ដឹងពីតួនាទីពិត និងស័ក្ដិ របស់មន្ត្រីនគរបាលដែលលើកជើងធាក់ទៅលើមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យាហើយ
បើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តាមពិតមន្ត្រីនគរបាលដែលលើកជើងធាក់ទៅលើមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យានោះ មិនមែនស័ក្ដិ៤ កន្លះដូចដែលការចុះផ្សាយរបស់បណ្ដាសារព័ត៌មានមួយចំនួននោះទេ។ តួនាទីពិតប្រាកដរបស់មន្រ្តីនគរបាលកោងកាងមានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំរូបនេះ បច្ចុប្បន្នពាក់ត្រឹមសក្ដិ៣ប៉ុណ្ណោះ មានឋានៈត្រឹមអនុប្រធានការិយាល័យ រដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះ។
ឈ្មោះ សៅ បញ្ញា (រូបកណ្តាល)
តាមប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុនាំឲ្យមានការយល់ច្រឡំ ដោយសារមន្រ្តីនគរបាលរូបនេះ ពាក់អាវមានស័ក្ដិ៤ ហើយឆ្នាំក្រោយទើបលោក សៅ បញ្ញា ត្រូវដំឡើងដល់ស័ក្ដិ៤។ ប៉ុន្តែគួរឲ្យសោកស្ដាយមិនទាន់បានដំឡើងផងលោក បានបញ្ចេញចរិតដ៏ខ្វះសីលធម៌បែបនេះទៅហើយ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ដ្រីនគរបាលពាក់ស័ក្តិ៣ ច្រឡំថាស័ក្ដិ៤នេះ ត្រូវបានបញ្ជូនទៅដល់តុលាការហើយ នៅវេលាម៉ោងប្រមាណ២៖២០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។
មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យាដែលរងគ្រោះ (ស្តាំ)
មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យាដែលរងគ្រោះ
សូមបញ្ជាក់ថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលខាងលើនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់ដើម្បីសួរនាំ។ ពេលបម្រុងឃាត់សួរនាំនោះ ជនបង្កមិនព្រមឈប់រថយន្តនោះឡើយ លុះមួយថ្ងៃក្រោយ ក៏បើកមកម្តងទៀតស្រាប់តែចុះមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។ ពេលចុះពីរថយន្ដ ជនបង្កបានទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ news.sabay