កម្ពុជា ត្រៀមបង្កើតការរៀនតាមអនឡាញ ហើយទទួលសញ្ញបត្រដូចសាកលវិទ្យាល័យដែរ

ភាគីចិនចង់បង្កើតឲ្យមានគម្រោងបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Online) ដល់កម្ពុជា ព្រមទាំងចេញជាវិញ្ញាបនបត្រ ឬឈានទៅដល់បរិញ្ញាបត្រ ដល់អ្នកសិក្សាផងដែរ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាជាមួយ គណៈប្រតិភូចិន លោក Jiang Hao ប្រធានក្រុមហ៊ុន Join capital Investment & Management co.,Ltd កាលពីថ្ងៃទី ទី១៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង (ពេលប្រជុំកន្លងមក)

ចំពោះការបណ្តុះបណ្តាលតាមប្រព័ន្ធនេះ គណៈប្រតិភូចិនបញ្ជាក់ថា ខ្លួនមានទាំងក្រុមបច្ចេកទេស និងថវិកាដើម្បីជំរុញ និងគាំទ្រឲ្យគម្រោងនេះទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ចំពោះភាគីចិន ដែលមានគម្រោងអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកទេស ពិសេសចង់បង្កើតគម្រោងបណ្តុះបណ្តាលបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ(Online) ព្រោះបច្ចេកវិទ្យានេះកំពុងមានការពេញនិយមចំពោះមនុស្សទូទៅលើសកលលោក។

(រូបតំណាង)

ឯកឧត្តមមានជំនឿថា ក្រោយគម្រោងនេះលេចជារូបរាងឡើង នឹងមានការគាំទ្រពីប្រជាជនកម្ពុជាក្នុងការសិក្សាលើមុខវិជ្ជាអនឡាញនេះ។

គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះនៅកម្ពុជា មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើផ្នែកនោះប៉ុណ្ណោះទេ តែវានឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

ចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំណូមពរដល់គណៈប្រតិភូចិន សូមបកប្រែជាភាសារខ្មែរចិនចំពោះឯកសារមេរៀនទាំងឡាយ ដើម្បីងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានតែជាភាសាចិន និងភាសាអង់គ្លេសប៉ុណ្ណោះ ជាពិសេសជម្រុញឲ្យចេញជាវិញ្ញាបនបត្រ ឬឈានទៅដល់បរិញ្ញាបត្រ ដល់អ្នកសិក្សាផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia