កំពូលមហាសំណង់អាគារទាំង១០ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅកម្ពុជា

ស្របពេលដែលកម្ពុជា មានការរីកចម្រើនខ្លាំងលើវិស័យសំណង់ មានអគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃជាច្រើន កំពុងបង្អួតសម្រស់យ៉ាងស្រស់​ស្អាត ​ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ សារព័ត៌មាន Khmer Build  Media សូមជម្រាបជូននូវ អគារខ្ពស់បំផុតទាំង១០ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក​ នៅទី​ក្រុងភ្នំពេញ ដែលកំពុងសាងសង់ និងគ្រោងសាងសង់នៅពេលខាងមុខ៖

១) អគារភ្លោះ Thai Boon Roong Twin Tower World Trade Centre​

អគារភ្លោះកប់ពពក ដែលមានកម្ពស់ ១៣៣ជាន់ Thai Boon Roong Twin Tower World Trade Centre  មានកម្ពស់ជិត ៦០០ម៉ែត្រ ដែលត្រូវបានបោះទុន​ក្នុងទំហំទឹកប្រាក់ប្រមាណ ២.៧ពាន់លានដុល្លារអាមេរិក នឹងលេចចេញជារូបរាងនៅកណ្តាលក្រុងភ្នំពេញ លើផ្ទៃដីទំហំ ៥ហិកតាជិតទន្លេមេគង្គ​ពោលគឺ នៅទល់មុខ សណ្ឋាគារ​​​​​​ណាហ្គាវើល ស្ថិតក្នុងទីតាំងអតិតមជ្ឈមណ្ឌលកម្សាន្តឌ្រីមលែន។​

គម្រោងនេះត្រូវបានបោះទុនវិនិយោគដោយ ក្រុមហ៊ុនចិនចំនួន២គឺ Wuchang Shipbuilding Industry Group Co.Ltd និងក្រុមហ៊ុន Sun Kian IP Holding Co.Ltd នៅក្នុងខេត្តហ៊ូប៊ិនៃប្រទេស​ចិន​និងក្រុមហ៊ុនថៃប៊ុនរ៉ុង នៃកម្ពុជា។

ដោយឡែកគម្រោងមួយនេះ មកទល់ពេលបច្ចុប្បន្ននេះ មិនទាន់លឺដំណឹងថានឹងដំណើរការសាងសង់នៅឡើយទេ។

២) គម្រោងទីក្រុង Olympia CITY

គម្រោងអគារពាណិជ្ជកម្ម Olympia City របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក OCIC មានសណ្ឋាគារមួយដែលមានកម្ពស់រហូតដល់ ៥៥ជាន់​ក្រោម ទុនវិនិយោគរាប់រយលាន​ដុល្លារ​អាមេរិក ត្រូវបានចាប់ផ្តើមសាងសង់ហើយ នៅលើផ្ទៃដីប្រមាណជាង៦ហិកតា ស្ថិតនៅចំណុចប្រសព្វ​រវាង​មហា វិថីហ្សាលដឺហ្គោល មហាវិថីទេពផន និងមហាវិថីព្រះមុនីរ៉េត ពោលគឺស្ថិតនៅទល់មុខអតីតរង្វង់មូលនាងគង្ហីង។

៣) គម្រោងអាគារ The Peak

គម្រោងអាគារ The Peak ដែលមានកម្ពស់ ៥៥ជាន់ដែលមានចំនួន៣អគារ ត្រូវបានបោះ​ទុនវិនិយោគ​ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ៥០០លានដុល្លារ​អាមេរិក ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ។

អាគារមួយនេះ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ក្បែរទីក្រុងកោះពេជ្រ ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុក World Bridge Group សហការជាមួយក្រុមហ៊ុនយក្សមានមូលដ្ឋាន​នៅប្រទេសឹង្ហបុរី គឺ Oxley Holding Group។

៤) គម្រោងអគារ The Bridge

គម្រោងអគារភ្លោះ​ The Bridge មានកម្ពស់៤៥ជាន់ ដែល​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០០លានដុល្លារ​អាមេរិក​ស្ថិតនៅតាមផ្លូវទៅតំបន់​កោះពេជ្រ​នៅលើផ្ទៃដី ទំហំ ១ ហិចតា ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Oxley Holdings Limited ជាមួយ នឹងក្រុមហ៊ុន World Bridge Land Co., Ltd របស់អ្នកវិនិយោគទុនកម្ពុជា។​ បច្ចុប្បន្ននេះ គម្រោងនេះបានសាងសង់ដល់ជាន់ទី៤៥ ហើយ កំពុងត្រូវបានដំណើរការតុប​តែង​ផ្នែកខាងក្នុង​និងខាងក្រៅរបស់អគារ ដែលគ្រោងនឹងបញ្ចាប់រួចរាល់​ជាស្ថា​ពរនៅឆ្នាំ២០១៨នេះ។

៥) គម្រោងមជ្ឈមណ្ឌល Sino Plaza

គម្រោងមជ្ឈមណ្ឌល Sino Plaza មានអគារកម្ពស់៤៥ ជាន់ចំនួន៤  ដែលបានបោះទុនប្រមាណជាង ២៥០លានដុល្លារអាមេរិក ស្ថិតនៅក្បែរ​ផ្សារ​បឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៨ខាងមុខនេះ។

មជ្ឈមណ្ឌលនេះ ​ជាបណ្ដុំអគារទីក្រុង​ក្នុងស្រុក ធំបំផុតនាពេលបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលគម្រោងនេះ​បង្កើតឡើងដោយ​ក្រុមហ៊ុន CYTS នៅ​ប្រទេសចិន សហការជាមួយក្រុមហ៊ុន Natural Lucky Real Estate។

៦) គម្រោងអគារ Gold Tower​ 42

គម្រោងអគារខុនដូរកម្ពស់៤២ជាន់ Golden Tower​ 42 នេះ ត្រូវបានបោះទុនវិនិយោគដោយក្រុមហ៊ុនកូរ៉េ YONWOO Co, Ltd ​ ក្នុងទំហំទឹកប្រាក់​ប្រមាណ​ ២៤០លានដុល្លារអាមេរិក ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

គម្រោងយក្សមួយនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ២០០៨ តែត្រូវបានផ្អាកការសាសង់នៅឆ្នាំ ២០១០ ហើយទើបតែត្រូវបានប្រកាសថា​នឹងចាប់​ផ្តើម​សាងសង់ឡើងវិញនាឆ្នាំនេះ ដែលគ្រោងនឹងបញ្ជប់នៅដើមឆ្នាំ ២០១៩។

៧) អាគារ Vattanac Capital​​ Tower

អគារវឌ្ឍនៈ មានកម្ពស់ ៣៩ជាន់ ស្ថិតនៅតាមបណ្តោយ មហាវិធីព្រះមុនីវង្ស ។ បច្ចប្បន្នអគារពាណិជ្ជកម្មមួយនេះ កំពុងមានសកម្មភាពយ៉ាង​សកម្មផង​ដែរ ក្នុងនោះមាន សណ្ឋារគារលំដាប់ A សណ្ឋាគារលំដាប់ផ្កាយ 5 ដ៏ប្រណីតដែលមានឈ្មោះថា Rosewood Phnom Penh។

៨) អាគារ Prince Central Plaza

Prince Central Plaza មានកម្ពស់ ៣៧ជាន់ ស្ថិតនៅលើផ្លូវមហាវិថីមុនីវង្ស ជិតស្ថានទូតជាច្រើនត្រូវបានជ្រើសរើសដោយជនបរទេស។

៩) អាគារ Sky Villa

Sky Villa ជាគម្រោងខុនដូរលំដាប់ផ្កាយប្រាំ ដែលមានកម្ពស់៣៥ជាន់ បោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។​ ខុនដូរ​នេះ​ មានកម្ពស់ ១៣៩ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្បែរពហុដ្ឋានជាតិអូឡាំពិច ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយ​គ្រោងនឹងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០១៨នេះ។

១០) អាគារ The Parkway

Parkway Investment Co., Ltd​ បានបោះទុនវិនិយោគ ខុនដូរ The Payway ដែលមានកម្ពស់៣៥ជាន់  ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ អាមេរិក ដែលស្ថិតនៅតំបន់​ទួលគោគ។

គម្រោងអភិវឌ្ឍន៍នេះនឹងមានអគារចំនួន៣ ដោយអគារទីមួយមានកម្ពស់​២៩ជាន់ អគារទីពីរមានកម្ពស់ ២៥ ជាន់ និងអគារទី៣មានកម្ពស់​រហូតដល់​៣៥​ជាន់។ អគារខុនដូទាំងមូលមាន​ខុនដូរ​ទំនើបៗ​ចំនួន​​១,៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ ម៉ែត្រការ៉េ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerbuildmedia