កសិករទាំង១៤រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក

ការងារអ្វីក៏ល្អដែរ សំខាន់ឱ្យតែធ្វើការងារច្បាស់លាស់ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជាក់ស្តែង Den-sharing បានដកស្រង់ចេញពីគេហទំព័រ agronomag និង luxatic បានចេញផ្សាយពីកសិករឆ្នើមចំនួន ១៤រូប ដែលជាកំពូលមហាសេដ្ឋីប្រាក់រាប់រយពាន់លានដុល្លារអាមេរិក។ អ្នកទាំងអស់ប្រាកដជាចង់ដឹងថាពីកសិករកំពូលរូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេជាក់ជាមិនខាន ដូចនេះ យើងខ្ញុំនឹងធ្វើការបង្ហាញពីទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីទាំងអស់នោះដូចខាងក្រោមនេះ៖

១៤) លោក Howard Buffett មានទ្រព្យសម្បត្តិសរុប ២០០ លានដុល្លារអាមេរិក

លោក Howard Buffett ជាកូនប្រុសរបស់កំពូលមហាសេដ្ឋីពាន់លានដុល្លារ Warren Buffet ហើយលោកជាកសិករគំរូពីជំនួញ និងនយោបាយ ហើយខាងវិស័យកសិកម្មជាដើម។ បន្ទាប់ពីឈប់រៀននៅមហាវិទ្យាល័យចំនួន ៣ លោកបានសម្រេចចិត្តដាំពោត និងសណ្តែក។ លោកធ្វើស្រែច្រើនដូចជានៅរដ្ឋអ៊ីលីនើស និងរដ្ឋណេប្រាស្កាជាមួយកូនប្រុសរបស់លោក។ លោកធ្វើស្រែបណ្តើេ លោកធ្វើការស្រាវជ្រាវបណ្តើរនៅរដ្ឋអារីស៊ូណា, រដ្ឋអ៊ីលីនើស និងប្រទេសអាហ្រ្វិកខាងត្បូងបណ្តើរ។ ការខិតខំនេះហើយបានធ្វើឱ្យរូបលោកក្លាយជាសេដ្ឋីរយលានដុល្លារ ដោយពុំចាំបាច់ទទួលមរតកពីឪពុករបស់លោកឡើយ។

១៣) គ្រួសារ Colin and Dale Armer មានទ្រព្យសម្បត្តិសរុប ៥៣៥ លានដុល្លារអាមេរិក

គ្រួសារត្រកូល Armer ជាកសិករគំរូ និងជាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅប្រទេសញូស៊ីឡេនទៅលើកសិដ្ឋានឈ្មោះ Dairy Holdings។ ពួកគេចាប់ផ្តើមជំនួញនេះតាំងពីឆ្នាំ១៩៩០មកម៉្លេះ ហើយឥលូវនេះគ្រួសារមួយនេះមានកសិដ្ឋានជាង ៥០កន្លែងដោយចិញ្ចឹមសត្វគោ។

១២) លោក Tony Perich មានទ្រព្យសម្បត្តិសរុប ៧៥០ លានដុល្លារអាមេរិក

Tony Perich និងប្អូនប្រុសរបស់លោក ទទួលបានមរតកកសិដ្ឋានពីឪពុកម្តាយរបស់ពួកគាត់។ កសិដ្ឋានបានបង្កើតឡើងនៅឆ្នាំ១៩៥១ ដោយផលិតទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋាននេះមានគោជាង ២,០០០ ក្បាល ហើយមានទីស្នាក់ការនៅទីក្រុង West Wyalong និងក្រុង Trangie នៃប្រទេសអូស្រ្តាលី។

១១) លោក Bao Hongxing មានទ្រព្យសម្បត្តិសរុប ១.៣ ពាន់លានដុល្លារអាមេរិក (មិនមានរូបថត)

លោក Bao Hongxing ជាប្រធានក្រុមហ៊ុនឯកជនមួយដ៏ធំជាងគេបំផុតនៅខេត្ត Jianxi នៃប្រទេសចិន។ លោកទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យកសិកម្ម Jianxi ហេតុនេះ ជុំរុញឱ្យរូបលោកចាប់អាជីពមួយនេះក្នុងវិស័យកសិកម្ម។​ ក្រុមហ៊ុនរបស់លោកបានផលិត, ស្រាវជ្រាវ និងលក់ចំណីជ្រូក តែក៏ក្រុមហ៊ុនមួយនេះមានកសិដ្ឋានចិញ្ចឹមជ្រូក ស្តុកទុកទំនិញ និងទិញស្រូវអង្ករផងដែរ។

១០) លោក Fu Guangming មានទ្រព្យសម្បត្តិសរុប ១.៥ ពាន់លានដុល្លារអាមេរិក

លោក Fu Guangming ជាប្រធានក្រុមហ៊ុន Fujian Sunner Development ហើយលោកបានឱ្យកូនស្រីរបស់លោកធ្វើជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុនរបស់លោក ជាអ្នកផ្គត់ផ្គង់ការចិញ្ចឹមមាន់ និងផ្តល់សាច់មាន់ ទៅឱ្យហាង KFC នៅក្នុងប្រទេសចិន  ថែមទាំងជាអ្នកផ្គត់ផ្គង់សាច់មាន់នៅក្នុងទីផ្សារក្នុងប្រទេសចិនផងដែរ។

៩) លោក Qin Yinglin មានទ្រព្យសម្បត្តិសរុប ២ ពាន់លានដុល្លារអាមេរិក

លោក Qin Yinglin ជាម្ចាស់ និងជាប្រធានក្រុមហ៊ុនឈ្មោះ Muyuan Foodstuff ដែលជាក្រុមហ៊ុនបង្កាត់ពូជសត្វជ្រូកធំជាងគេបំផុតនៅក្នុងប្រទេសចិន និងជាអ្នកផ្គត់ផ្គង់សាច់ជ្រូកធំជាងគេបំផុតនៅទីផ្សារលើពិភពលោក។ លោកមានជំនាញក្នុងការចិញ្ចឹមជ្រូកពីសាកលវិទ្យាល័យកសិកម្ម Henan ហើយចាប់ផ្តើមជំនួញរបស់លោកក្នុងឆ្នាំ១៩៩២ ដោយចិញ្ចឹមជ្រូកត្រឹមតែ ២២ ក្បាលគត់ជាលើកដំបូង ហើយក្រុមហ៊ុនមួយនេះដំណើរការតែក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះ។

៨) លោក Vadim Moshkovich មានទ្រព្យសម្បត្តិសរុប ២.៣ ពាន់លានដុល្លារអាមេរិក

លោក Vadim Moshkovich ចាប់ផ្តើមរកស៊ីដោយលក់ស្រា, ប្រេង និងផ្ទះល្វែងនៅឆ្នាំ១៩៩០ តែដើម្បីរកចំណូលបន្ថែម លោកសម្រេចចិត្តវិនិយោគទៅលើដី ដោយបង្កើតក្រុមហ៊ុនមួយឈ្មោះថា Rusagro ដែលជាក្រុមហ៊ុនផលិតសាច់ជ្រូក និងស្ករសក្នុងប្រទេសរុស្ស៊ី។ លោកចំណាយពេល៨ឆ្នាំនៅក្នុងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី តែលោកសម្រេចចិត្តលាឈប់វិញ។ លោកគឺជាប្រធានក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុន Rusagro តាំងពីឆ្នាំ២០១៥មកវិញ។ ក្រុមហ៊ុនរបស់លោកមានដីចំនួន ៦០០,០០០ ហិកតា ក្នុងប្រទេសរុស្ស៊ី ដែលលក់ផលិតផលទាំងនេះជាង ៨០ កន្លែងក្នុងប្រទេសរុស្ស៊ី និង១៥ប្រទេសនៅលើពិភពលោក។

៧) លោក Blairo Maggi មានទ្រព្យសម្បត្តិសរុប ៣ ពាន់លានដុល្លារអាមេរិក (កាលពីឆ្នាំ២០១២)

លោកជាកំពូលមហាសេដ្ឋីផ្នែកសិកម្ម ហើយលោកជាកូនប្រុសមហាសេដ្ឋីឈ្មោះ Andre Maggi ដែលបានបង្កើតក្រុមហ៊ុន Andre Maggi Group ដែលជាក្រុមហ៊ុនផលិតទឹកសណ្តែកធំជាងគេនៅលើពិភពលោក។ ក្រុមហ៊ុនមួយនេះ ត្រូវបានគ្រប់គ្រងដោយម្តាយរបស់លោក តែលោកមានភាគហ៊ុនសរុប ១៦% នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនមួយនេះ បានផលិតជី, ថាមពល, ជ័រកៅស៊ូ និងការដឹកជញ្ជូន។ លោក Blairo Maggi ត្រូវបានជាប់ឈ្មោះធ្វើជាចៅហ្វាយខេត្ត Mato Grosso នៃប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០០២។ សព្វថ្ងៃនេះ លោកជាតំណាងរាស្រ្តខេត្ត Mato Grosso ដោយធ្វើការទៅលើទីផ្សារ និងការពារកសិករពីការកាប់បំផ្លាញព្រៃឈើ។

៦) លោក Andrej Babis មានទ្រព្យសម្បត្តិសរុប ៣.៤ ពាន់លានដុល្លារអាមេរិក

សព្វថ្ងៃនេះ លោក Andrej Babis គឺជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសាធារណរដ្ឋឆេក។ លោកបានបង្កើតក្រុមហ៊ុនឈ្មោះថា Agrofert ដែលផ្តោតលើការដឹកជញ្ជូនជី និងបើកហាងលក់ម្ហូបនៅក្បែរឆ្នេរមួយនៅជិតប្រទេសបារាំង។ ក្រុមហ៊ុនមួយនេះបានបង្កើតជាច្រើនផ្នែកដោយផ្តោតលើឧស្សាហកម្មកសិកម្ម និងអាហារ ដោយគ្របដណ្តប់លើកសិដ្ឋានដីចំនួន ១០០,០០០ ហិកតា ក្នុងការផលិតស៊ុតចំនួនជាង ២៦៥ លានគ្រាប់ និង ចំណីសត្វចំនួន ៨៤០,០០០ តោនក្នុងមួយឆ្នាំ។

៥) លោក Harry Stine មានទ្រព្យសម្បត្តិសរុប ៣.៥ ពាន់លានដុល្លារអាមេរិក

លោក Harry Stine ត្រូវបានគេហៅឈ្មោះក្រៅថាជា “កសិករកុមារ” ដោយលោករកចំណូលពីការដាំពោត និងសណ្តែកសៀង ដោយបានដាក់ក្រុមហ៊ុនមួយឈ្មោះថា Syngenta។ លោកជាកូនកសិករម្នាក់ ហើយលោកចាប់អារម្មណ៍ការងារមួយនេះកាលពីលោកនូវជាកុមារមកម៉្លេះ។ ថ្វីបើហត់នឿយនឹងការងារនេះ តែគាត់មិនដែលទុកឱ្យបញ្ហាផ្សេងៗកើតឡើងជាដាច់ខាត ហើយគ្មានអ្វីកាត់ផ្តាច់មហិច្ឆតារបស់គាត់ឡើយ។ លោកជាមនុស្សដែលពូកែខាងគិតលេខ និងជាដោះស្រាយបញ្ហាមួយដ៏ពូកែ។ Syngenta គឺជាក្រុមហ៊ុនគ្រាប់ពូជឯកជនធំជាងគេបង្អស់នៅលើពិភពលោកដោយបានបង្កើតគ្រាប់ពូជសណ្តែកសៀងយ៉ាងច្រើន។

៤) ព្រះអង្គម្ចាស់ Al Kabeer មានទ្រព្យសម្បត្តិសរុប ៣.៨ ពាន់លានដុល្លារអាមេរិក

បើទោះបីជាខ្សែស្រឡាយស្តេច តែព្រះអង្គបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Almarai នៅក្នុងឆ្នាំ១៩៧៧ ដែលជាក្រុមហ៊ុនចិញ្ចឹម និងដឹកជញ្ជូនទឹកដោះគោទៅកាន់ប្រទេសផ្សេងៗ ក្នុងនោះព្រះអង្គមានកសិដ្ឋានចិញ្ចឹមសេះចំនួន ១០០ក្បាលផងដែរ។

៣) គ្រួសារ Stewart និង Lynda Resnick មានទ្រព្យសម្បត្តិសរុប ៤ ពាន់លានដុល្លារអាមេរិក

គ្រួសារមួយនេះ បានដាំផ្លែអាល់ម៉ុន, ផ្លែក្រូច និងទំពាំងបាយជូរក្នុងចំការរបស់ពួកគេនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងនៃរដ្ឋតិចសាស់ ដោយបង្កើតកសិដ្ឋានដាំនៅឆ្នាំ១៩៧៨ នៅពេលពួកគេបានទិញដីមួយកន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា។ បន្ថែមលើជំនួញកសិកម្មរបស់ពួកគេ គ្រួសារនេះ ក៏មានភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុន Kern Water ដែលជាកន្លែងផ្ទុកទឹកក្រោមដីធំបំផុតមួយនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាផងដែរ។

២) លោក Liu Yonghao មានទ្រព្យសម្បត្តិសរុប ៤.៦ ពាន់លានដុល្លារអាមេរិក

លោក Liu Yonghao បានបង្កើតក្រុមហ៊ុនឈ្មោះថា New Hope Group នៅឆ្នាំ១៩៨២ ដែលសព្វថ្ងៃនេះ កូនស្រីរបស់លោកជាប្រធានក្រុមហ៊ុន ដោយក្រុមហ៊ុនមួយនេះផ្តោតលើវិស័យកសិកម្ម និងការចិញ្ចឹមសត្វ។ ក្រុមហ៊ុនមួយនេះ មិនត្រឹមតែនៅចិនទេ តែថែមទាំងនៅប្រទេសជាច្រើនទៀត និងមានផលិតផលជាង ៥០០ប្រភេទ និងសាខានៅចុងឆ្នាំ២០១៣។ ក្រៅពីការចិញ្ចឹមសត្វ ក្រុមហ៊ុនមួយនេះក៏បានបង្កើតសេវាកម្ម និងផលិតផលគាំទ្រផ្សេងៗ ដូចជាចំណីអាហារ, ដាំដំណាំ និងការកែច្នៃម្ហូបអាហារផងដែរ។

១) លោក Liu Yongxing មានទ្រព្យសម្បត្តិសរុប ៦.៦ ពាន់លានដុល្លារអាមេរិក

លោក Liu Yongxing ជាបងបង្កើតលោក Liu Yonghao និងអ្នកបង្កើតក្រុមហ៊ុនមួយឈ្មោះថា East Hope Group នៅឆ្នាំ១៩៩៩០ ក្រោយពីចាកចេញពីក្រុមហ៊ុនប្អូនប្រុសរបស់លោក។ ក្រុមហ៊ុនមួយនេះ ផ្តោតលើការផលិតចំណីជ្រូក, មាន់, ទា និងត្រី ដោយមានទីផ្សារនៅប្រទេសចិន និងនៅក្រៅប្រទេសមួយចំនួនផងដែរដូចជា វៀតណាម, សិង្ហបុរី, ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ luxatic, agronomag