ឈប់រៀនថ្នាក់ទី៨ ដើម្បីទៅធ្វើជាអ្នកប្រដាល់ តស៊ូរហូតក្លាយជាសេដ្ឋីមានទ្រព្យ ៤ពាន់លានដុល្លារ

លោក Kirk Kerkorian ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យខ្ទង់ពាន់លានដុល្លារ ហើយមានដើមកំណើតពីឪពុកម្តាយជាជនអន្តោរប្រវេសន៍ជនជាតិអាមេនី។ ថ្វីត្បិតតែឪពុកម្តាយជាជនជាតិអាមេនី តែរូបលោក Kirk Kerkorian កើតនៅរដ្ឋកាលីហ្វ័ញ៉ា នៃប្រទេសអាមេរិក។ ដោយមានដើមកំណើតពីជនជាតិអាមេនី ដូច្នេះលោកត្រូវនិយាយភាសាអាមេនីនៅផ្ទះ ហើយនិយាយភាសាអង់គ្លេសនៅតាមផ្លូវ និងសាលារៀន។

កំពូលមហាសេដ្ឋី Kirk Kerkorian មានទ្រព្យ ៤ពាន់លានដុល្លារអាមេរិក

លោក Kirk Kerkorian កើតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ១៩១៧ ដែលស្ថិតនៅទីក្រុង Fresno ក្នុងរដ្ឋកាលីហ្វ័ញ៉ា នៃប្រទេសអាមេរិក។ លោកបានរៀបការចំនួន ០៣លើក ដោយលើកទី១ ជាមួយលោកស្រី Hilda Schmidt (១៩៤២-១៩៥១), លើកទី២ ជាមួយលោកស្រី Jean Maree Harbour-Hardy (១៩៥៤-១៩៨៤) និងលើកទី៣ ជាមួយកីឡាការីតេននីសលោកស្រី Lisa Bonder។ តែគួរឱ្យសោកស្តាយ លោក Kirk Kerkorian បានស្លាប់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ ខណៈលោកមានអាយុ៩៨ឆ្នាំ។

កំពូលមហាសេដ្ឋី Kirk Kerkorian ជាមួយនឹងប្រពន្ធទី៣របស់លោកឈ្មោះ Lisa Bonder

នៅកំឡុងឆ្នាំ១៩២០-១៩២១ គ្រួសាររបស់លោកបានផ្លាស់ទីលំនៅពីរដ្ឋកាលីហ្វ័ញ៉ា ទៅរដ្ឋឡូសអាំងជើឡេស​ ដូចនេះ លោកឈប់រៀននៅថ្នាក់ទី៨ ដើម្បីធ្វើជាអ្នកប្រដាល់ជាមួយបងប្រុសបង្កើតរបស់លោកឈ្មោះ Nish Kerkorian ហើយនៅពេលឡើងវ៉ៃម្តងៗ លោកត្រូវបានដាក់ឈ្មោះថា “Rifle Right Kerkorian”។

កាលលោកនូវធ្វើជាអ្នកប្រដាល់ដែលមានឈ្មោះហៅក្រៅ Rifle Right Kerkorian

មិនបានប៉ុន្មានផង លោកក៏ធ្វើជាទាហានជើងអាកាស ដូចនេះ លោកបានរៀនពីរបៀបនៃការហោះហើរលើអាកាសនៅក្នុងកងទ័ពអាកាសអង់គ្លេស។​ កំឡុងធ្វើការនៅទីនោះ លោកអាចរកចំណូលបានច្រើនដោយទទួលបាន ១ពាន់ដុល្លារក្នុងមួយជើង តែក៏មានគ្រោះថ្នាក់ច្រើនដែរ ដោយលោកជាអ្នកបើកបរយន្តហោះពីកាណាដាទៅប្រទេសស្កុតឡេន។ នៅឆ្នាំ១៩៤៥ លោកបានទិញម៉ាស៊ីនយន្តហោះ Cessna ក្នុងតម្លៃ ៥ពាន់ដុល្លារ ដើម្បីដឹកអ្នកលេងល្បែងពីរដ្ឋ Los Angeles និងទីក្រុង Las Vegas ក្រោយមកលោកបានទិញក្រុមហ៊ុនយន្តហោះ Los Angeles Air Service ក្រោយមកក្រុមហ៊ុននេះត្រូវដូរមកឈ្មោះ Trans International Airlines។

យន្តហោះក្នុងក្រុមហ៊ុន Trans International Airlines

នៅឆ្នាំ១៩៦៨ លោកសម្រេចចិត្តលក់ក្រុមហ៊ុន Los Angeles Air Service ក្នុងតម្លៃ ១០៤លានដុល្លារ ដោយយកលុយទិញដីចំនួន ៨២ហិកតា ដើម្បីសង់សណ្ឋាគារអន្តរជាតិដ៏ធំជាងគេបំផុតក្នុងលោកនៅឆ្នាំ១៩៦៩។ ក្រោយមក លោកបានទិញសណ្ឋាគារ Flamingo តែលោកបានលក់វិញ ដោយរួមបញ្ចូលជាមួយនឹងសណ្ឋាគារអន្តរជាតិរបស់លោកផងដែរ។

សណ្ឋាគារ Flamingo ដែលមហាសេដ្ឋី Kirk Kerkorian បានទិញយក

នៅឆ្នាំ១៩៧៣ លោកបានបង្កើតសណ្ឋាគារ និងកាស៊ីណូ Bally’s Las Vegas ហើយនៅឆ្នាំ១៩៩៣ លោកបានបង្កើតសណ្ឋាគារ MGM Grand។ ក្រៅពីនេះ លោកបានទិញផលិតកម្មភាពយន្ត និងកម្មវិធីកញ្ចក់ទូរទស្សន៍ Metro-Goldwyn-Mayer។ ក្រោយមកទៀត លោកបានលក់សណ្ឋាគារ និងកាស៊ីណូ MGM Grand ក្នុងតម្លៃ ៥៩៤លានដុល្លារ ក្រោយពីសណ្ឋាគារ និងកាស៊ីណូ ត្រូវភ្លើងឆេះ បណ្តាលឱ្យស្លាប់មនុស្សចំនួនជាង ៦០នាក់។

សណ្ឋាគារ និងកាស៊ីណូ MGM Grand របស់លោក Kirk Kerkorian

សណ្ឋាគារ និងកាស៊ីណូ Bally’s Las Vegas របស់លោក Kirk Kerkorian

លោកបានចូលធ្វើការនៅក្រុមហ៊ុនផលិតឡាន Chrysler ដោយធ្វើជាជំនួយការនាយកប្រតិបត្តិ Lee Iacocca និងជាម្ចាស់ភាគហ៊ុនមួយដែរនៅក្នុងក្រុមហ៊ុននេះ។ នៅឆ្នាំ២០០៥ លោកបានទិញភាគហ៊ុនចំនួន ៩.៩% នៅក្នុងក្រុមហ៊ុនឡាន General Motors និងនៅឆ្នាំ២០០៨ លោកបានទិញភាគហ៊ុនចំនួន ៦% នៅក្នុងក្រុមហ៊ុនឡាន Ford Motor។ ក្រោយពេលលោកស្លាប់នៅឆ្នាំ២០១៥ លោកមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារអាមេរិក៕

អាគារក្រុមហ៊ុនរថយន្តដ៏ធំបំផុត Ford ដែលមានភាគហ៊ុនរបស់លោក Kirk Kerkorian

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thefamouspeople, wikipedia