ប្រភព និងប្រវត្តិខ្លះៗ នៃកម្មវិធីកម្សាន្តដែលកំពុងពេញនិយមនៅជុំវិញពិភពលោក

កម្មវិធីចម្រៀង The Voice, Idol និងកម្មវិធីផ្សេងៗទៀត កំពុងតែពេញនិយមបំផុតទាំងនៅកម្ពុជា និងនៅលើពិភពលោក។ តើអ្នកទាំងអស់គ្នាមានដឹងពីប្រវត្តិខ្លះៗនៃកម្មវិធីទាំងអស់នេះដែរឬទេ? ប្រសិនបើមិនទាន់ដឹងច្បាស់ តោះមកមើលទាំងអស់គ្នាដូចខាងក្រោម៖

១) កម្មវិធី The Voice

ជាកម្មវិធីដ៏ល្បីល្បាញ និងកំពុងនិយមនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយលោក John de Mol Jr. (ហូឡង់) ជាសេដ្ឋីពាន់លានដុល្លារ និងលោក Roel van Velzen (ហូឡង់) ជាតារាចម្រៀង-អ្នកនិពន្ធចម្រៀង។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១០ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសហូឡង់។ កម្មវិធីនេះមានប្រាំដំណាក់កាលគឺ៖

  • ដំណាក់កាលទី ១ Producers’ auditions
  • ដំណាក់កាលទី ២ Blind auditions
  • ដំណាក់កាលទី ៣ Battle rounds
  • ដំណាក់កាលទី ៤ Knockouts
  • ដំណាក់កាលទី ៥ Live performance shows

២) កម្មវិធី Idols

ជាកម្មវិធីពេញនិយម និងកំពុងតែល្បីល្បាញបំផុតនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយលោក Simon Fuller (អង់គ្លេស) ជាអ្នកផលិតកម្មវិធីទូរទស្សន៍។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០០១ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសអង់គ្លេស។

៣) កម្មវិធី Got Talent

ជាកម្មវិធីដែលកំពុងពេញនិយមផងដែរ ដែលត្រូវបានបង្កើតឡើងដោយលោក Simon Cowell (អង់គ្លេស) ជាផលិតករកម្មវិធី។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងបំផុតនៅប្រទេសអង់គ្លេស។

៤) កម្មវិធី I Am a Singer

ជាកម្មវិធីដែលពេញនិយមផងដែរ ដែលត្រូវបានបានបង្កើតឡើងដោយលោក Yoon Jong-shin (កូរ៉េខាងត្បូង) ជាតារាចម្រៀង-អ្នកនិពន្ធចម្រៀង។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងគេនៅប្រទេសកូរ៉េខាងត្បូង។

៥) កម្មវិធី Killer Karaoke

ជាកម្មវិធីកំពុងពេញនិយមផងដែរ ដែលត្រូវបានបង្ហាញដំបូងដោយលោក Dee Snider (អាមេរិក) ជាអ្នកចម្រៀង-អ្នកនិពន្ធចម្រៀង និងលោក Steve-O (អាមេរិក-អង់គ្លេស-កាណាដា) ជាតារាភាពយន្ត។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣​ ខែវិច្ឆិកា ឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងនៅប្រទេសអាមេរិក។

៦) កម្មវិធី The X Factor

ជាកម្មវិធីដ៏ល្បីល្បាញ និងកំពុងនិយមនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយលោក Simon Cowell (អង់គ្លេស) ជាផលិតករកម្មវិធី។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន ដែលមានដើមកំណើតដំបូងបំផុតនៅប្រទេសអង់គ្លេស។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia