កក្រើក! មហាសេដ្ឋី Jack Ma និង Pony Ma ចែកអាំងប៉ាវសរុប ៨២៦លានដុល្លារ ក្នុងថ្ងៃចូលឆ្នាំចិន

អតិថិជនចិន នៃ ក្រុម Alibaba និង Tencent នឹងរំភើបចិត្តខ្លាំង ក្នុងឱកាសចូលឆ្នាំចិនដែលនឹងមកដល់ឆាប់ៗនេះ ខណៈ ប្រធានក្រុមហ៊ុនទាំង២នេះបាន ប្រកាសថា នឹងចែកអាំងប៉ាវដល់អតិថិជនរបស់ខ្លួន សរុបជាទឹកប្រាក់បូកបញ្ចូលគ្នាចំនួន ៨២៦លានដុល្លារអាមេរិក។

លោក Jack Ma ជាស្ថាបនិកក្រុមហ៊ុន Alibaba

ក្រុមហ៊ុន Alibaba ក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ Jack Ma និងក្រុមហ៊ុន Tencent ក្រុមហ៊ុន អ៊ិនធើណេតរបស់ លោក Pony Ma បានសន្យាថា ខ្លួននឹង ចែកអាំងប៉ាវ ទុកជាកាដូ សម្រាប់ ឱកាសចូលឆ្នាំចិន ជាទឹកប្រាក់បូកបញ្ចូលគ្នា ស្មើនឹង ៨២៦ លានដុល្លារ អាមេរិក ចែកក្នុងទម្រង់ជា ឌីជីថល រួមជាមួយ Coupon សម្រាប់ប្រើប្រាស់ទិញទំនិញ តាមបណ្ដាហាង និងផ្សារទំនើបជាដើម ហើយចែកអាំងប៉ាវនេះ គឺផ្ដោតសំខាន់ចែកឲ្យចំពោះអតិថិជនដែលប្រើប្រាស់ App ស្មាតហ្វូន សម្រាប់ទូទាត់ទំនិញនៃក្រុមហ៊ុនទាំង២នេះ។

លោក Pony Ma ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Tencent

តាមសម្ដីរបស់លោក Sissi Chu អនុប្រធាន ក្រុមហ៊ុន Jiguang ដែលជាក្រុមហ៊ុន បម្រើសេវាទូរស័ព្ទ នៅចិន បានឲ្យដឹងថា ប្រជាជនចិន មានវប្បធម៌មួយ គឺ ឲ្យកាដូ( អាំងប៉ាវ)គ្នាទៅវិញទៅមក ក្នុងឱកាសចូលឆ្នាំចិន។ ដូច្នេះ ឃើញឱកាសល្អនេះ ក្រុមហ៊ុន Alibaba  និង ក្រុមហ៊ុន Tencent គិតថា វាជាឱកាសដ៏ល្អមួយ ក្នុងកសាងស្លាកយីហោរបស់ខ្លួន តាមរយៈការចែកអាំងប៉ាវ ហើយការធ្វើបែបនេះក៏ជាយុទ្ធសាស្រ្តមួយ ក្នុងការបង្កើនចំនួនអ្នកប្រើប្រាស់ App នៃក្រុមហ៊ុនរបស់ខ្លួនកាន់តែច្រើនផងដែរ។

ក្រុមហ៊ុន Alibaba  បានឲ្យដឹងថា ខ្លួននឹង ចែកអាំងប៉ាវ ដែលមានតម្លៃ ១ពាន់លានយាន់ចិន ក្នុងទម្រង់ជាឌីជីថល តាមរយៈទីផ្សារអនឡាញ Taobao របស់ខ្លួន សម្រាប់ អតិថិជនប្រើប្រាស់ App ទិញទំនិញអនឡាញ ដោយចាប់ផ្ដើមចែកអាំប៉ាវពី ថ្ងៃទី ១១ ដល់ ១៥ ខែ កុម្ភៈនេះ។ លើសពីនេះ ទឹកប្រាក់ ៦០០លានយាន់ ជាលុយឌីជីថល នឹងត្រូវផ្ដល់ជាអាំងប៉ាវ សម្រាប់ឲ្យអតិថិជននៅ ថ្ងៃទី ១៥ កុម្ភៈផងដែរ។

បុគ្គលិកក្រុមហ៊ុន Alibaba កំពុងធ្វើការ

ចំណែកក្រុមហ៊ុន Tencent​ ដែលជាក្រុ​មហ៊ុន អ៊ិនធើណេត និងជាក្រុ​មហ៊ុន ប្រតិបត្តិការ បណ្ដាញសង្គម ផ្ញើរសារ និង App ទូទាត់ WeChat បានឲ្យដឹងថាខ្លួននឹង ផ្ដល់ អាំងប៉ាវ តម្លៃ ២០០លានយាន់ ជាប្រភេទអាំងប៉ាវឌីជីថល ក៏ដូច Coupon តម្លៃ ៤ពាន់លានយាន់ សម្រាប់អតិថិជន ដែលប្រើប្រាស់ QQ លើ platform របស់ខ្លួន ហើយ Coupon ដែលក្រុមហ៊ុននេះផ្ដល់ឲ្យ អតិថិជនអាច ប្រើប្រាស់ សម្រាប់ លេងហ្គេម អនឡាញ ទិញឥវ៉ាន តន្រ្តី វីដេអូ​ និង សេវាផ្ញើរសារជាដើម៕

អាគារក្រុមហ៊ុន Tencent

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!