ភិក្ខុ គូ សុភាព! គន្លឹះ​វ័យឆ្លាត១០​ចំណុច ដើម្បី​រៀនឱ្យពូកែ និងក្លាយជាសិស្សឆ្នើមជាប់និទ្ទេស “A”

ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​

និទ្ទេស A គឺជា​កម្លាំងចិត្ត​សម្រាប់​អ្នកសិក្សា និង​សមាជិកគ្រួសារ ប៉ុន្តែ មុននឹង​ប្រឡង​បាន​និទ្ទេស​A មិនមែនជា​ការងារ​ស្រួល​ប៉ុន្មាន​ទេ​។ បើ​ចង់​រៀន​យក​និទ្ទេស​ល្អ គេ​មិនគួរ​មើលរំលង​ចំណុច​១០​យ៉ាង​ខាងក្រោម​នេះឡើយ​ ពីភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។

១) មក​រៀន​ទៀងទាត់​៖ អ្នកសិក្សា​គួរ​ចេះ​ស្តាយ​ម៉ោង​រៀន ត្រូវ​ហ៊ាន​លះបង់​ការសប្បាយ​ផ្សេងៗ និង​ទម្លាប់ខ្លួន​ស្រឡាញ់​ការសិក្សា​ជាង​អ្វី​ផ្សេងៗ​។

២) កុំ​ទុក​កិច្ចការ​ចោល​៖ ពេល​គ្រូ​ដាក់​កិច្ចការ​ឲ្យ កុំ​ទម្លាប់​ពន្យា​ពេល ត្រូវធ្វើ​ឲ្យ​ហើយ បើ​ការងារ​លំបាក​គឺត្រូវធ្វើ​បន្តិច​ម្តងៗ​។

៣) ក្លាហាន ហ៊ាន​សួរ ហ៊ាន​ឆ្លើយ ធ្វើ​ដូច្នេះ គ្រូ​ឆាប់​ស្គាល់មុខ ហើយ​ចាប់អារម្មណ៍​មកលើ​យើង​។

៤) ប្រសិនបើ​គ្រូ​ប្រាប់​ឲ្យ​ធ្វើ​កិច្ចការងារ​ដើម្បី​យក​ពិន្ទុ​បន្ថែម កុំ​ខ្ជិល ព្រោះ​អ្នកនឹង​បាន​ចំណេះដឹង​បន្ថែម ហើយ​គ្រូ​ក៏​សប្បាយចិត្ត​។

៥) កត់ត្រា​៖ កុំ​រំពឹង​ខួរក្បាល ត្រូវមាន​ប៊ិច មាន​សៀវភៅ ដើម្បី​កត់ត្រា​ចំណាំ។

៦) សេពគប់​អ្នករៀន ពីព្រោះយើង​មានឱកាស​រៀន​ពី​គេ​បាន​បន្ថែម​។ សួរ​គេ បើ​មិនចេះ កុំ​ខ្លាច​គេ​ថា​អន់​។

៧) ផ្ចិតផ្ចង់​កិច្ចការ ដោយ​ធ្វើការ​ឲ្យ​អស់​សមត្ថភាព កុំ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​។ ត្រូវ​ចាំ​ថា គ្រូ​ដឹង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក តាមរយៈ​កិច្ចការ​របស់​អ្នក​។

៨) យល់​បំណង​គ្រូ តាមរយៈ​សួរ​រៀមច្បង​ពី​ការ​អធ្យាស្រ័យ​របស់​គ្រូ វា​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការងារ​បានល្អ​។​

៩) ត្រូវមាន​ភាពជឿជាក់ មាន​ក្តី​សង្ឃឹមលើ​ការប្រឹងប្រែង​។ អ្នក​ពិតជា​អាចទៅរួច ឲ្យ​តែ​អ្នក​ប្រឹងប្រែង បើ​គេ​ធ្វើបាន​អ្នក​ក៏​អាច​ធ្វើបាន​។

១០) កំណត់​គោលដៅ ដោយ​ត្រូវ​តាំងចិត្ត​យក​និទ្ទេស​Aឲ្យ​បាន៕

ប្រភព​៖ «​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​» រៀបរៀង ដោយ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ សារព័ត៌មាន​ថ្មីៗ ទទួលបាន​សិទ្ធិ​ក្នុង​ផ្សព្វផ្សាយ​សៀវភៅ​នេះ ពី​ភិក្ខុ គូ សុភាព​។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey