បុរសប្រកបរបរជាងឈើម្នាក់ ត្រូវឆ្នោត១លានដុល្លារ តែ២៣ថ្ងៃក្រោយមក លោកត្រូវស្លាប់

​រឿងរ៉ាវ​របស់លោក Donald Savastano រស់នៅ​ក្រុង​ញូវយ៉ក បាន​ប្តូរ​ពី​ភាព​រីករាយ​ដែល​មិន​នឹកស្មាន​ដល់​ទៅជា​ភាព​សោកសៅ​ដ៏​សែន​សោកស្តាយ​។ បុរស​អាមេរិក​វ័យ​៥១​ឆ្នាំ​រូបនេះ បានទទួល​មរណភាព​នៅ​៣​សប្តាហ៍​បន្ទាប់ពី​ត្រូវ​រង្វាន់​១​លាន​ដុល្លារ​អាមេរិក​។​

លោក Donald Savastano ពេលទទួលបានរង្វាន់១លានដុល្លារ

លោក Donald Savastano រំពឹង​មានជីវិត​ដ៏​ហ៊ឺហារ​ក្រោយ​ឈ្នះឆ្នោត​រង្វាន់​១​លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី New York Lottery’s «Merry Millionaire» ។ «​ខ្ញុំ​សូម​និយាយ​តាម​ត្រង់ នេះ​ជាការ​ដំណើរ​ការផ្លាស់​ប្តូរជីវិត​ថ្មី​មួយ​របស់​យើង​»​។ នេះ​បើតាម​សំដី​របស់លោក Savastano ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន ABC នា​អំឡុង​ពេលដែល​លោក​បានទទួល​ប្រាក់រង្វាន់​។

បុរស​ដែល​ប្រកបរ​បរជា​ជាងឈើ​រូបនេះ បានរៀបចំ​ផែនការ​ជាច្រើន​សម្រាប់​ជីវិត​របស់ខ្លួន ជាពិសេស​នៅពេល​ចូលនិវត្តន៍ ក្នុងនោះ​លោក​បាន​ត្រៀម​ដំណើរ​កម្សាន្ត​ពេល​វិស្សមកាល រួមទាំង​ការត្រួតពិនិត្យ​សុខភាព​ផងដែរ​។​

​អ្នកស្រី Danielle Scott អ្នកបម្រើ​ការ​នៅ​ហាង​ដែល​លោក Savastano បាន​ទិញ​ឆ្នោត​នោះ រៀបរាប់ថា ក្នុងចំណោម​គម្រោង​ជាច្រើន ម្ចាស់​រង្វាន់​បានសម្រេច​ទៅពិនិត្យ​សុខភាព ព្រោះ​កន្លងមក លោក​មិន​ថវិកា​គ្រប់គ្រាន់​ដើម្បី​មើល​ឡើយ ជាពិសេស​លោក​មិនមាន​បណ្ណ​ធានារ៉ាប់រង​។

ទីបំផុត លោក Savastano បានសម្រេច​ទៅពិនិត្យ​សុខភាព​។ ប៉ុន្តែ​ដំណឹង​ដ៏​អាក្រក់​បានកើត​ឡើង​សម្រាប់​រូបគាត់ ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា គាត់​មាន​ជំងឺមហារីក​ដំណាក់កាល​ទី​៤។

លោក Donald Savastano ដែលទទួលបានរង្វាន់១លានដុល្លារអាមេរិក

អ្នកស្រី Danielle បាន​រៀបរាប់​ប្រាប់ ABC ថា អ្នកស្រី​ទទួលដំណឹង​ពី​មិត្ត​ម្នាក់​របស់លោក Savastano ដែល​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង ដោយសារ​មហារីក​ខួរក្បាល និង​សួត​។ ក្រោយមក លោក Savastano បានទទួល​មរណភាព ពោលគឺ​ត្រឹមតែ​រយៈពេល​២៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ទទួល​រង្វាន់​ឆ្នោត​១​លាន​ដុល្លារ​អាមេរិក​។

បើតាម​ក្រុមគ្រួសារ លោក Savastano ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ដោយ​លោក​ចេះ​ជំនាញ​ជាងឈើ​បន្ត​ពី​ឪពុក​។ លោក​តែងតែ​ជួយ​ទំនុកបម្រុង​សមាជិកគ្រួសារ និង​បង្រៀន​មនុស្ស​ទូទៅ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey

error: Content is protected !!