អស្ចារ្យ! Drone បានជួយសង្គ្រោះយុវវ័យ​ពីរ​រូបលើកដំបូងបំផុត ​នៅប្រទេសអូស្រ្តាលី (វីដេអូ)

​​​កាល​ពី​ថ្មីៗ​នេះ​ Drone សង្គ្រោះ​ដែល​ប្រចាំ​ការ​នៅ​តំបន់​ឆ្នេរ​ខ្សាច់​ Lennox Head រដ្ឋ​ New South Wales ប្រទេស​អូស្ត្រាលី បាន​ជួយ​សង្គ្រោះ​យុវវ័យ​ពីរ​រូប​ ដែល​មាន​វ័យ​ ១៥ ឆ្នាំ​ និង ១៧ ឆ្នាំ។

តាម​រយៈ​វីដេអូ​ដែល​ថត​បាន​ដោយ​ Drone សង្គ្រោះ​បាន​បង្ហាញ​ថា​ Drone បាន​ហោះ​ទៅ​​រក​យុវវ័យ​ដែល​កំពុង​រងគ្រោះ​ទាំង​ពីរ​​ក្រោម​ការ​បញ្ជា​របស់​ឆ្មាំ​សមុទ្រ និង​បាន​ទម្លាក់​​ពោង​សង្គ្រោះ​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​ឲ្យ​ពួក​គេ​តោង។

Josh Barilaro អនុប្រធាន​នៃ​រដ្ឋ​បាន​និយាយ​ថា នេះ​ជា​ការ​ជួយ​សង្គ្រោះ​លើក​ដំបូង​បង្អស់​ហើយ​។ លោក​បាន​លើក​ឡើង​ដូច​នេះ​ថា ៖ “ពិត​ជា​អស្ចារ្យ​មែន​ទែន​ ដែល​ការ​បណ្ដាក់​ទុន​ក្នុង​បច្ចេកវិទ្យា​នេះ​របស់​រដ្ឋ​ New South Wales អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​ពីរ​នាក់។ កន្លង​មក​មិន​ធ្លាប់​មាន​ការ​ប្រើ​ Drone បំពាក់​ឧបករណ៍​សង្គ្រោះ​ ទៅ​ជួយ​សង្គ្រោះ​មនុស្ស​បែប​នេះ​ទេ”។

Jai Sheridan ជា​ឆ្មាំ​សមុទ្រ​ដែល​បាន​បញ្ជា​ Drone បាន​លើក​ឡើង​ថា ​ជា​ធម្មតា​​ឆ្មាំ​សមុទ្រ​​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​នេះ​ប៉ុន្មាន​នាទី ដើម្បី​ធ្វើ​ដំណើរ​ទៅ​សង្គ្រោះ​មនុស្ស ប៉ុន្តែ​ជា​មួយ​ Drone គេ​ប្រើ​ពេល​តែ​ ៧០ វិនាទី​ប៉ុណ្ណោះ។

​​​​​Drone ដែល​គេ​ប្រើ​សម្រាប់​សង្គ្រោះ​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ “Little Ripper” ដែល​​វា​ជា​ផ្នែក​មួយ​​នៃ​​យុទ្ធនាការ​ការពារ​មនុស្ស​ពី​ត្រី​ឆ្លាម​ ដោយ​ប្រើ​ប្រាស់​រូបមន្ត​ដើម្បី​​អាច​ចំណាំ​ត្រី​ឆ្លាម​បាន​ដោយ​ស្វ័យប្រវត្តិ​ ​ហើយ​​ផ្ដល់​ជា​សញ្ញា​អាសន្ន​ដល់​មនុស្ស៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ news.sabay