ព័ត៌មានបន្ទាន់! ព្យុះទី១ ឈ្មោះ បូឡាវិន នឹងមកដល់កម្ពុជាថ្ងៃស្អែកហើយ (ចាប់ពីថ្ងៃទី៥ ខែមករានេះ)

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ពីស្ថានភាពអាកាសធាតុនៅកម្ពុជា។ វិសម្ពាធដែលបានកើតឡើងនៅភាគអាគ្នេហ៍ប្រទេសហ្វីលីពីន បានវិវត្តខ្លួនទៅជាកូនព្យុះទី ១ ប្រចាំឆ្នាំ២០១៨ ឈ្មោះ បូឡាវិន (BOLAVEN) និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមការវិភាគ និងព្យាករណ៍បានបង្ហាញថា នៅវេលាល្ងាចថ្ងៃទី ៥ ខែមករា ឥទ្ធិពលរបស់កូនព្យុះ បូឡាវិន នឹងបែងចែកជា ពីរផ្នែក៖

  • មួយផ្នែកដែលមានឥទ្ធិពលខ្លាំង នឹងធ្វើដំណើរទៅកាន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល។
  • មួយផ្នែកទៀតដែលមានឥទ្ធិពលមធ្យម នឹងធ្វើដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីកូនព្យុះ បូឡាវិន ហើយអាកាសធាតុមានស្ថានភាពដូចខាងក្រោម៖

  1. ចាប់ពីថ្ងៃទី ៥-៦ ខែមករា ឆ្នាំ២០១៨ ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល (ភ្លៀងពេលថ្ងៃ)។
  2. ចាប់ពីថ្ងៃទី ៧-៩ ខែមករា ឆ្នាំ២០១៨ ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស (ភ្លៀងពេលយប់)។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម