សូម្បីតែឆ្កែក៏លក់ ដើម្បីបង់ថ្លៃផ្ទះ តែតស៊ូខ្លាំងរហូតក្លាយជាតារាហូលីវូដមានទ្រព្យ៤០០លានដុល្លារ

លោក រ៉ាុំបូ ជាកំពូលតារាភាពយន្តហូលីវូដដ៏ល្បីល្បាញ

Sylvester Stallone ​​​ជា​កំពូល​តារា​សម្ដែង​ជើង​ចាស់​អាមេរិក​ដ៏​មាន​កេរ្តិ៍ឈ្មោះ។ ​បច្ចុប្បន្ន​ មិន​ថា​គាត់​សម្ដែង​រឿង​អ្វី​ទស្សនិកជន​តែង​រង់ចាំ​តាមដាន​ទស្សនា​ ដោយសព្វថ្ងៃនេះ លោកមានទ្រព្យសម្បត្តិ ៤០០​លានដុល្លារអាមេរិក។ ​តែ​មុន​នឹង​ដល់​ចំណុច​នេះ​គាត់​ធ្លាប់​ជួប​ជីវិត​តោកយ៉ាក​គ្រប់​រសជាតិ​ដែល​អ្នក​មិន​បាន​ដឹង។

​នៅ​ឆ្នាំ ​១៩៧០ ​តារា​ដែល​លេច​មុខ​ក្នុង​​ស៊េរី​រឿង​ “The Expendables”  រូប​នេះ​ធ្លាក់​ខ្លួន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ Apartment ​ក្នុង​ទីក្រុង​ញូវយ៉ក​​ដោយសារ​គ្មាន​ប្រាក់​បង់​ឈ្នួល​ផ្ទះ។ ​​គាត់​បាន​ទៅ​រស់នៅ​​ស្ថានីយ​រថយន្ត​ក្រុង​ Port Authority ​​អស់​រយៈពេល​ ៣ ​សប្ដាហ៍ ​​​​រហូត​​គេ​ឲ្យ​សម្ដែង​​តួ​រាយរង​ក្នុង​​រឿង​​សម្បូរ​ឈុត​សិច​ “The Party at Kitty and Stud’s” ​​ដែល​គាត់​អាច​​ទទួល​បាន​ ២០០ ​ដុល្លារ​សម្រាប់​ការ​ថត​ពីរ​ថ្ងៃ។

រឿង​ “The Expendables”

​​​​​​​​​​​​​​​​​​​​​​​ការ​សម្ដែង​នោះ​ហើយ​ដែល​​ធ្វើ​​ឲ្យ​គាត់​ចង់​​​ចាប់​អាជីព​ជា​តារា​សម្ដែង​អាជីព​ម្នាក់។ ​គាត់​បាន​ចូល​សម្ដែង​ជា​តួ​រាយរង​ជា​ច្រើន​ដូចជា​ អ្នក​រាំ​អម​ឆាក ​​និង​ក្មេង​ប៉ោឡែ​ដែល​​គេ​មិន​ឲ្យ​តម្លៃ ​មុន​ពេល​សម្ដែង​ជា​តួ​រង​ក្នុង​រឿង​ “Death Race 2000” ដែល​មិន​សូវ​ជោគជ័យ។ ​​ទោះ​ជា​យ៉ាង​ណា​​ ការ​សម្ដែង​ទាំង​នោះ​មិន​ជួយ​ឲ្យ​ជីវភាព​គាត់​ប្រសើរ​ច្រើន​ឡើយ។ ​​ដោយ​គ្មាន​លុយ​បង់​ជា​សមាជិក​ក្លឹប​ហាត់ប្រាណ ​​ពេល​យប់​គាត់​បាន​លួច​ចូល​ទៅ​កន្លែង​ចោល​ខ្មោច​​ឡាន ​ទៅ​រើស​យក​​បំណែក​រថយន្ត​ផ្សេងៗ​គ្នា​មក​ហាត់​ដើម្បី​ឲ្យ​សាច់ដុំ​ធំ​មាំ​ល្អ។

រឿង​ “Death Race 2000”

បើ​ទោះ​ជា​មាន​ផ្ទះ​រស់នៅ​វិញ​ តែ​ដើម្បី​មាន​លទ្ធភាព​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ​គាត់​បាន​ធ្វើ​ការងារ​ប្លែកៗ​ជា​ច្រើន​ដូចជា ​អ្នក​លាង​ទ្រុង​តោ​នៅ​សួនសត្វ​ក្រុង​ញូវយ៉ក ​ជាង​កាត់​សក់​រយៈពេល​ខ្លី ​​និង​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ចូល​កន្លែង​អង្គុយ​នៅ​រោងភាពយន្ត​ផង។ ​​​សូម្បី​តែ​ គ្រឿង​អលង្ការ​របស់​ប្រពន្ធ​ក៏​គាត់​ប្រមូល​លក់​អស់​ដែរ​ដើម្បី​បង់​ឈ្នួល​ផ្ទះ ​ហើយ​ដោយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​សុនខ​របស់​គាត់​ឈ្មោះ Butkus ​​គាត់​បាន​លក់​វា​នៅ​ហាង​ស្រា​មួយ​ក្នុង​ឆ្នាំ ​១៩៧៥ ​លក់​​​ក្នុង​តម្លៃ​ ៥០ ​ដុល្លារ។ ​​ពេល​លក់​វា​ហើយ ​គាត់​ដើរ​មក​ផ្ទះ​វិញ​​យំ​តែ​ឯង​ទាំង​កណ្ដាល​យប់។

ឆ្កែ​ឈ្មោះ Butkus ដែលជារបស់លោក រ៉ាុំបូ

​​​​​ពីរ​សប្ដាហ៍​បន្ទាប់​​ជា ​ការ​ប្រកួត​ប្រដាល់​ជា​ប្រវត្តិសាស្ត្រ​រវាង​កំពូល​អ្នក​ប្រដាល់​អាមេរិក​ Muhammad Ali ​និង​ Chuck Wepner ​​ដែល​​ការ​ប្រកួត​​​នោះ​ហើយ​ដែល​ជំរុញ​ចិត្ត​ Sly ​ឲ្យ​សរសេរ​រឿង​មួយ​មាន​ចំណងជើង​ថា ​”Rocky” ​ដោយ​ប្រើ​ពេល​ត្រឹម ​២០ ​ម៉ោង​ប៉ុណ្ណោះ។ ​ 

​តារា​ឧស្សាហ៍​សម្ដែង​ឈុត​វាយ​តប់​រូប​នេះ​ បាន​យក​សាច់​រឿង​ទៅ​បង្ហាញ​ស្ទូឌីយោ​កុន​ជា​ច្រើន​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់។ ​​​ដំបូង​គេ​ហ៊ាន​​ចំណាយ​ទិញ​យក​សាច់​រឿង​នោះ​ក្នុង​តម្លៃ ​១២៥០០០ ​ដុល្លារ ​​តែ​ Stallone ​ចង់​បាន​ច្រើន​ជាង​នោះ​គឺ​ ចង់​សម្ដែង​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ​​ខាង​ស្ទូឌីយោ​បដិសេធ​ដោយ​និយាយ​ថា ​គាត់​គ្មាន​បទ​ពិសោធន៍ ​តុង​និយាយ​ចម្លែក​ខុស​ពី​គេ​មិន​ពីរោះ​ស្តាប់​ ដូច្នេះ​គេ​ចង់​បាន​តួ​ល្បី​ស្រាប់​មក​សម្ដែង​ជា​តួ​ Rocky ​ជំនួស។ ​​​​​គាត់​បាន​បដិសេធ​មិន​យក​ប្រាក់​នោះ។ ​ដោយសារ​សាច់រឿង​ល្អ​ ​ខាង​ស្ទូឌីយោ​បាន​មក​ចង់​ទិញ​ម្ដង​ជា​ពីរ​ដង​ដោយ​បង្កើន​តម្លៃ​រហូត​​ដល់​ ៣៥០ ០០០ ​ដុល្លារ​តែ​គាត់​នៅ​តែ​មិន​ព្រម​​លក់។ ​​​ដោយ​ធ្វើ​គ្រប់​យ៉ាង​នៅ​តែ​មិន​​អាច​បន្ទន់​ជំហរ​របស់​ Stallone ​ចុងក្រោយ​ខាង​ស្ទូឌីយោ​ព្រម​​ទិញ​រឿង​​ក្នុង​តម្លៃ ​៣៥០ ០០០​ ដុល្លារ ​និង​យក​ Stallone ​ជា​តួ​សម្ដែង​ផ្ទាល់។

លោក រ៉ាុំបូ សំដែងក្នុងរឿង ​”Rocky”

ពេល​បាន​លុយ​ភ្លាម​​អ្វី​ដែល​គាត់​ធ្វើ​ដំបូង​គេ ​គឺ​ដើរ​រក​ទិញ​សុនខ​សំណព្វ​ចិត្ត​​មក​វិញ។ ​គាត់​បាន​ទៅ​ចាំ​នៅ​ហាង​ស្រា​ដែល​គាត់​លក់​វា​ចេញ​ រយៈពេល​បី​ថ្ងៃ​​​​រហូត​ជួប​បុរស​ដែល​ទិញ​ឆ្កែ​គាត់​ និង​សុំ​ទិញ​យក​មក​វិញ។ ​ដំបូង​គាត់​បាន​ឲ្យ​តម្លៃ​​ ១០០ ​ដុល្លារ ​តែ​បុរស​នោះ​មិន​ព្រម​លក់​ បន្ទាប់​មក​ទៀត​គាត់​ឲ្យ​ឡើង​រហូត​​ដល់​​​​​​ ១ ​ពាន់​ដុល្លារ ​ក៏​នៅ​តែ​មិន​ព្រម​លក់។ ​ដោយ​ចង់​បាន​ពេក ​គាត់​ហ៊ាន​ចំណាយ​បី​ពាន់​ដុល្លារ​ទិញ​យក​សត្វ​ចិញ្ចឹម​ដែល​លក់​ចេញ​ក្នុង​តម្លៃ​ត្រឹម​ ​៥០ ​ដុល្លារ​មក​វិញ ​(ខ្លះ​ថា ​គាត់​​ឲ្យ​ដល់ ១៥០០០​ ដុល្លារ)។

​​ងាក​មក​ រឿង​ “Rocky” ​ដែល​និពន្ធ និង​សម្ដែង​ដោយ​ Stallone ​​វិញ​បាន​ទទួល​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ពេល​នោះ​ ដោយ​ក្នុង​ឆ្នាំ​នោះ​​រឿង​នេះ​ឈ្នះ​ពាន​ពី​កម្មវិធី​ Academy Awards ​ដល់​ទៅ​ ១០ ​ពាន​ផ្សេង​គ្នា​ដូចជា ​​ពាន​​​តួ​សម្ដែង​ល្អ​បំផុត ​ពាន​​អ្នក​​ដឹកនាំ​រឿង​ល្អ​បំផុត ​​​ពាន​រឿង​ល្អ​បំផុត​ ។ល។ 

ចាប់​តាំង​ពី​ពេល​នោះ ​មក​កេរ្តិ៍ឈ្មោះ​របស់​​ រ៉ាំបូ​ត្រូវ​បាន​គេ​ទទួលស្គាល់​រហូត​មក​ដល់​សព្វថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay