ហេតុផលទាំង៧ ដែលខ្ចីលុយពីធនាគារទៅរកស៊ី តែត្រូវបរាជ័យងើបមុខមិនរួច

ម្ចាស់អាជីវកម្មជាច្រើនបានសម្រេចចិត្តខ្ចីលុយពីធនាគារយកទៅពង្រីកមុខរបរ អ្នកខ្លះយកទៅចាប់ផ្តើមអាជីវកម្ម ប៉ុន្តែភាគច្រើននៃពួកគាត់គឺទទួលបរាជ័យក្នុងការរកស៊ី ហើយមានម្ចាស់អាជីវកម្មមិនតិចទេដែលត្រូវជំពាក់បំណុលធនាគារ ជាហេតុធ្វើឲ្យពួកគាត់អស់សង្ឃឹម និងពិបាកក្នុងការចាប់ផ្តើមអាជីវកម្មសាជាថ្មី។ តើកត្តាអ្វីខ្លះដែលនាំឲ្យអ្នកខ្ចីលុយពីធនាគារយកទៅរកស៊ីត្រូវបរាជ័យ?

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា (ACLEDA)

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីដា (ACLEDA) ធ្លាប់បានជួបសម្ភាសន៍ និងពិភាក្សាជាមួយម្ចាស់អាជីវកម្មដែលមកខ្ចីលុយពីធនាគាររបស់លោកជាច្រើនរូប បានបង្ហើបប្រាប់ពីមូលហេតុធំៗចំនួន៧ដែលលោកយល់ឃើញថា ជាមូលហេតុចម្បងដែលនាំឲ្យអ្នកខ្ចីលុយពីធនាគារទាំងនោះទទួលបរាជ័យក្នុងការចាប់ផ្តើម និងការរកស៊ីរបស់ពួកគេ។

១) ហេតុផលនៃការរកស៊ី

អ្នកចាប់ផ្តើមរកស៊ីមួយចំនួន មិនមានហេតុផលច្បាស់លាស់ណាមួយនៃការចាប់ផ្តើមរកស៊ីរបស់ខ្លួនឡើយ។ អ្នកខ្លះគ្រាន់តែយល់ថា រកស៊ីមុខរបរនេះ ឫ មុខរបរនោះវាទំនង វាងាយស្រួល ឃើញគេរកស៊ីចំណេញច្រើន រកស៊ីតាមគេ ឫ រកស៊ីគ្រាន់តែកុំឲ្យខ្លួនទំនេរ និងបាននៅជិតប្រពន្ធកូនជាដើម។ ហេតុផលទាំងនេះ មិនមែនជាមូលហេតុដ៏សាកសមក្នុងការចាប់ផ្តើមរកស៊ីឡើយ។

២) ខ្សោយផ្នែកគ្រប់គ្រង

អ្នករកស៊ីវ័យឆ្លាត មិនដែលធ្វើការងារទាំងអស់ដោយខ្លួនឯងឡើយ ព្រោះគាត់មិនមានសមត្ថភាព ឫ ជំនាញធ្វើការងារគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ។ ម្ចាស់អាជីវកម្មវ័យឆ្លាត នឹងប្រើប្រាស់ប្រព័ន្ធនៃការគ្រប់គ្រងដែលមានប្រសិទ្ធិភាព ដើម្បីគ្រប់គ្រងអាជីវកម្មឲ្យមានដំណើរការទៅមុខ ពិសេសរៀបចំប្រព័ន្ធគ្រប់គ្រងលើបុគ្គលិក។

៣) ខ្សោយខាងហិរញ្ញវត្ថុ

ក្រុមហ៊ុន ឫ អាជីវកម្មទាំងមូលអាចមានដំណើរការទៅមុខបានអាស្រ័យលើការគ្រប់គ្រងចរន្តសាច់ប្រាក់បានល្អ និងត្រឹមត្រូវ ពិសេសពេលមានបញ្ហាចំណូលតិចជាងចំណាយ តើត្រូវដោះស្រាយបែបណា? បើខ្សោយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុហើយ អាជីវកម្មទាំងមូលនឹងត្រូវដួលរលំក្នុងរយៈពេលដ៏ខ្លី។

៤) ទីតាំងអាជីវកម្ម

ទីតាំងក្នុងការរកស៊ីជាចំណុចដ៏សំខាន់មួយដែលមិនអាចមើលរំលងឡើយ អ្នកខ្លះរកស៊ីជ្រើសរើសទីតាំងដោយមិនបានសិក្សាទីផ្សារ និងភូមិសាស្ត្រឲ្យបានច្បាស់លាស់ ហើយជ្រើសរើសទីតាំងដែលខុសគោលដៅថែមទៀតផង។

៥) គ្មានគម្រោងច្បាស់លាស់

អ្នករកស៊ីជោគជ័យ និងអាចឈរជើងបានយូរ ជាអ្នករកស៊ីដែលមានគម្រោងផែនការអាជីវកម្មច្បាស់លាស់ ហើយមានចក្ខុវិស័យ និងឆន្ទៈខ្ពស់។ ប្រសិនបើអ្នករកស៊ី ដើម្បីតែប្រាក់ចំណូល ហើយរកស៊ីឲ្យតែរស់ អ្នកនឹងរកស៊ីដោយអោបជាប់ការលំបាកជានិច្ច។

៦) ពង្រីកមុនពង្រឹង

អាជីវកម្មដែលដួលរលំភាគច្រើន ខ្ចីលុយធនាគារយកទៅពង្រីកអាជីវកម្ម ពង្រីកសាខា ទាំងដែលអាជីវកម្មរបស់ខ្លួនមិនទាន់រឹងមាំ មិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ ដែលនេះបង្កឲ្យមានហានិភ័យដ៏ធំក្នុងការប្រកបអាជីវកម្ម ឫ ដំណើរការក្រុមហ៊ុន។

៧) ការផ្សព្វផ្សាយ

អាជីវកម្មរបស់អ្នកអាចជោគជ័យបានអាស្រ័យលើការផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងចំគោលដៅ។ ការផ្សព្វផ្សាយដែលមានប្រសិទ្ធិភាពនឹងជួយឲ្យមនុស្សគ្រប់គ្នាដឹងថាអ្នកកំពុងធ្វើអ្វី ហើយក៏ជួយស្វែងរកដៃគូអាជីវកម្ម ឫ អតិថិជនឲ្យអ្នកផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia