អបអរសាទរ! កម្ពុជា ​នឹង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​​ច័ន្ទក្រស្នាលើកដំបូង​​ នាំ​ចេញ​ទៅ​​ទីផ្សារ​អន្តរជាតិ

ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ បាន​សហការ​គ្នា​គ្រោង​នឹង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​​ច័ន្ទក្រស្នា​តាម​បច្ចេកវិទ្យា​ទំនើប ដើម្បី​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹម​ច័ន្ទន៍ក្រឹស្នា នៅ​កម្ពុជា និង​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ។​

ក្រុមហ៊ុន​ធូប​​ ច័ន្ទក្រស្នា​ខ្មែរ និង​ក្រុមហ៊ុន​ប្រទេស​ថៃ First Capital Global (FCG) ​បាន​បើក​ពិធី​ផ្សព្វផ្សាយ​ការ​បើក​ចំហ​ទីផ្សារ​​ច័ន្ទក្រស្នា​ និង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​​ច័ន្ទក្រស្នា​ តាម​រយៈ​អនុស្សរណៈ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​គ្រប់គ្រង​​ច័ន្ទក្រស្នា​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ព្រឹក​មិញ​នេះ​ ក្រោម​អធិបតីភាព​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែង​ថា រោងចក្រ​ចម្រាញ់​ប្រេង​​ច័ន្ទក្រស្នា​ដំបូង​គេ​នេះ នឹង​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លឹម​​ច័ន្ទក្រស្នា​ នៅ​កម្ពុជា ព្រម​ទាំង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​ទាំង​បច្ចុប្បន្ន និង​អនាគត។

“ពាណិជ្ជកម្ម​ច័ន្ទន៍ក្រឹស្នា ​ មាន​នៅ​កម្ពុជា​តាំង​ពី​សម័យ​បុរាណ ហើយ​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ទីផ្សារ​នៃ​ប្រទេស​អារ៉ាប់” នេះ​បើ​តាម​ការ​អះអាង​របស់​លោក ប៉ាន សូរស័ក្តិ។  បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​កម្ពុជា​មាន​ដើម​​ច័ន្ទក្រស្នា​ ប្រមាណ​ជាង ១​លាន​ដើម ហើយ​ផលិតផល​ដែល​ចម្រាញ់​ចេញ​ពី​រោងចក្រ​នេះ នឹង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ អាច​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក និង​ពិភពលោក។

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​ទាំង​ពីរ គ្រោង​នឹង​ដាក់​បញ្ចូល​​ខ្លឹមច័ន្ទក្រស្នា​ ប្រហែល ១​លាន​ដើម សម្រាប់​ដំណាក់​កាល​ទី​១ ដែល​មាន​រយៈពេល ៩​ខែ ដើម្បី​កែច្នៃ​ជា​ផលិតផល​ប្រេង​ច័ន្ទន៍ក្រឹស្នា ​ដែល​មាន​គុណភាព​ខ្ពស់ សំដៅ​ប្រែក្លាយ​កម្ពុជា ឲ្យ​ទៅ​ជា​ប្រទេស​ផលិត​ប្រេង​ច័ន្ទន៍ក្រឹស្នា ​ដ៏​ល្បីល្បាញ នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​អនាគត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay