ពីជនភៀសខ្លួន ធ្វើជាអ្នកលក់គ្រឿងអលង្ការ ក្លាយជាសេដ្ឋីដ៏ល្បីល្បាញនៅកម្ពុជា

ឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញជោគជ័យមួយរូបនៅកម្ពុជា ដែលសព្វថ្ងៃ លោកឧកញ៉ា ជាអគ្គនាយកធនាគារកាណាឌីយ៉ា និងនាយកក្រុមហ៊ុន OCIC  មិនតែប៉ុណ្ណោះ ឧកញ៉ា ត្រូវបានគេប្រសិទ្ធិនាមថា ជាអ្នកត្រួសត្រាយផ្នែកធនាគារនៅកម្ពុជា។

ឧកញ៉ា ពុង ឃាវសែ ជាកំពូលមហាសេដ្ឋីដ៏ល្បីល្បាញនៅកម្ពុជា

ក្នុងឆ្នាំ ១៩៧០ ឧកញ៉ា ពុង ឃាវសែ បានភៀសខ្លួនរស់នៅប្រទេសកាណាដា ដោយប្រកបរបរលក់គ្រឿងអលង្ការ ដោយលោកធ្វើការទិញមាស ពីធនាគារកណ្តាល រួចក៏លក់វិញដោយទទួលបានប្រាក់ចំណេញកប់ពពក។ បន្ទាប់ពីរកស៊ីបានប្រាក់ចំណេញច្រើននៅកាណាដា លោក ឧកញ៉ា ក៏បានត្រលប់មកមាតុភូមិវិញ។

លោក ឧកញ៉ាបានវិលត្រលប់មកកម្ពុជាវិញ ក្នុងឆ្នាំ ១៩៩១ ស្របពេលនោះដែរ លោកឧកញ៉ា ក៏បានបង្កើតធនាគារកាណាឌីយ៉ា ដែលជាធនាគារចំណាស់បំផុតមួយក្នុង ចំណោមធនាគារធំៗជាច្រើនទៀតនៅកម្ពុជា ដែលកាលនោះមានឈ្មោះថា Canadia Gold & Trust Corporation Ltd. ហើយ នៅឆ្នាំ ១៩៩៣ ធនាគារត្រូវបានប្តូរឈ្មោះទៅជា ធនាគារកាណាឌីយ៉ា។

អាគារធនាគារកាណាឌីយ៉ានៅកម្ពុជា

លោក ឧកញ៉ា ពុង ឃាវសែ បានធ្វើការតំរង់ទិស ព្រមទាំងធ្វើការអភិវឌ្ឍនៃវិស័យធនាគារ នៅកម្ពុជា ដោយ បានទាក់ទាញវិនិយោគិនបរទេស មកធ្វើការវិនិយោគលើវិស័យធនាគារ និងវិនិយោគរយៈពេលវែង ព្រោះធនាគារត្រូវការទុនបម្រុងច្រើនដើម្បីរក្សាទុក និងអាចប្រើប្រាស់សម្រាប់ជួយដល់គម្រោងនានា ដែលអាចចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លើសពីនេះ លោកឧកញ៉ា ក៏បាននាំចូលនូវ ម៉ាស៊ីន ATM និងដាក់ឲ្យប្រើប្រាស់កាតធនាគារមុនគេបង្អស់នៅកម្ពុជា ហើយគំនិតទាំងអស់នេះ សុទ្ធតែជាបរិបទរស់នៅថ្មី ដែលប្រជាជនកម្ពុជាកំពុងតែត្រូវការ និងចង់ស្គាល់ ហើយវាបានជួយសម្រួលដល់វិស័យធនាគារផងដែរ។

ទូ ATM និងអាគារធនាគារកាណាឌីយ៉ា នៅកម្ពុជា

ក្រៅពីការត្រួសត្រាយផ្នែកធនាគារ លោកឧកញ៉ា ក៏ជាប្រធានក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនធំមួយចូលរួមក្នុងការអភិវឌ្ឍន៍លើ វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia