អបអរសាទរ! កម្ពុជា នឹងមានរោងចក្រផលិតកែច្នៃផ្លែឈើស្រស់ដំបូងគេ នៅខេត្តកំពង់ស្ពឺ

រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ដំបូងគេរបស់កម្ពុជាត្រូវបានសម្ពោធការដ្ឋានសាងសង់ឡើងនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគពីភាគីកម្ពុជា និងប្រទេសកូរ៉េ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករាឆ្នាំ២០១៨។

រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ ជារោងចក្រច្នៃផ្លែឈើដំបូងគេរបស់ប្រទេសកម្ពុជា ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ តំណាងក្រុមហ៊ុនពាក់ព័ន្ធ រួមទាំងមន្ត្រី និងវិនិយោគិនពាក់ព័ន្ធជាច្រើនរូបទៀត។

យើងអាចរំពឹងថា រោងចក្រកែច្នៃនេះ​អាចជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាបានច្រើន ដោយសារតែកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យនេះ ហើយមិនបារម្ភរឿងវត្ថុធាតុដើមនោះ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃកសិកផល ក៏អាចមានតម្លៃកើនឡើងជាងមុនផងដែរ ដែលអាចជួយជំរុញទឹកចិត្តឲ្យកសិករខ្មែរយើងបង្កើនការដាំដុះបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូបតំណាងសកម្មភាពកន្លងមក)

មិនត្រឹមតែជួយលើកកម្ពស់វិស័យកសិកម្មនោះទេ តែរោងចក្រនេះ អាចផ្តល់ជំនាញបច្ចេកទេសដល់កម្មករខ្មែរ និងកម្លាំងពលកម្មជាច្រើននាក់ ទាំងប្រយោល និងផ្ទាល់។ សម្រាប់ទំហំនៃការវិនិយោគ មិនទាន់ត្រូវបានទម្លាយព័ត៌មានឲ្យដឹងជាសាធារណៈនៅឡើយទេ៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ business-cambodia