CEOទាំង៥រូបនេះ សុខចិត្តយកប្រាក់ខែត្រឹមតែ១ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ

មាននាយកប្រតិបត្តិក្រុមហ៊ុនមិនច្រើននោះទេ ដែលសុខចិត្តធ្វើការបំពេញតួនាទីរបស់ខ្លួនហើយ​មិនព្រមទទួលប្រាក់បៀវត្សន៍នោះ ហើយបើគិតសរុបជាទឹកប្រាក់ក្នុង១ឆ្នាំៗមិនក្រោមរាប់សិបលានដុល្លារនោះឡើយ។

ខាងក្រោម ពាណិជ្ជកម្មកម្ពុជា សូមលើកយកនាយកប្រតិបត្តិក្រុមហ៊ុនយក្សធំៗដែលបំពេញតួនាទីជាCEO ប៉ុន្តែមិនយកប្រាក់បៀវត្សន៍៖

១) Mark Zuckerberg៖ នាយកប្រតិបត្តិក្រុមហ៊ុន FACEBOOK

នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook គឺលោក Mark Zuckerberg កាលពីឆ្នាំ២០១២ លោកទទួលបានប្រាក់ខែ កន្លះលានដុល្លារអាមេរិក ប៉ុន្តែនៅដើមឆ្នាំ២០១៣ លោកបានប្រកាសទទួលយកប្រាក់ខែមួយដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ ចំពោះប្រាក់បន្ថែមផ្សេងៗទៀត ដែលជាគោលការណ៍លើកទឹកចិត្តរបស់ក្រុមហ៊ុន ក៏លោកបដិសេធមិនទទួលយកដែរ បើគិតជាទឹកប្រាក់សរុបក្នុងមួយឆ្នាំដែលលោកគួរទទួលបានមិនក្រោមជាង១០លានដុល្លារនោះទេ។

២) Larry Page & Sergey Brin៖ នាយកប្រតិបត្តិក្រុមហ៊ុន GOOGLE

មហាសេដ្ឋី Sergey Brin

មហាសេដ្ឋី Larry Page

នៅដើមឆ្នាំ២០០៤ ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនដ៏ល្បីគឺ Google បានស្មើទៅក្រុមប្រឹក្សារបស់ក្រុមហ៊ុន ដោយអ្នកទាំងពីរប្រកាសថាចាប់ពីពេលនេះទៅពួកគេនឹងទទួលយកប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ។ ពេលនោះហើយក្រុមហ៊ុនប្រឹក្សារបស់ក្រុមហ៊ុន Google ក៏បានយល់ព្រម ប៉ុន្តែពួកគេស្នើឲ្យយកប្រាក់បៀវត្សន៍ទៅបញ្ជូលក្នុងភាគហ៊ុនបន្ថែមរបស់ពួកគេ តែទោះជាយ៉ាងណាលោក Larry Page និង Sergery Brin នៅតែបដិសេធ។

៣) Elon Musk៖ នាយកប្រតិបត្តិក្រុមហ៊ុន TESLA MOTOR

សម្រាប់ស្ថានិកក្រុមហ៊ុន Tesla Motor លោក Elon Musk វិញ លោកបដិសេធមិនយកប្រាក់បៀវត្សន៍នោះទេ ទោះមួយកាក់មួយសេនសូម្បីប្រាក់ឧត្ថម្ភផ្សេងៗទៀតក៏ដោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានតម្រូវឲ្យបង់ពន្ធជិត៥០,០០០ដុល្លារប្រចាំឆ្នាំទៅតាមច្បាប់រដ្ឋកាលីហ្វរញ៉ា ពីប្រាក់មានផ្ទាល់ខ្លួនរបស់លោកប្រមាណជាង ១៣ពាន់លានដុល្លារ។

៤) Larry Ellison៖ នាយកប្រតិបត្តិក្រុមហ៊ុន ORACLE

កាលពីឆ្នាំទៅមិញ លោក Larry Ellison ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនបម្រើសេវាទិន្នន័យលើប្រព័ន្ធកុំព្យូទ័រដ៏ល្បីរបស់ពិភពលោក បានប្រកាសក្តែងៗថាលោកនឹងទទួលប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ និងប្រកាសមិនទទួលយកប្រាក់ឧត្ថម្ភផ្សេងៗទៀតឡើយ។

៥) David Filo៖ នាយកប្រតិបត្តិក្រុមហ៊ុន YAHOO

សហស្ថាបនិកក្រុមហ៊ុន Yahoo លោក David Filo ថ្វីត្បិតតែលោកមានទឹកប្រាក់ផ្ទាល់ខ្លួនតែជាង ២ពាន់លានដុល្លារ គឺតិចជាងមហាសេដ្ឋីផ្សេងៗទៀតក៏ដោយ ប៉ុន្តែលោកប្រកាសទទួលប្រាក់បៀវត្សន៍តែ១ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ឆ្នាំ ហើយថែមទាំងប្រកាសមិនទទួលយកប្រាក់ឧបត្ថម្ភថែមទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia