អបអរសាទរ! ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់ទី១របស់កម្ពុជា នឹងសាងសង់នៅដើមឆ្នាំ២០១៨នេះ

ក្រោយបញ្ចប់កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើកទី២ ថ្ងៃ​នេះ កម្ពុជា និង ចិន​ ចុះហត្ថលេខា​ សម្រេច​សាងសង់​ផ្លូវ​ល្បឿន​លឿន​បង្អស់​នៅ​កម្ពុជា។ ពិធី​ចុះហត្ថលេខា​ធ្វើ​ឡើង​ ក្រោម​អធិបតីភាពរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅ​នៅ វិមានសន្ដិភាព​ ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨។

លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គម្រោង​នេះ​ អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅ​ដើ​ម​ឆ្នាំ​២០១៨ និង​ចាត់​ទុក​ថា នេះគឺជាមោទនភាពមួយសម្រាប់​កម្ពុជា​ដែល​មាន​​ផ្លូវ​ល្បឿនលឿនទំហំធំ​បែប​នេះ។

ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​ គឺ​នឹង​សាងសង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ដែល​ក្នុង​​គម្រោង​បន្ថយ​នៅ​ត្រឹម​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។ គម្រោង​សាងសង់​ ក្រោម​កា​រ​វិនិ​យោគ របស់​​ក្រុម​ហ៊ុន​ចិន ក្នុង​ទំហំទឺកប្រាក់​ចំណាយ រហូត​ដល់ ១ ៦០០លាន​ដុល្លារ។​

​ឯកឧត្ដម​ ស៊ុន ចាន់ថុល ​ទេស​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ ធ្លាប់​បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ត្រឹម​តែ​ចំណេញ​ពេល​វេលា​ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង​។ ហើយ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ កុំ​បារម្ភ​មាន​គោ​ក្របី​ឆ្លង​កាត់ ព្រោះ​ផ្លូវ​នេះ​បិទ​របង​ជិត និង​​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ news.sabay