ក្រុមហ៊ុនទាំង៥ ដែលលក់សិទ្ធិអាជីវកម្ម (Franchise) ដាច់ជាងគេបំផុតនៅលើពិភពលោក

ការធ្វើអាជីវកម្មបែប Franchise (លក់សិទ្ធិអាជីវកម្ម) បានកំពុងរីកសាយភាយយ៉ាងខ្លាំងនៅពាសពេញពិភពលោកក្នុងរយៈប៉ុន្មានសតវត្សន៍ចុងក្រោយនេះរួមទាំងប្រទេសកម្ពុជាផងដែរ។​ អាជីវកម្មដែលអាចលក់ចែកចាយសិទ្ធិធុរៈកិច្ច Franchise បានគឺជាអាជីវកម្មដែលអាចទទួលបានភាពជោគជ័យឆាប់រហ័ស និងអាចពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនបានយ៉ាងទូលំទូលាយ។

ខាងក្រោម Business Cambodia សូមលើកយកអាជីវកម្មដែលទទួលបានជោគជ័យខ្លាំងលើការលក់ Franchise បានច្រើនជាងគេបំផុតទាំង៥ លើពិភពលោកនាពេលបច្ចុប្បន្ន៖

១) ម៉ាត 7-ELEVEN

7-ELEVEN គឺជាម៉ាតលក់ទំនិញរាយដ៏ល្បីល្បាញបំផុតលើពិភពលោក ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩២៧ ហើយបច្ចុប្បន្នកំពុងបើកដំណើរការជាង ៥៥,០០០ហាង ជុំវិញពិភពលោក។

តាមរបាយការណ៍ចេញដោយសារព័ត៌មាន BBC បានឲ្យដឹងថាម៉ាតសិទ្ធិអាជីវកម្មនេះអាចលក់សិទ្ធិរបស់ខ្លួនបានរហូតដល់ជាង ៨៤ពាន់លានដុល្លារនៅទូទាំងសកលលោក ហើយក៏ត្រូវបានចាត់ទុកជាអាជីវកម្មដែលអាចលក់សិទ្ធិធុរៈកិច្ចរបស់បានច្រើនបំផុតលេខ២ បន្ទាប់ពីហាងប៊ឺហ្គឺ McDonald’s។ គួរបញ្ជាក់ថា នៅក្នុងតំបន់អាស៊ាន ប្រទេសហ្វីលីភីនគឺជាប្រទេសដែលមានហាង 7-ELEVEN ច្រើនជាងគេបំផុតរហូតដល់ជាង ១០,០០០ហាង តាមពីក្រោយប្រទេសថៃ មានជាង ៨,០០០ហាងកំពុងប្រតិបត្តិការទូទាំងប្រទេស។

២) ហាង McDonald’s

McDonald’s គឺជាហាងលក់ប៊ឺហ្គឺល្បីល្បាញបំផុតមួយលើពិភពលោកដែលអាចរកចំណូលបានច្រើនរហូតដល់ ៩០ពាន់លានដុល្លារអាមេរិក នៅជុំវិញពិភពលោកពីការលក់សិទ្ធធុរៈកិច្ចរបស់ខ្លួន។ ហាង McDonald’s ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ បច្ចុប្បន្នកំពុងបើកប្រតិបត្តិការប្រមាណជាង ៣៣, ០០០ហាង ពាសពេញពិភពលោក។ គួរបញ្ជាក់ថាហាង McDonald’s មិនទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ អាចដោយសារប្រទេសកម្ពុជានៅមានទីផ្សារតូចនៅឡើយ ជាពិសេសហាងល្បីមួយនេះគឺមានតម្លៃសិទ្ធិធុរៈកិច្ចថ្លៃ ជាមួយលក្ខខណ្ឌដ៏តឹងតែង។

៣) ហាង KFC

អ្នកគ្រប់គ្នាប្រហែលជាស្គាល់ហើយហាងមាន់បំពង KFC ដែលមានឈ្មោះពេញថា Kentucky Fried Chicken កំពុងបើកដំណើរនៅ ១១៥ ប្រទេស រួមទាំងកម្ពុជាផងដែរ។ KFC ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៣០ សព្វថ្ងៃកំពុងបើកដំណើរជាង ១៨,៨០០ហាង នៅជុំវិញពិភពលោក។ តាមការប៉ាន់ប្រមាណមានអតិថិជនចូលញាំជាងមធ្យម ១២លាននាក់ជាងរៀងរាល់ថ្ងៃ និងជាង​១៨៥លាននាក់ក្នុងមួយសប្តាហ៍ទូទាំងសកលលោក ។

៤) ហាង SUBWAY

Subway គឺជាហាងលក់នំសាន់វិច (Sandwich) ដ៏ល្បីល្បាញបំផុតរបស់អាមេរិក និងជាហាងដែលបានបោះលក់ Franchise បានច្រើនជាងគេលំដាប់ទី៤លើពិភពលោក។ ផ្តើមចេញពីដើមទុនខ្ចីគេប្រមាណ ១,០០០ ដុល្លារអាមេរិក  លោក Fred DeLuca ស្ថាបនិកហាង Subway ផ្តើមបង្កើតហាងនេះឡើងដំបូងនៅឆ្នាំ ១៩៦៥  ដើម្បីបើកហាងលក់នំសាន់វិចនេះ​ នៅក្នុងទីក្រុងBridgeport រដ្ឋ Connecticut សហរដ្ឋអាមេរិក។ បច្ចុប្បន្នហាងសាន់វិច SUBWAY កំពុងបើកដំណើរការជាង ៤២,០០០ ហាង ទូទាំងសកលលោក ប៉ុន្តែទោះជាយ៉ាងណាហាងដ៏ល្បីមួយនេះមិនទាន់មានវត្តមាននៅលើទឹកដីកម្ពុជានៅឡើយទេ។

៥) ហាង Burger King

ហាងលក់ប៊ឺហ្គឺ Burger King គឺជាហាងបែបលក្ខណៈ Franchise ដែលអាចលក់សិទ្ធិធុរៈកិច្ចរបស់ខ្លួនបានច្រើនបំផុតជាប់ចំណាត់ទី៥ ដែលមានហាងកំពុងបើកប្រតិបត្តិការប្រមាណជាង ១៣,០០០ ហាង ជុំវិញពិភពលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia