ពិតជាមិនធម្មតា! ហុងដាគុប ២០១៨ តម្លៃ ២,២៥០ ដុល្លារ ទើបមកដល់សោះ លក់ដាច់គ្មានសល់

Honda SuperCup ជា​ម៉ូតូ​ល្បី​​ច្រើន​ជំនាន់​​មកហើយ។ ម៉ូតូ​ Classic ដែល​ជា​ស៊េរី​ថ្មី​ឆ្នាំ ២០១៨ ទើប​នឹង​ឃើញ​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​​ក្នុង​ស្រុក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​បើ​តាម​ហាង​នាំ​​ចូល​មួយ​ប្រាប់​ថា លក់​​ដាច់​ស្តុក​បាត់​ទៅ​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ទួត សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ​ប្រាប់​ថា “និយាយ​ទៅ ម៉ូតូ​ហ្នឹង​ស្អាត​ទាក់​ភ្នែក​ម្យ៉ាង​ដែរ គ្រាន់​តែ​យក​មក​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក៏​លក់​អស់។ ម្យ៉ាង​ខាង​លោក​យក​មក​តែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ មិន​ហ៊ាន​យក​ច្រើន​ប៉ុន្មាន​ទេ តែ​ឃើញ​គេ​មក​រក​ចង់​បាន​ម៉ូតូ​នេះ​ច្រើន​គ្នា​ដែរ​ហ្នឹង!”

ចំពោះ​តម្លៃ​ខ្ទង់​ប្រមាណ​ជា ២,២៥០ ដុល្លារ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។ បើ​ក្រឡេក​មើល​ប្រទេស​ជិតខាង​តម្លៃ​ខុស​គ្នា​ពោល​គឺ​តម្លៃ ១,៥៥០ ដុល្លារ​(នៅ​វៀតណាម) នៅ​ថៃ​ប្រមាណ ១,៤៧០ ដុល្លារ។

ម៉ូដែល​ថ្មី Super Cub នៅ​តែ​រក្សា​រូបរាង​​ស្ទើរ​ដូច​មុន​ដដែល ប៉ុន្តែ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​​ដូច​ជា​មាន​ភ្លើងស៊ីញ៉ូ​ជា​ប្រភេទ​ភ្លើង​ LED មាន​ធុង​សាំង​ចំណុះ​ ៤,២ លីត្រ បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី ស៊ី​សាំង​តិច​ជាង​មុន(PGM-Fi) ដោយ​ ១ លីត្រ​ ជិះ​បាន​ ៦០ គ.ម មាន​កន្លែង​ចាក់​សោរ​បើក​កែប​ប្លែក​ជាង​មុន។

អាគុប​ស៊េរី​ថ្មី​កម្លាំង​ម៉ាស៊ីន ១១០ សេសេ​ មាន​ពណ៌​ជា​ច្រើន​ដូចជា ពណ៌​បៃតង-ស, ពណ៌​ខៀវ-ស, ក្រហម-ស, លឿង-ស, ផ្កាឈូក-ស និង ពណ៌​ទឹកដោះ​គោ-ស៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay