​កក្រើកបច្ចេកវិទ្យា! ក្រុមហ៊ុន SpaceX នឹង​បាញ់​គ្រាប់​រ៉ុកកែត​ដោយ​ផ្ទុក​រថយន្ត​១គ្រឿង ទៅ​ភព​អង្គារ៍

ថ្មីៗនេះ លោក Elon Musk បាន​ប្រកាស​ថា ​ក្រុមហ៊ុន SpaceX របស់​លោក​នឹង​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ដ៏​មាន​អនុភាព​មួយ​ដែលមាន​ផ្ទុក​យាន​អវកាស​សម្រាប់​ដាក់​រថយន្ត​ផ្ទាល់​ខ្លួន​របស់​លោក​មួយ​គ្រឿង ​ក្នុង​បេសកកម្ម​ទៅ​កាន់​ភព​អង្គារ៍ នា​ចុង​ខែ​មករា ​ឆ្នាំ​២០១៨​នេះ។

​គ្រាប់​រ៉ុកកែត Falcon Heavy នឹង​ត្រូវ​បាញ់​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅ​រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយ​គ្មាន​មនុស្ស តែ​មាន​ផ្ទុក​រថយន្ត​ម៉ាក 2008 Tesla Roadster ពណ៌ក្រហម​មួយ​គ្រឿង។ Falcon Heavy ជា​គ្រាប់​រ៉ុកកែត​ដែល​បំពាក់​ម៉ាស៊ីន​ចំនួន ២៧ ដែល​បង្កើត​ជា​កម្លាំង​រុញច្រាន​ស្មើនឹង​យន្តហោះ​ប្រភេទ Boeing 747 ចំនួន​១៨គ្រឿង​បូក​បញ្ចូល​គ្នា និង​អាច​វិលត្រឡប់​មក​កាន់​ផែនដី​វិញ ក្រោយ​ពី​បញ្ជូន​យាន​អវកាស​មួយ​គ្រឿង​ដែល​ផ្ទុក​រថយន្ត ចេញពី​គន្លង​ផែនដី។ វា​អាច​ផ្ទុក​បាន​ទម្ងន់ ៦៣៥០០ គីឡូក្រាម។

លោក Musk បាន​ឲ្យដឹង​ថា ការ​ធ្វើ​តេស្ត​សាកល្បង​ម៉ាស៊ីន​គ្រាប់​រ៉ុក​កែត​នឹង​ធ្វើឡើង​នៅ​សប្ដាហ៍​នេះ។ ចំណែក យាន​អវកាស​ដែល​មាន​ផ្ទុក​រថយន្ត​ដែល​បំពាក់​លើ​គ្រាប់​រ៉ុកកែត នឹង​ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ភពអង្គារ ដើម្បី​ការ​ធ្វើ​តេស្ត​ការ​បញ្ជូន​ទំនិញ​ទៅ​កាន់​ភព​ពណ៌​ក្រហម​មួយ​នេះ។

សូម​បញ្ជាក់​ថា កា​រ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​អង្គារ ត្រូវ​ការ​រយៈ​ពេល​ជា​ច្រើន​ខែ ដោយសារតែ​ភពនេះ​មាន​ចម្ងាយ ២២៥ លាន​គីឡូម៉ែត្រ​ពី​ផែនដី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay