿង​ស្នេហា​ទេ ពោល​គឺ​បេះដូង​នៅ​ទំនេរ​ស្អាត ហើយ​ក៏​មិន​ទាន់​ចង់​គិត​រឿង​នេះ​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ postkhmer