នេះជាបន្លែអី្វដែរ? តើវាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់អ្នក?

អ្នកប្រហែលជាធ្លាប់បានស្គាល់បន្លែមួយប្រភេទនេះហើយ ដែលការពិតទៅវាមានឈ្មោះថា «ប្រពាយ» តែមានមនុស្សមួយចំនួនយល់ច្រលំហៅវាថាជា ពពាយទៅវិញ។ ប្រពាយ គឺជាបន្លែដែលស្ថិតក្នុងពពួកបន្លែដើមវល្លិម្យ៉ាង ដែលភាគច្រើនគេចំណាំយកវាទៅធ្វើជាអន្លក់ផ្ទាប់ ផ្អក ប្រហុក ទឹកគ្រឿង និងអ្នកខ្លះអាចយកធ្វើជាបន្លែឆាបានយ៉ាងឆ្ងាញ់ពិសាផងដែរ។ ក្រៅពីមានរសជាតិឆ្ងាញ់ដែលគេនិយមទទួលទានឆៅទាំងនេះហើយ ការទទួលទានប្រពាយ ក៏បានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាងកាយរបស់មនុស្សយើងបានផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានគុណប្រយោជន៍ របស់បន្លែប្រពាយទាំងអស់គ្នា ថាតើវាមានសារធាតុសំខាន់ៗអ្វីខ្លះ និងមានប្រយោជន៍ជំនួយសុខភាពបានកម្រិតណា ដូចខាងក្រោម៖

១) ជាតិកាកសរសៃ

ប្រពាយ សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺ(Fiber) ដែលជារូបធាតុដ៏សំខាន់សម្រាប់សុខភាពរាងកាយ ថែមទាំងអាចបង្ការ និងព្យាបាលជំងឺមួយចំនួនបានផងដែរ ដូចជា៖

  • លាងសម្អាតជាតិពុល ដែលមានគ្រោះថ្នាក់ចេញពីរាងកាយ
  • ប្រឆាំងនឹងរ៉ាឌីកាល់សេរី ថែមទាំងអាចទប់ស្កាត់នឹងជំងឺកាចសាហាវជាច្រើនដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្សេងៗជាច្រើនមុខទៀត
  • ជំនួយដល់ប្រព័ន្ធរំលាយឱ្យដំណើរការបានល្អ រំលាយអាហារបានល្អនិងលឿន ជាពិសេសអាចរំលាយជាតិខ្លាញ់បានល្អជំនួយដល់ការសម្រកទម្ងន់។
  • អាចការពារ និងព្យាបាលបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ក្រពះពោះវៀន អាការទល់លាមក ជំងឺរលាកទងសួរ និងប្ញសដូងបាតជាដើម។
  • កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តឺរ៉លមិនល្អ និងទប់ស្កាត់រាល់ជំងឺទាក់ទងនឹងសសៃឈាមផ្សេងៗ ដូចជា ជំងឺសសៃឈាម ជំងឺលើសឈាម ជំងឺខ្សោយបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

២) ជាតិកាល់ស្យូម

ជាតិកាល់ស្យូមដែលមាននៅក្នុងប្រពាយ ដ៏ច្រើនលើសលប់ ក៏អាចមានលទ្ធភាពជួយទៅពង្រឹងសុខភាពឆ្អឹង និងធ្មេញបានយ៉ាងប្រសើរផងដែរ រួមមាន៖

  • ជំនួយសុខភាពឆ្អឹងឱ្យកាន់តែរឹងមាំ ចៀសឆ្ងាយពីជំងឺទាក់ទងនឹងឆ្អឹងផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង
  • ធ្វើឱ្យធ្មេញកាន់តែរឹងមាំ ការពារពីជំងឺធ្មេញ ដូចជាជំងឺពុកធ្មេញជាដើម
  • ជាតិកាល់ស្យូម ថែមទាំងជួយរក្សាចង្វាក់បេះដូងឱ្យស្ថិតនៅក្នុងកម្រិតធម្មតា ការពារការវិវឌ្ឍន៍នៃជំងឺបេះដូងផ្សេងៗ ជាពិសេសជំងឺសសៃឈាម ជំងឺលើសឈាម និងជំងឺដាច់សសៃឈាមខួរក្បាល។

៣) សារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងប្រពាយ ក៏ត្រូវបានគេដឹងថាសម្បូរទៅអាហារូបត្ថម្ភសំខាន់ៗជាច្រើន ដែលអាចជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជំនួយសុខភាព និងសម្រស់បានច្រើនយ៉ាងរួមមាន៖

  • ការពារភ្នាសកោសិការាងកាយដែលខូចខាតបណ្តាលមកពីរ៉ាឌីកាល់សេរី ថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំការពារពីជំងឺផ្សេងៗ
  • ជួយរារាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីក ការខូចខាតតម្រងនោម និងផលប៉ះពាល់នៃក្រសែភ្នែកពេលចាស់ឡើងផងដែរ (Macular degeneration)
  • ប្រយុទ្ធប្រឆាំង និងពន្យារភាពចាស់ បំបាត់ស្នាមជ្រីវជ្រួញ និងយារធ្លាក់ ថែមទាំងអាចធ្វើឱ្យសម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload