អ្នកអានព័ត៌មានដ៏ល្បីនៅប៉ុស្តិ៍ ទទក បានទទួលមរណភាពកាលពីម្សិលម៉ិញនេះ

លោកស្រី រស់ សោភនី ដែលគេស្គាល់ថា គឺជាអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ ជាមួយនឹងសំឡេងយ៉ាងពិរោះរណ្តំរបស់ប៉ុស្តិ៍ទូរទស្សន៍ជាតិ (ទទក) បានទទួលមរណភាព នៅប្រទេសបារាំង។ នេះបើតាមប្រភពព័ត៌មាន ពីសាច់ញាតិរបស់អ្នកស្រី។

អ្នកស្រី លក្ខិណា ក្មួយស្រីរបស់សពលោកស្រី រស់ សោភនី បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា « អ៊ុំស្រីរបស់ខ្ញុំ បានស្លាប់នៅក្នុងមន្ទីរពេទ្យអុបពីតាល់ឌឺហ្សឺដង់ ក្នុងទីក្រុងហ្សឺដង់ ប្រទេសបារាំង នៅម៉ោង៥៖២០នាទី ម៉ោងប្រទេសបារាំង ត្រូវនឹង១១៖២០ថ្ងៃត្រង់ម៉ោងនៅកម្ពុជា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយរោគាពាធ ក្នុងវ័យ៦៣ឆ្នាំ»។ អ្នកស្រី លក្ខិណា បន្ថែមថា លោកស្រី រស់ សោភនី មានជំងឺរលាកថ្លើម និងក្រលៀនឈប់ដំណើរការ។

អ្នកស្រី លក្ខិណា បន្តថា លោកស្រី រស់ សោភនី បានចូលនិវត្តន៍ពីក្រសួងព័ត៌មានរយៈពេល២ឆ្នាំមកហើយ។ មុនចូលនិវត្តន៍លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។

លោកស្រី រស់ សោភនី គឺជាអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះ នៅប្រទេសកម្ពុជា ដែលសាធារណជនទទួលស្គាល់ និងចង់ទស្សនាព័ត៌មានអន្តរជាតិរបស់ទូរទស្សន៍ជាតិ (ទទក)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload