ប្រធានាធិបតីអាមេរិក Richard Nixon សុំឱ្យ លីលានជា ធ្វើជាអង្គរក្សរូបលោក តែត្រូវ ……

តារាភាពយន្តចិនល្បីល្បាញភាគច្រើនសុទ្ធតែចេះក្បាច់គុណមិនថាក្នុងឆាក និងក្រៅឆាក។ ជាក់ស្តែងតារាភាពយន្ត កុំកុំ, ឈិនឡុង, អាម៉ាប់, លី​សៀវឡុង និងតារាភាពយន្តជាច្រើនទៀត សុទ្ធតែចេះក្បាច់គុណ និងសុទ្ធតែទទួលបានមេដៃ និងខ្សែក្រវ៉ាត់ពីក្បាច់គុណផងដែរ ហើយជាពិសេសអាចការពារខ្លួនឯង និងអ្នកដទៃដែលនៅជុំវិញខ្លួនពីសត្រូវផងដែរ។ ដូចនេះ ថ្ងៃនេះ den-sharing នឹងធ្វើការបង្ហាញពីតារាក្បាច់គុណចិនមួយរូបដែលមានសមត្ថភាពក្បាច់គុណខ្លាំង ដែលធ្វើឱ្យអ្នកដទៃពេញចិត្ត និងចង់បានមកធ្វើជាកងអង្គរក្សផងដែរ។

លោក លី លានជា ជាតារាក្បាច់គុណចិនដ៏ល្បីល្បាញ កើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ១៩៦៣ ក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន។ លោកបានរៀបការចំនួន ២ ដង (លើកទី ១ ជាមួយលោកស្រី Huang Qiuyan នៅឆ្នាំ ១៩៨៧ ដោយលែងលះគ្នានៅឆ្នាំ ១៩៩០ និងលើកទី ២ ជាមួយលោកស្រី Nina Li Chi នៅឆ្នាំ ១៩៩៩ មកដល់បច្ចុប្បន្ន ដោយលោកមានកូន ស្រី ០៤ នាក់ មានឈ្មោះ Si, Taimi, Jane និងJada) ហើយលោក លី លានជា មានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។

ក្រុមក្បាច់គុណ wushu កាលលោក លីលានជា នៅជាកុមារ

លោក លីលានជា កាលនៅជាកុមារ

លោក លីលានជា ទទួលបានមេដាយមាសចំនួន ១៥ និងមេដាយប្រាក់ចំនួន ០១ នៃក្បាច់គុណ Wushu កាលពេលនៅប្រគួត។ នៅឆ្នាំ១៩៧៤ ក្រុមក្បាច់គុណ wushu បានទៅបង្ហាញក្បាច់គុណនៅប្រទេសអាមេរិក កាលនោះលោក លី លានជា មានអាយុត្រឹម១១ឆ្នាំប៉ុណ្ណោះ ខណៈរូបលោក (លានជា) តំណាងឱ្យអ្នកក្បាច់គុណចិនទាំងមូល។ បន្ទាប់ពីសំដែងចប់ លោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកទី ៣៦ បានសួរទៅ លី លានជា ថា៖ “ក្មេងប្រុស! ក្បាច់គុណកុងផ្វូរបស់ឯង គួរឱ្យចាប់អារម្មណ៍ណាស់ តើឯងចង់ក្លាយជាអង្គរក្សរបស់ខ្ញុំទេ នៅពេលធំឡើង?”។ ភ្លាមៗនោះ លោក លីលានជា បានឆ្លើយថា “ទេ! នៅពេលខ្ញុំធំឡើង ខ្ញុំមិនចង់ការពារនរណាម្នាក់ជាបុគ្គលនោះទេ ខ្ញុំចង់ការពារប្រជាជនចិន ១ ពាន់លាននាក់”។

លោក Richard Nixon ដែលជាប្រធានាធិបតីអាមេរិកទី ៣៦ បានចាប់ដៃជាមួយ លីលានជា (ពេលចប់ការប្រគួត) នៅឆ្នាំ១៩៧៤

លោក លី លានជា បានចាប់ផ្តើមសំដែងភាពយន្តចិនដំបូងនៅឆ្នាំ ១៩៨២ ក្នុងរឿង Shaolin Temple និងបន្តសំដែងភាពយន្តហូលីវូដដំបូងក្នុងឆ្នាំ ១៩៩៨ ក្នុងរឿង Lethal Weapon 4។

នៅចុងឆ្នាំ២០១៧ លីលានជា បានថតភាពយន្តឈុតខ្លីជាមួយសេដ្ឋី Jack Ma, កុំកុំ និងតារាភាពយន្តចិនជាច្រើនរូបទៀត ហើយប៉ុន្មានឆ្នាំមកនេះ រូបលោកមិនសូវបានចូលរួមសំដែងភាពយន្តច្រើននោះទេ ដោយសារមានបញ្ហាសុខភាព។ ថ្វីត្បិតតែការសំដែងភាពយន្តមានការថយចុះ តែទ្រព្យសម្បត្តិរបស់លោកច្រើនមហាសាលដោយមានចំនួន ២០០លានដុល្លារអាមេរិកឯណោះ នេះមិនគិតពីភូមិគ្រឹះ, ឡាន និងយន្តហោះផ្ទាល់ខ្លួនរបស់លោកទេ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kungfun

error: Content is protected !!