សត្វ​ខ្លា Eastern Puma ត្រូវបានប្រកាសថា ស្លាប់ផុតពូជអស់ហើយ

សត្វ​ខ្លា​ភាគ​ខាង​កើត Eastern Cougar ឬ Eastern Puma ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ Michigan ទៅ​រដ្ឋ South Carolina ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​ថា​ផុត​ពូជ​ហើយ និង​បាន​ដក​ចេញ​ពី​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ច័ន្ទ​នេះ រយៈពេល ៨០ ឆ្នាំ បន្ទាប់​ពី​ការ​ប្រទះ​ឃើញ​ចុង​ក្រោយ​បង្អស់។

យោង​តាម​ភ្នាក់ងារ U.S. Fish and Wildlife Service បាន​ឲ្យ​ដឹង​ថា សត្វ​ខ្លា​ដ៏​ធំ​ដែល​គេ​ហៅ​ឈ្មោះ​ជា​ច្រើន​ដូចជា Mountain Lion, Puma ឬ Panther នេះ ធ្លាប់​បាន​ដើរ​ត្រាច់ចរ​នៅ​ទន្លេ Mississippi River របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​រហូត​ដល់​ឆ្នាំ ១៩០០ ពួកវា​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ទាំង​អស់ ដោយសារតែ​ការ​បរ​បាញ់ និង​អន្ទាក់​ចាប់​សត្វ​ព្រៃ។

ជាមួយ​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​ខាង​លើ​បាន​បើក​ការ​ពិនិត្យ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ នៅ​ឆ្នាំ ២០១១ ទៅ​លើ​ស្ថានភាព​នៃ​សត្វ​ខ្លា​នេះ ដោយ​រក​ឃើញ​ថា​ពួកវា​មួយ​ចំនួន​នៅ​តែ​រស់​នៅ​ភាគ​ខាង​លិច​នៃ​សហរដ្ឋអាមេរិក និង តិចតួច​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ដី​សើម Everglades របស់​រដ្ឋ Florida។

ផ្ទុយទៅវិញ នៅ​ឆ្នាំ ២០១៥ អ្នក​ជីវសាស្ត្រ​សត្វ​ព្រៃ បាន​សន្និដ្ឋាន​ថា សត្វ​ខ្លា Eastern Puma លែង​ស្ថិត​ក្រោម​ការ​ធានា​ការពារ​ក្រោម​ច្បាប់​សត្វ​ដែល​ជិត​ផុត​ពូជ​ទៀត​ហើយ។ រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ គេ​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ថា​វា​ផុត​ពូជ​បាត់​ទៅ​ហើយ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា សត្វ​ខ្លា​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជិត​ផុត​ពូជ តាំង​ពី​ឆ្នាំ ១៩៧៣ មក​ម្ល៉េះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!