ឈប់រៀនអាយុ១៤ឆ្នាំ មកធ្វើជាជាងដេរខោអាវ តស៊ូរហូតក្លាយជាសេដ្ឋីលេខ១នៅអេស្ប៉ាញ

កំពូលមហាសេដ្ឋីដែលមានជាងគេបំផុតលេខ១នៅប្រទេសអេស្ប៉ាញ គឺលោក Amancio Ortega ជាស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ Inditex។ លោក Amancio Ortega (ជនជាតិអេស្ប៉ាញ) កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ១៩៣៦ ដែលមានស្រុកកំណើតនៅខេត្ត León នៃប្រទេសអេស្ប៉ាញ។

លោក Amancio Ortega ជាសហស្ថាបនិកក្រុមហ៊ុន Inditex

សេដ្ឋីរូបនេះមានប្រពន្ធចំនួន០២នាក់ ដោយលើកទី១ លោកបានរៀបការជាមួយលោកស្រី Rosalía Mera (១៩៦៦ និងលែងលះគ្នា ១៩៨៦) ហើយលើកទី២ លោកបានរៀបការជាមួយលោកស្រី Flora Pérez Marcote (រៀបការនៅឆ្នាំ២០០១)។ លោក Amancio Ortega ជាកូនពៅនៅក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ០៣នាក់។

លោក Amancio Ortega និងភរិយាទី១ របស់លោកឈ្មោះ Rosalía Mera ដែលជាស្ថាបនិកហាង Zara

លោក Amancio Ortega ឈប់រៀននៅអាយុ១៤ឆ្នាំ ដើម្បីផ្លាស់ទីលំនៅទៅទីក្រុង​ A Coruña ពីព្រោះតែឪពុករបស់លោកជាកម្មករផ្លូវដែកនៅទីនោះ ហើយមិនយូរប៉ុន្មាន លោករកបានការងារមួយជាជាងកាត់ដេរអាវក្នុងទីក្រុងមួយនេះ។ នៅទីនោះហើយដែលលោករៀនពីរបៀបនៃការដេរខោអាវដោយដៃ ហើយលោកបានបង្កើតសាច់ក្រណាត់ម៉ាក Confecciones Goa ដោយផ្តោតលើ សម្លៀកបំពាក់ងូតទឹកប៉ុណ្ណោះ។

សាច់ក្រណាត់ម៉ាក Confecciones Goa របស់លោក Amancio Ortega

នៅឆ្នាំ១៩៧៥ លោក Amancio Ortega បានបង្កើតហាងលក់សម្លៀកបំពាក់ Zara ដំបូងគេ ជាមួយប្រពន្ធរបស់លោកឈ្មោះ Rosalía Mera។ ហាងរបស់លោកពង្រីកយ៉ាងលឿននៅពេញប្រទេសអេស្ប៉ាញទាំងមូលតែម្តង ពីព្រោះសម្លៀកបំពាក់មានតម្លៃថោក និងកំពុងពេញនិយម។ ដោយសារមានការរីកចម្រើនខ្លាំង ហាងរបស់លោកបានពង្រីកទៅប្រទេសព័រទុយហ្គាល់ នៅឆ្នាំ១៩៨៨, រួចពង្រីកខ្លួនទៅប្រទេសអាមេរិកនៅឆ្នាំ១៩៨៩ និងបន្តទៅប្រទេសបារាំងនៅឆ្នាំ១៩៩០ ជាពិសេសពង្រីកហាងរបស់ខ្លួននៅប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។

ហាង Zara ដែលជារបស់លោក Amancio Ortega

នៅឆ្នាំ១៩៨៥ លោកបានបង្កើតក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនចម្រុះដែលលក់សម្លៀកបំពាក់ពេញនិយម ដើម្បីគ្រប់គ្រងហាង Zara ទាំងមូល។ សព្វថ្ងៃនេះ ក្រុមហ៊ុន Inditex ជាក្រុមហ៊ុនលក់សម្លៀកបំពាក់ធំជាងគេបំផុត ដែលមានហាងជាង ៧,២៩២ កន្លែង នៅក្នុង ៩៣ប្រទេសនៅលើពិភពលោក។

ក្រុមហ៊ុន Inditex  ដែលជារបស់លោក Amancio Ortega

សព្វថ្ងៃនេះ ថ្វីត្បិតតែលោក Amancio Ortega លាលែងដំណែងពីនាយកក្រុមហ៊ុន Inditex ក៏ដោយ តែលោកនៅតែជាកំពូលមហាសេដ្ឋីជាប់ចំណាត់ថ្នាក់លេខ ៥ ដែលមានទ្រព្យសម្បត្តិ ៧០ពាន់លានដុល្លារអាមេរិក និងជាបុគ្គលដែលមានទ្រព្យច្រើនជាងគេបំផុតលេខ១នៅទ្វីបអ៉ឺរ៉ុប ពីព្រោះមានភាគហ៊ុនចំនួន ៥៩.២៩% នៅក្នុងក្រុមហ៊ុនមួយនេះ៕

លោក Amancio Ortega ដែលជាសេដ្ឋីដែលមានជាងគេបំផុតនៅលើលោកលេខ៥

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ famous-entrepreneurs, wikipedia