ញាក់សាច់! យន្តហោះតាក់ស៊ី Drone ចាប់ផ្តើមហោះដំបូងបំផុត ក្នុងល្បឿន ១៣០km/ម៉ោង

យន្តហោះ​ដ្រូនតាក់ស៊ី (Drone Taxi) ដំបូងបំផុតនៅ​ក្នុងប្រទេសចិន ត្រូវបាន​ដាក់​ឲ្យដំណើរការ​សាកល្បងហើយ នៅក្នុងទីក្រុង​ក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូង​ ដែលឈ្មោះ​របស់វាគឺ Autonomous Aerial Vehicle ឬ AAV អាចដឹក​មនុស្សបានម្នាក់ ក្នុងល្បឿន ១៣០គីឡូម៉ែត្រ​​ក្នុងមួយម៉ោង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្វីដែលពិសេស​បន្ថែមសម្រាប់ដ្រូនតាក់ស៊ី​ខាងលើនេះ មានលក្ខណៈ​ពិសេសធំមួយ នោះគឺ​អាចហោះហើរ​បាន នៅក្នុងពេលមាន​ព្យុះទីហ្វុងខ្លាំងក្លា រហូតដល់​កម្រិតទី ៧។ បើតាម​ក្រុមហ៊ុនខាង​លើនេះ ដែលមាន​ឈ្មោះថា Ehang ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ២០១៤ ក្រុមហ៊ុនមាន​វិស្វករជំនាញ​សរុបជាង ១៥០នាក់ និងបានធ្វើតេស្ត​ផលិតផលរបស់ខ្លួន រាប់ពាន់លើក​ឯណោះ ដើម្បីពិនិត្យពីបទដ្ឋាន​សុវត្ថិភាពជា​ចម្បងបំផុត។

Ehang មាន​នាយកប្រតិបត្តិ និងជាស្ថាបនិក គឺលោក Hu Huazhi ដែលកំពុងតែ​ដឹកនាំការ​ផលិត​ដ្រូនតាក់ស៊ី ដែលហោះ​បានរយៈកម្ពស់ ៣០០ម៉ែត្រ និងដឹកទម្ងន់​រហូតដល់ ២៣០គីឡូក្រាម ក្នុងរយៈចម្ងាយ​ធ្វើដំណើរ​ជាមធ្យម ១៥គីឡូម៉ែត្រ ក្នុងល្បឿន ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង​ឯណោះ។ សម្រាប់ការធ្វើតេស្តនេះ គឺមិនទាន់ត្រូវបាន​គេបញ្ជាក់លទ្ធផល​លម្អិតនោះ​ឡើយ។

គួរបញ្ជាក់ថា យន្តហោះដ្រូន​តាក់ស៊ីខាង​លើនេះ មានលេខ​ស៊េរី Ehang 184 AAV ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បីទទួល​ការពិនិត្យលើប្រព័ន្ធ​សុវត្ថិភាព ដើម្បីឲ្យវាអាចទទួលស្គាល់​ ពីក្រុមជំនាញនៃរដ្ឋាភិបាល និងអាច​ដាក់ឲ្យ​ដំណើរការ​ជាសាធារណៈជាពេល​​អនាគត។ ទោះបិជាមិនទាន់​មានដំណើរការ​ជាផ្លូវការក្តី ប៉ុន្តែការពិត គឺវាបានកើត​មានឡើងរួចមកហើយ ចំពោះ​តាក់ស៊ីដ្រូន ដែលមិនមែន​គ្រាន់តែជាការ​ស្រមៃ​ ដូចកាលពីប៉ុន្មាន​ទសវត្សរ៍មុន​នោះ​ឡើយ៕

 

ដកស្រង់ដោយ៖ ​លោក ប៊ុត ហេង

ប្រភព៖​ freshnewsasia

error: Content is protected !!