បើចង់ជោគជ័យខ្លាំង ដាច់ខាតមិនត្រូវប្រើពាក្យ “កុំទាំង៥ចំណុច” នេះ

មនុស្សម្នាក់ៗមានដំណើរផ្លូវខុសៗគ្នាក្នុងការស្វែងរកភាពជោគជ័យ ប៉ុន្តែប្រសិនបើភាពជោគជ័យដែលទទួលបាននោះ មិនសាកសមនឹងតម្លៃនៃការលះបង់ និងមិនមានតម្លៃគួរឲ្យគោរព ភាពជោគជ័យនោះ គឺមានលក្ខណៈសាមញ្ញបំផុត និងគ្មានអ្វីគួរឲ្យលើកតម្កើងឡើយ។

សម្រាប់អ្នករកស៊ីមួយចំនួន កំហុសដ៏ធំដែលរុញច្រានឲ្យពួកគាត់ពិបាកក្នុងការរកឃើញនូវភាពជោគជ័យក្នុងវិស័យអាជីវកម្ម នោះគឺការចាប់ផ្តើមអ្វីមួយដោយមិនមានភាពច្បាស់លាស់ និងចាប់ផ្តើមឡើងព្រោះតែខ្លួនឯងជាចម្បង។ ខាងក្រោយនេះ គឺជាការទូន្មានក្នុងការរកស៊ីពីសហគ្រិនកំពូលៗនៅលើពិភពលោក៖

១) កុំរកស៊ីដើម្បីលុយ

តាមការសិក្សាស្រាវជ្រាវ និងបានដកស្រង់យកមកធ្វើការចុះផ្សាយនៅលើគេហទំព័រ Business Cambodia អស់រយៈជិត៥ឆ្នាំមកនេះ Business Cambodia តែងសង្កេតឃើញថា សហគ្រិនកំពូលៗ និងមហាសេដ្ឋីពាន់លានលើពិភពលោក សុទ្ធសឹងតែជាអ្នកដែលហ៊ានចេញរកស៊ីដើម្បីអ្នកដទៃ ដើម្បីក្តីស្រមៃចង់ជួយមនុស្សជាតិ ទើបអាចទទួលបានជោគជ័យខ្លាំងបែបនេះ។

ជាក់ស្តែង មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិក Facebook លោកចាប់ផ្តើមក្រុមហ៊ុន Facebook ដោយមានក្តីស្រមៃថា មនុស្សលោកទាំងមូល អាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានងាយស្រួល ចំណេញពេល ចំណេញថវិការ ចូលរួមចែករំលែក និងឈឺឆ្អើលចំពោះគ្នាទៅវិញទៅមក។

មហាសេដ្ឋីពាន់លាន Bill Gates ចាប់ផ្តើមក្រុមហ៊ុន Microsoft បង្កើតកម្មវិធី Software ជាច្រើន ព្រោះតែចង់ជួយសម្រួលការងារដល់មនុស្សជាតិ ទើបត្រូវបានគេមើលឃើញពីគុណតម្លៃ ដែលនាំឲ្យលោកទទួលបានជោគជ័យ ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង។

រីឯមហាសេដ្ឋីពាន់លាននៅអាស៊ី លោក Jack Ma ស្ថាបនិក Alibaba លោកផ្តើមបង្កើតក្រុមហ៊ុននេះឡើង ព្រោះតែចង់ជួយឲ្យសេដ្ឋកិច្ចប្រទេសចិនមានភាពរីកចម្រើន តាមរយៈការជួយដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ស្វែងរកទីផ្សារ និងផ្សាភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារពិភពលោក។

មហាសេដ្ឋីរូបនេះក៏ធ្លាប់មានប្រសាសន៍ផងដែរថា លោកមិនដែលខ្វាយខ្វល់នឹងពាក្យតិចតៀន និងការគំរាមកំហែងពីអាជ្ញាធរ ឫ រដ្ឋាភិបាល ទាក់ទងនឹងការចង់ជួយជាតិរបស់លោកឡើយ ពិសេស សូម្បីតែការស្នើរសុំចាប់ដៃរកស៊ីពីមន្ត្រីរាជការ ក៏លោកហ៊ានបដិសេធដែរ។

Jack Ma តែងតែរំលឹកថា ពេលដែលលោកកាន់តែមានលុយ លោកក៏កាន់តែមានទំនួលខុសត្រូវខ្ពស់ ហើយវាមិនបានផ្តល់សេរីភាព និងភាពរីករាយដូចពេលដែលលោកធ្វើជាគ្រូបង្រៀន ប្រាក់ខែ១២ដុល្លារក្នុងមួយខែនោះទេ ប៉ុន្តែប្រសិនបើឲ្យលោកជ្រើសរើសម្តងទៀត លោកនៅតែសម្រេចចិត្តដើរផ្លូវនេះដដែល ព្រោះលោកមើលឃើញពីគុណតម្លៃនៃជីវិតរបស់លោកម្នាក់ អាចជួយប្រជាជនចិនរាប់ពាន់លាននាក់ មានប្រាក់ចំណូល និងមានការងារធ្វើ។

២) កុំរកស៊ីព្រោះមុខមាត់

មនុស្សមួយចំនួនមិនមែនមិនមានលុយចាយវាយគ្រប់គ្រាន់នោះទេ តែព្រោះតែចង់បានកេរ្តិ៍ឈ្មោះ ចង់ឲ្យគេស្គាល់ ព្យាយាមចេញរកស៊ីទាំងទទឹងទិស និងចេញមុខចេញមាត់ទាំងខ្លួនឯងមិនមានភាពជោគជ័យច្បាស់លាស់ ឫ ចាប់ផ្តើមអាជីវកម្មដោយមិនចេញញើសឈាមខ្លួនឯងពិតប្រាកដ។

៣) កុំរកស៊ីព្រោះគ្មានអ្វីធ្វើ

នេះជាចំណុចដ៏អាក្រក់បំផុត ក្នុងចំណោមអ្នកដែលចង់រកស៊ីទាំងអស់។ ការចាប់ផ្តើមអាជីវកម្ម មិនមែនបង្កើតជម្រើសឲ្យខ្លួនឯងនោះទេ ហើយក៏មិនមែនដើម្បីកំសាន្តអារម្មណ៍ដូចគ្នាដែរ។ ជាងនេះទៅទៀត ការចាប់ផ្តើមដែលមិនមានភាពច្បាស់លាស់បែបនេះ ក៏មិនអាចឲ្យអ្នកជោគជ័យលើអ្វីមួយបានដែរ។

៤) កុំរកស៊ីព្រោះតែឃើញគេជោគជ័យ

បញ្ហារកស៊ីតាមគ្នានេះ យើងឃើញមានច្រើនបំផុតនៅកម្ពុជានេះឯង។ ត្បិតតែកម្ពុជាគឺជាទីផ្សារសេរី ប្រជាជនកម្ពុជាអាចរកស៊ីតាមគ្នាបាន ប៉ុន្តែបើអ្នកចេញរកស៊ីដោយគ្មានឆន្ទៈ រកស៊ីព្រោះតែលុយ ឫ គ្រាន់តែឃើញគេជោគជ័យ ខ្លួនឯងចង់ជោគជ័យដូចគេដែរ ព្យាយាមធ្វើដូចគេទាំងមិនដឹងថាខ្លួនឯងស្រឡាញ់មុនរបរនោះ ឫអត់ផង ហានិភ័យនេះពិតជាធំណាស់។

៥) កុំរកស៊ីព្រោះគ្មានជម្រើស

បុគ្គលបរាជ័យអាជីវកម្មភាគច្រើន ចេញរកស៊ីទាំងខ្លួនឯងមិនមានម្ចាស់ការលើខ្លួនឯង ស្តាប់តាមគេ រកស៊ីដោយមិនមើលពីហានិភ័យដែលខ្លួននឹងជួបប្រទះ។ ពេលដែលអ្នកចេញរកស៊ីទាំងមិនមានភាពប្រាដកនិយម អ្នកប្រៀបបានទៅនឹងដើមស្រល់ដែលចាំតែរេតាមខ្យល់ រេតាមគេប្រាប់ ភ័យខ្លាចព្រោះតែគេបំភ័យ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!