ឈប់រៀនអាយុ ១៥ឆ្នាំ មកធ្វើការ ២២ ម៉ោងក្នុងមួយថ្ងៃ តស៊ូខ្លាំងរហូតក្លាយជាសេដ្ឋីលេខ១នៅហុងកុង

កំពូលមហាសេដ្ឋីហុងកុងពាន់លានដុល្លារអាមេរិកលោក លី កាស៊ីង ជាសេដ្ឋីដែលមានប្រវត្តិតស៊ូខ្លាំង ហើយសព្វថ្ងៃនេះ លោកជាប់ចំណាត់ថ្នាក់លេខ១នៅហុងកុង ពីព្រោះជាបុគ្គលជោគជ័យដែលមានទ្រព្យសម្បត្តិសរុប ៣៧.៦ ពាន់លានដុល្លារអាមេរិក។

(រូបកណ្តាល) លោក លី កាស៊ីង ជាសេដ្ឋីដែលមានជាងគេលេខ១នៅហុងកុង

លោក លី កាស៊ីង កើតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ១៩២៨ ដែលស្ថិតនៅទីក្រុង Chaozhou នៃខេត្ត Guangdong ក្នុងប្រទេសចិន។ លោកបានរៀបការជាមួយលោកស្រី Chong Yuet Ming នៅឆ្នាំ១៩៦៣ តែលែងលះគ្នាវិញនៅឆ្នាំ១៩៩០ ដោយទទួលបានកូនចំនួន ០២នាក់។

បន្ទាប់ពីឪពុករបស់លោកបានស្លាប់ទៅ លោកបង្ខំចិត្តឈប់រៀននៅអាយុ១៥ឆ្នាំ ខណៈពេលលោកកំពុងរៀននៅថ្នាក់វិទ្យាល័យ ដើម្បីទៅធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្មផ្លាសិ្ទក ហើយលោកខិតខំធ្វើការរហូតដល់ ២២ម៉ោងក្នុងមួយថ្ងៃ។ នៅឆ្នាំ១៩៥០ លោកបានបង្កើតក្រុមហ៊ុន Cheung Kong ដែលជាក្រុមហ៊ុនផលិតផ្លាស្ទិក បន្ទាប់មកលោកបានអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះបន្ថែមទៀតទៅជាក្រុមហ៊ុនអចលនទ្រព្យ, ហិរញ្ញវត្ថុ, លក់ទំនិញ, មធ្យោបាយធ្វើដំណើរ និងថាមពល ដើម្បីវិនិយោគនៅក្នុងទីក្រុងហុងកុង នៅឆ្នាំ១៩៧១។ បន្ទាប់មកលោកបន្តទិញក្រុមហ៊ុន Hutchison Whampoa នៅឆ្នាំ ១៩៧៩ និងក្រុមហ៊ុន Hongkong Electric Holdings Limited នៅឆ្នាំ១៩៨៥។

ទីស្នាក់ការក្រុមហ៊ុន Cheung Kong ដែលជារបស់លោក លី កាស៊ីង

ទីស្នាក់ការក្រុមហ៊ុន Cheung Kong ដែលជារបស់លោក លី កាស៊ីង

សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោក មានបុគ្គលិកចំនួន ៣១០,០០០ នាក់ ដែលមានទីតាំងក្រុមហ៊ុនជាង ៥០ប្រទេសនៅលើពិភពលោក។ ថ្វីត្បិតតែលោកជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៣៧.៦ ពាន់លានដុល្លារអាមេរិក តែរូបលោកបានបង្កើតមូលនិធិ Li Ka Shing នៅឆ្នាំ១៩៨០។ មកដល់ពេលនេះ លោកបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួនរបស់លោកចំនួនជាង ២.៦ ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិរបស់លោក ដើម្បីជួយមនុស្សនៅលើពិភពលោក (ជាង ៨០% នៃលុយរបស់លោកដែលបានបរិច្ចាគ គឺជួយនៅក្នុងប្រទេសចិន)៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, forbes