តើមូលហេតុអ្វីបណ្តាលឲ្យជ្រុះសក់? តើមានវិធីព្យាបាលជ្រុះសក់ដែរឬទេ?

បញ្ហាជ្រុះសក់ ជាបញ្ហាមួយដែលភាគច្រើនកើតឡើងលើមនុស្សប្រុស បណ្តាលឲ្យពួកគេអស់សក់ពីក្បាល និងទំពែកជាដើម។ តែវាក៏មិនមែនបានន័យថា វាមិនអាចកើតមានលើមនុស្សស្រីដែរ។

មូលហេតុនៃបញ្ហាជ្រុះសក់ វាអាចបណ្តាលមកពីកត្តាអរម៉ូន កង្វះអាហារូបត្ថម្ភ និងទម្លាប់ការរស់នៅមិនល្អមួយចំនួន ដូច្នេះវាបានក្លាយទៅជាក្តីកង្វល់មួយដែលធ្វើឱ្យទាំងមនុស្សប្រុស និងស្រីមានការព្រួយបារម្ភ ហើយតែងតែរកវិធីកែខៃឱ្យបានឆាប់រហ័ស ជាពិសេសគឺមនុស្សស្រីតែម្តង។

ពេលនេះកុំបារម្ភ! ខាងក្រោមនេះជាមូលហេតុដែលធ្វើឱ្យមនុស្សស្រីមានបញ្ហាជ្រុះសក់ រួមទាំងការបង្ហាញពីវិធីព្យាបាលតាមរយៈទិចនិក និងការទទួលទានអាហារមួយចំនួនផងដែរ៖

# មូលហេតុដែលធ្វើឱ្យមនុស្សស្រីជ្រុះសក់

មនុស្សស្រីមានបញ្ហាជ្រុះសក់ច្រើនមិនចាញ់បុរសប៉ុន្មានទេ ដោយសារតែកត្តាមួយចំនួនខាងក្រោម៖

១) ថ្នាំពន្យារកំណើត

ថ្នាំពន្យារកំណើត គឺជាគ្រាប់ថ្នាំអរម៉ូនដែលអាចបញ្ឈប់កំណើត តែវាធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ស្បែកក្បាល ដោយធ្វើការជម្រុះកោសិកាស្បែកក្បាលមួយចំនួនចោល។ ដូច្នេះមិនថា អ្នកទើបតែចាប់ផ្តើមប្រើថ្នាំពន្យារកំណើត ប្តូរទៅប្រើថ្នាំពន្យារកំណើតផ្សេងថ្មី ឬឈប់ ហើយចាប់ផ្តើមប្រើថ្នាំពន្យារកំណើតម្តងទៀតយ៉ាងណាក៏ដោយ ក៏បញ្ហាជ្រុះសក់នៅតែបន្តមាន។

២) របបអាហារ

កង្វះអាហារូបត្ថម្ភ និងវីតាមីនមួយចំនួន ក្នុងរបបអាហារទទួលទាន ក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់បានដែរ។ ហើយកង្វះរបបសារធាតុចំណីអាហារដែលធ្វើឱ្យអ្នកជ្រុះសក់រួមមាន៖ ជាតិកាល់ស្យូម ជាតិដែក ប្រូតេអ៊ីន វីតាមីន A វីតាមីន B និង Biotin ជាដើម។

៣) សាប៊ូកក់សក់ស្ងួត

ទោះបីជាវាមិនសូវត្រូវបានគេប្រើនៅក្នុងប្រទេសយើងយ៉ាងណាក៏ដោយ តែប្រសិនជាយើងបានដឹងមុនក៏ជាការល្អ។ ការប្រើសាប៊ូកក់សក់ស្ងួត ត្រូវបានគេនិយមប្រើនៅបណ្តាប្រទេសអឺរ៉ុនជាច្រើនដោយសារតែវាងាយស្រួល មានភាពឆាប់រហ័ស ថែមទាំងមិនបាច់ត្រូវការប្រើទឹកកក់សក់នាំតែពិបាកជាពិសេសពេលរដូវត្រជាក់ ឬធ្លាក់ទឹកកកជាដើម។ តែសាប៊ូមួយប្រភេទនេះ អាចធ្វើឱ្យរារាំងការលូតលាស់នៃកោសិកាស្បែកក្បាល ធ្វើឱ្យប្ញសសរសៃសក់ចុះខ្សោយ ហើយវាថែមទាំងធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់ផងដែរ។

៤) ប្រើផលិតផលស្បែកក្បាលច្រើនហួសហេតុពេក

មិនថាតែការលាបពណ៌សក់ ការតុបតែងសក់ហួសហេតុពេក និងការប្រើផលិតផលគីមីលើស្បែកក្បាលច្រើនពេកទេ សុទ្ធតែជាមូលហេតុដែលធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់កាន់តែច្រើនឡើងៗ។ ហើយប្រសិនជាអ្នកមិនបញ្ឈប់ ឬកាត់បន្ថយទង្វើទាំងអស់នោះទេ សក់ដែលជ្រុះក៏មិនដុះលូតលាស់ឡើងវិញដែរ ហើយមានបញ្ហាជ្រុះរហូតដល់សរសៃសក់ក្បាលស្តើងថែមទៀតផង។

៥) ស្ត្រេស

មិនខុសពីបុរសទេ ការគិតច្រើន ធុញថប់ច្រើន និងមានអារម្មណ៍ស្ត្រេស តានតឹងពេក ក៏ជាមូលហេតុដែលធ្វើឱ្យសក់ក្បាលនារីជ្រុះបានដូចគ្នា ដោយសារតែកើនឡើងនៃអរម៉ូន Androgen។ ក្រៅពីនេះអារម្មណ៍ស្ត្រេសនេះ ថែមទាំងអាចធ្វើឱ្យសក់ក្បាលរបស់អ្នកឡើងអង្គែ  ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ  ថែមទាំងរំខានដល់ការទទួលទានអាហាររបស់អ្នកផងដែរ (អាចនឹងទទួលទានតិចពេក និងពេលខ្លះច្រើនពេក)។

បើទោះជាបញ្ហាជ្រុះសក់ធ្វើឱ្យអ្នកមានបញ្ហាកង្វល់យ៉ាងណាក៏ដោយ ក៏យើងបានស្រាវជ្រាវរកវិធីដោះស្រាយសម្រាប់អ្នកមួយចំនួនបានផងដែរដូចខាងក្រោម៖

# វិធីទាំង៥ សម្រាប់ដោះស្រាយបញ្ហាជ្រុះសក់សម្រាប់សុភាពនារី

១) កែប្រែការតុបតែងសក់

ការចងសក់ដោយប្រើកៅស៊ូ ឬប្រើប្រដាប់ចងសក់តឹងៗ និងតុបតែងសក់ច្រើនពេកនឹងធ្វើឱ្យសក់របស់អ្នកកាន់តែជ្រុះថែម។ ដូច្នេះអ្នកគួរតែថែរក្សា ថ្នាក់ថ្នមសរសៃសក់របស់អ្នកដោយចងសក់រលុងៗ លេងសក់ល្មមៗកុំផ្តល់សម្ពាធដល់សរសៃសក់ខ្លាំងពេក ជាពិសេសមិនត្រូវប្រើផលិតផល ថែរក្សាស្បែកដែលមានសារធាតុគីមីខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សរសៃសក់ទើបជាការប្រសើរ។

២) ទទួលទានជាតិប្រូតេអ៊ីន

សរសៃសក់ដុះលូតលាស់អាស្រ័យដោយជាតិប្រូតេអ៊ីន ដូច្នេះដើម្បីកាត់បន្ថយអាការជ្រុះសក់ និងបណ្តុះសរសៃសក់បន្ថែម អ្នកគួរតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនឱ្យបានច្រើនរួមមានដូចជា៖ សាច់មាន់ ស៊ុត និងអាហារជាច្រើនមុខទៀត។ ជាពិសេសគួរតែបន្ថែមអាហារមានជាតិប្រូតេអ៊ីននៅក្នុងរបបចំណីអាហារពេលព្រឹក(ទំហំបាតដៃ) និងពេលថ្ងៃត្រង់ (ចំនួន១២០ក្រាម)។

៣) ការម៉ាស្សា

ការម៉ាស្សាស្បែកក្បាល អាចជួយជំរុញលំហូរឈាម និងបង្កើនការលូតលាស់នៃសរសៃសក់បាន។ អ្នកអាចធ្វើការម៉ាស្សាស្បែកក្បាលថ្នមៗ រាល់ពេលកំពុងតែកក់សក់ដោយប្រើដៃញី ឬអេះថ្នមៗម៉ាស្សាចុះឡើងជាការស្រេច។ អ្នកក៏អាចប្រើសាប៊ូដែលមានប្រយោជន៍សម្រាប់ជំនួយសរសៃសក់ផងដែរ ដើម្បីបង្កើនការបណ្តុះសក់ និងកាត់បន្ថយការជ្រុះសក់ឱ្យកាន់តែមានប្រសិទ្ធភាព។

៤) វីតាមីន D

សរសៃប្ញសសក់ ងាយនឹងប៉ះទង្គិចនឹងអរម៉ូនខ្លាំងណាស់។ ប៉ុន្តែវីតាមីន D បានដើរតួនាទីយ៉ាងសំខាន់ ដែលអាចជួយបង្កើនជាតិកាល់ស្យូមផ្តល់លំនឹងដល់សរសៃសក់ ថែមទាំងធ្វើឱ្យសរសៃសក់កាន់តែរឹងមាំផងដែរ។ ដូច្នេះអ្នកអាចទទួលបានវីតាមីន D តាមរយៈប៉ះពាល់កម្តៅថ្ងៃពេលព្រឹកឱ្យបាន១០នាទី ជារៀងរាល់ថ្ងៃ និងជាពិសេសអ្នកក៏អាចទទួលទានអាហារដែលសម្បូរទៅដោយជាតិវីតាមីន ​D បន្ថែមផងដែរ ដូចជា៖ ទឹកដោះគោជូរ ឈីស តៅហ៊ូ ស៊ុត និងត្រីសាល់ម៉ុងជាដើម ដើម្បីកាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសរសៃសក់កាន់តែឆាប់ដុះលូតលាស់។

៥) ជាតិស័ង្កសី

ជាតិស័ង្កសី ក៏ត្រូវបានគេយកមកប្រើប្រាស់ជារូបធាតុសំខាន់សម្រាប់ព្យាបាលអាការជ្រុះសក់ ថែមទាំងផ្តល់អង់ស៊ីមសំខាន់ៗជំនួយដល់ការលូតលាស់សរសៃសក់បានផងដែរ។ ដូច្នេះដើម្បីការពារ និងព្យាបាលសរសៃសក់អ្នកអាចទទួលទានរបបអាហារដែលសម្បូរទៅដោយជាតិស័ង្កសីរួមមាន៖ សូកូឡាខ្មៅ គ្រាប់ធញ្ញជាតិ គ្រាប់រុក្ខជាតិ សណ្តែក និងពពួកផ្សិតជាដើម៕