ក្រុមហ៊ុន ហ្វីលីពីន សាងសង់រោងចក្រកែច្នៃផ្លែស្វាយ នៅកម្ពុជា ដើម្បីត្រៀមនាំចេញទីផ្សារចិន

ក្រុមហ៊ុន Profood International Corp រប​ស់ហ្វីលីពីន បាននឹងកំពុងសាងសង់រោងចក្រសម្ងួតផ្លែស្វាយ និងកែច្នៃផ្លែស្វាយ នៅកម្ពុជា ដើម្បីត្រៀមនាំចេញទីផ្សារចិន នេះ បើយោងតាម សារព័ត៌មាន sunstar។

បើតាមសម្ដីរបស់លោក Justin Uy  ស្ថាបនិក និង ប្រធានក្រុមហ៊ុន Profood International Corp ​បានឲ្យដឹងថា រោងចក្រថ្មីនៃ ក្រុមហ៊ុនរបស់លោក នៅកម្ពុជា នឹងបំពេញតម្រូវការ កំណើនផ្លែស្វាយស្ងួត នៅទីផ្សារអន្តរជាតិ ជាពិសេសគឺទីផ្សារចិនផ្ទាល់។

លោក បានបន្តថា មូលហេតុដែលក្រុមហ៊ុនលោក សម្រេចចិត្តបន្ថែមរោងចក្រថ្មី នៅកម្ពុជា គឺដោយសារ ក្រុមហ៊ុនត្រូវការនាំចេញផ្លែស្វាយជាច្រើនបន្ថែមទៀត នៅទីផ្សារចិន​។ នៅហ្វីលីពីនមិនមានផ្លែស្វាយគ្រប់គ្រាន់សម្រាប់នាំចេញឡើយ ដូច្នេះដើម្បីកុំឲ្យបាត់បង់ទីផ្សារនៅប្រទេសបណ្ដាទ្វីបអាស៊ី ក្រុមហ៊ុនរបស់លោកក៏សាងសង់រោងថ្មីនៅកម្ពុជា ត្រៀមនាំចេញទៅប្រទេសចិន។

រោងចក្រថ្មី របស់​ Profood International Corp នៅកម្ពុជា ស្ថិតនៅក្នុងការវិនិយោគក្នុងទំហំ ១១ហិកតា ដែលមានសមត្ថភាពផលិតផ្លែស្វាយស្ងួត បាន ប្រមាណជា ៤ពាន់តោនក្នុងមួយរដូវ ហើយរោងចក្រនេះនឹង បញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ ២០១៩ខាងមុខនេះ។ ដោយឡែក តម្រូវការផ្លែស្វាយស្ងួតតែ នៅក្នុងប្រទេសចិន​ មានចំនួន ៣ម៉ឺនតោនក្នុងមួយឆ្នាំ។

គួរជម្រាបផងដែរថា ផលិតផលផ្លែស្វាយស្ងួតរបស់ក្រុម Profood International Corp ត្រូវបានដាក់លក់នៅ ៥២ ប្រទេស ដូចជា ប្រទេសចិន ជប៉ុន កូរ៉េ ចំណែកទីផ្សារ ធំនៅ សហរដ្ឋអាមេរិក និងកាណាដា។

ការសាងសង់រោងចក្រថ្មី របស់ Profood International Corp នៅកម្ពុជា គឺជារឿងដ៏ល្អ សម្រាប់កម្ពុជាជាពិសេស គឺប្រជាកសិករផ្ទាល់តែម្ដង ព្រោះពួកគាត់រកអាចរកទីផ្សារសម្រាប់លក់នៅក្នុងស្រុកដោយផ្ទាល់ មិនបាច់ខ្វល់ខ្វាយខ្វះទីផ្សារដូចពីមុនទៀតឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia