ពិតជាមិនធម្មតា! ឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបតូចៗចំនួន ៣១គ្រឿង ដើម្បីឃ្លាំមើលព្រំដែន
ប្រទេសឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបតូចៗចំនួន ៣១គ្រឿងតាមរយៈគ្រាប់រ៉ុកកែត PSLV-C40 ទៅកាន់ទីអវកាសនៅថ្ងៃទី១២ ខែមករានេះ ដើម្បីធ្វើឲ្យល្អប្រសើរឡើងនូវការឃ្លាំមើលព្រំដែន និងទទួលបានរូបភាពកាន់តែច្បាស់របស់ភពផែនដី។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះផ្កាយរណបទាំងនេះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងតំបន់ Sriharikota នៅភាគខាងត្បូងរដ្ឋ Andhra Pradesh។
សូមបញ្ជាក់ថា ក្នុងចំណោមផ្កាយរណបទាំង៣១គ្រឿង ក្នុងនោះគឺមានតែ១គ្រឿងប៉ុណ្ណោះដែលជារបស់ឥណ្ឌា និងជាផ្កាយរណបទី១០០ របស់ប្រទេសនេះ មានឈ្មោះថា Cartosat-2 Series។ ចំណែកផ្កាយរណប៣០គ្រឿងទៀតដែលត្រូវបានបាញ់បង្ហោះទៅកាន់គន្លងផែនដីជាមួយគ្នានោះ គឺជារបស់ប្រទេសចំនួន៦ រួមមាន អាមេរិក បារាំង ហ្វាំងឡង់ អង់គ្លេស កូរ៉េខាងត្បូង និងកាណាដា។
ផ្កាយរណបឥណ្ឌា ដែលត្រូវបានបាញ់បង្ហោះនាពេលកន្លងមក
អ្នកវិទ្យាសាស្រ្តនៅអង្គការ ISRO បានបញ្ជាក់ថា រូបភាពដែលប្រមូលដោយផ្កាយរណបទាំងនេះ នឹងត្រូវប្រើប្រាស់ដោយភា្នក់ងារសន្តិសុខឥណ្ឌា ក្នុងការតាមដានសកម្មភាពយោធារបស់ប្រទេសជិតខាងខ្លួន នៅតាមព្រំដែនដូចជា ប៉ាគីស្ថាន ចិន បង់ក្លាដែស ស្រីលង្កា និងនេប៉ាល់៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ kleykley.sabay