កូនខ្មែរត្រូវដឹង! មានវត្តមួយ ដែលសង់នៅទីទួលខ្ពស់ជាងគេបំផុតតែ១គត់នៅកម្ពុជា

ប្រជាពលរដ្ឋខ្មែរភាគច្រើ​នតែងបានដឹងឮហើយថា ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា គឺភ្នំ​ឱរ៉ាល់ ដែលមានកម្ពស់រហូតដល់ទៅ ១,៨១៣ម៉ែត្រ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរតិចបំផុតដែលដឹងថា វត្តអារាមខាងព្រះពុទ្ធសាសនាដែលសង់លើទីខ្ពស់ជាងគេ មានឈ្មោះអ្វី ហើយនៅឯណានោះទេ។

ក្នុងដំណើរបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ដែលមានការចូលរួមពីស្ថាប័នល្បីៗនៅកម្ពុជាចំនួន៣ រួមមាន ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តទំនើប Mercedes Benz នៅកម្ពុជា រួមជាមួយអង្គភាពព័ត៌មាន Fresh News និងអង្គភាពព័ត៌មានអេឡិចត្រនិកថ្មីៗ ដែលសុទ្ធតែជាមួយអង្គភាព ព័ត៌មានដ៏ល្បីនៅកម្ពុជាដែរនោះ បានសម្រេចជោគជ័យក្នុងការឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដោយចំណាយរយៈពេលជិត៣ថ្ងៃ២យប់។

ក្នុងដំណើរផ្សងព្រេងដ៏ស្វិតស្វាញខាងលើ ក្រុមអ្នកផ្សងព្រេងបានទៅឃើញវត្តអារាមឈើប្រក់ស័ង្កសីមួយមានឈ្មោះថា «វត្តកបិលមហាព្រហ្មនិមិត្ត» តម្រៀបប្លង់ព្រះវិហារ សាលាឆាន់ និងសាលាសំណាក់រាងដូចក្បាលព្រួញ (មើលពីលើអាកាសដោយយន្តហោះត្រូន)។

រាយរាប់ប្រាប់ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» លោក ឈួន ឆីម មគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ បានឲ្យដឹងថា វត្តកបិលមហាព្រហ្មនិមិត្តនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៤ ដោយ​ក្រុមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី។

មគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ដ៏ជំនាញរូបនេះ បានបន្តថា រៀងរាល់ខែ ក្រុមព្រះសង្ឃដែលផ្ដួចផ្ដើមកសាងវត្តនេះឡើង បាននិមន្តឡើងទៅអើតមើលវត្តនេះប្រហែល១ដង ឬ២ដងដែរ ដោយព្រះនិមន្តឡើងទៅដោយអង្គឯងតែម្ដង គ្មានអ្នកនិមន្តជូនឡើងទៅឡើយ។

វត្តកបិលមហាព្រហ្មនិមិត្តនេះ កាលដើមឡើយមានទាំងម៉ាស៊ីនភ្លើង ខ្សែភ្លើង និងអំពូលបំភ្លឺត្រឹមត្រូវដែរ តែក្រោយមកមានក្រុមជនអគតិមិនស្គាល់មុខ បានលួចយកម៉ាស៊ីនភ្លើងនោះទៅបាត់ បន្សល់ទុកតែខ្សែភ្លើង ព្រីភ្លើង និងអំពូលភ្លើងចោលប្រើការមិនកើត។ នេះបើតាមលោក ឆីម បរិយាបន្តប្រាប់យ៉ាងដូច្នេះ។

ទេសភាពធម្មជាតិព្រៃព្រឹក្សាលើកំពូលភ្នំ ដែលរចនាលម្អសោភ័ណភាពជុំវិញអារាមដ៏ខ្ពស់មួយនេះ ពិតជាបានញ៉ាំងឲ្យក្រុមការងារ និងភ្ញៀវទេសចរមានភាពស្រស់ស្រាយ រសាត់អស់ក្ដីនឿយណាយទាំងពួង ខ្សែចក្ខុរបស់ទេសចរបានបង្វិលជុំវិញវត្ត និងជុំវិញកំពូលភ្នំឱរ៉ាល់ ពពកសក្បុះអណ្ដែតប៉ប្រះបុព្វតា ចុងព្រឹក្សាបក់រវិចៗបង្អុលវេយោកាត់បុប្ផា នាំគន្ធពិដោររសាត់ចូលឃានិន្ត្រីយ៍ ក្រអូបឈ្ងុយឈ្ងប់រកអ្វីផ្ទឹមពុំបាន បណ្ដាលអារម្មណ៍ក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ឈ្លក់វង្វេងរីករាយជាមួយឋានសួគ៌លោកិយនៃដែនកំពង់ស្ពឺ។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ស្ពឺ មិនត្រឹមតែមានសំណាងគ្របដណ្ដប់លើបុព្វតាដែលខ្ពស់ផុតគេនៅកម្ពុជាប៉ុណ្ណោះទេ តែថ្មីៗនេះ ថែមទាំងមានវត្តអារាមដ៏ខ្ពស់មួយ បង្ហាញវត្តមានលើទឹកដីខេត្តនេះផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia