ស្វាយចន្ទីខ្មែរកាន់តែត្រូវប៉ាន់ នៅពេលវៀតណាមត្រូវការ ១លានតោនក្នុងមួយឆ្នាំ

បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយវៀតណាម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសង្ឃឹមថា ស្វាយចន្ទីខ្មែរនឹងមានតម្រូវការទីផ្សារ ១ លានតោនក្នុងមួយឆ្នាំ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា កាលពីឆ្នាំ២០១៦ កម្ពុជាមានលទ្ធភាពផលិតស្វាយចន្ទីបានប្រមាណ ១០៤,០០០ តោន ហើយតាមរយៈអនុស្សារណៈយោគយល់គ្នានាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងព្យាយាមផ្សព្វផ្សាយដល់ប្រជាកសិករ និងក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងឡាយឲ្យធ្វើការដាំដុះដំណាំស្វាយចន្ទី ហើយសង្ឃឹមថានាពេលខាងមុខនេះកម្ពុជានឹងមានលទ្ធភាពផលិតស្វាយចន្ទីបានគ្រប់ ១ លានតោន តាមតម្រូវការទីផ្សារ។

គួរបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណង ជំរុញការផលិតកម្មស្វាយចន្ទីនៅកម្ពុជា ការផ្ទេរបច្ចេកទេសប្រមូលផលនិងឃ្លាំងសម្ងួត ជំរុញការវិនិយោគ ការផ្សារភ្ជាប់រវាងអ្នកដាំទៅនឹងទីផ្សារ លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះលោកឧកញ៉ា ឡេង ឫទ្ធី តំណាងសមាគមស្វាយចន្ទីវៀតណាមប្រចាំកម្ពុជា លើកឡើងថា សមាគមនឹងចាប់ដៃគូសហការជាមួយក្រុមហ៊ុន សេវេនអេនជីគ្រុប នៅកម្ពុជា ដើម្បីធ្វើការដាំសាកល្បងនូវប្រភេទពូជស្វាយចន្ទីវៀតណាម នៅលើផ្ទៃដីប្រមាណ ៧ ហិកតា ដើម្បីជាការដាំបង្ហាញដល់ប្រជាកសិករ និងសម្រាប់ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពិសោធន៍ពូជស្វាយចន្ទីផងដែរ។

ជាចុងក្រោយ លោកឧកញ៉ាក៏បានបង្ហាញពីភាពជឿជាក់ថា កម្ពុជាមានសមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងការផលិតស្វាយចន្ទីបាន ១ លានតោន ព្រោះកម្ពុជាជាប្រទេសដែលមានអំណោយផលទាំងធនធានទឹក និងដី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia