អបអរសាទរ! ឃុំចំនួន៤ នៅស្រុកស្អាង គ្រោងនឹងកាត់ចូលជាក្រុងតាខ្មៅឆាប់ៗនេះ

ស្រប​ពេល​​សំណង់​ខុនដូ គម្រោង​ផ្ទះ​ល្វែង​ និង​អគារ​ពាណិជ្ជកម្ម​បាន​កើត​​ឡើង​​ច្រើន​នៅ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ​​​ភូមិ​សាស្ត្រ​មួយ​ចំណែក​​របស់​ស្រុក​​ស្អាង​ គ្រោង​នឹង​កាត់​ចូល​មក​ក្រុង​តា​ខ្មៅ​នា​ពេល​​ខាងមុខ​។ នេះ​បើតាម​ប្រសាសន៍ ​លោក នូ សុវណ្ណរ៉ា អភិបាល​ក្រុង​តាខ្មៅ​ បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​។

លោក​បាន​បន្ថែម​​ថា ការ​ស្នើ​សុំ​ពង្រីក​ក្រុង​​នេះ​ត្រូវ​បាន​ធ្វើ​​ឡើង​តាម​សំណើ​ លោក ម៉ៅ ភិរុណ ​អភិបាលខេត្ត​កណ្ដាល​តាមរយៈ​ការ​​កំណត់​​ប្លង់​គោល ​ ដែល​សំណើ​នេះ​បាន​ដាក់​ជូន​រួច​ហើយ​ទៅ​​ក្រសួង​ពាក់ព័ន្ធ​ ហើយ​​មាន​ឃុំ​ចំនួន​៤​ នឹង​ត្រូវ​កាត់​ចេញ​​ពី​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល ​មាន​ឃុំ​ស្វាយ​រលំ  សិត្បូ រកាខ្ពស់ និង​ឃុំ​កោះ​អន្លង់​ចិន​។

«អញ្ចឹង​តាម​គម្រោង​នឹង​ស្នើ​សុំ​កាត់​បញ្ចូល​មក​រដ្ឋបាល​​ក្រុង​តាខ្មៅ​។ ដូច្នេះ​នៅ​ពេល​ចេញ​ប្លង់​គោល​ក្រុង​តា​ខ្មៅ​នឹង​រីក​ធំ​ជាង​បច្ចុប្បន្ន​។ ការរៀបចំ​​​ប្លង់​គោល​​សម្រាប់​ក្រុង​តាខ្មៅ​ គឺ​មាន​ភាព​ចាំ​បាច់​ណាស់​​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុង​មាន​សណ្ដាប់​ធ្នាប់​ និង​ស្តង់​ដា»

ក្រុង​តាខ្មៅ ​គឺ​ជា​​​ទី​ប្រជុំ​​ជន​​របស់​​ខេត្ត ​​ស្ថិត​​នៅ​​ជាប់​​ដង​​ទន្លេ​​បា​​សាក់​​ និង​​ស្ទឹង​​ព្រែក​​​ត្នោត​ ដែល​​ជា​​ប្រភព​​ទឹក​​​ដ៏​សំ​ខាន់​​បម្រើ​​ឱ្យ​​ការ​​ប្រើ​​ប្រាស់​​ប្រចាំ​​ថ្ងៃ​ ​និង​​សម្រាប់​ស្រោច​​ស្រព​​ស្រូវ ​​និង​​ដំណាំ​​រួម​​ផ្សំ​​របស់​​ប្រជា​ពល​រដ្ឋ​ ។ ​ក្រុង​​តា​ខ្មៅ​​មាន​​សក្ដានុពល​​អភិវឌ្ឍន៍​​ផ្នែក​​កសិកម្ម​មជ្ឈ​​មណ្ឌល​​សិក្សា​​អប់រំ​ និង​​ជា​​តំបន់​​ស្នាក់​​នៅ​​ដ៏​​ទាក់​ទាញ​​។

ក្រុង​​តាខ្មៅ​​មាន​​ព្រំ​​ប្រ​ទល់​រដ្ឋ​​បាល​​ខាង​​លិច​​ជាប់​​ខណ្ឌ​​ដង្កោ​ នៃ​​រាជធានី​​ភ្នំ​ពេញ ខាង​​កើត​​ជាប់​​ទន្លេ​​បា​សាក់​​ខាង​​ជើង​​ជាប់​​ខណ្ឌ​មាន​​ជ័យ​ ​នៃ​​រាជ​ធានី​ភ្នំ​ពេញ​​ ខាង​​ត្បូង​​ជាប់​​ស្រុក​​ស្អាង​ ​និង​​ស្រុក​កណ្ដាល​​ស្ទឹង​ ​។ ​តំបន់​​រដ្ឋ​បាល​​ចែក​​​ជា​​សង្កាត់ ​០៦ ​និង​ភូមិ ​២០ មាន​ផ្ទៃដី​ ​៣១.៧៨ គ.ម២ ប្រ​ជា​​ពល​​រដ្ឋ​សរុប ​៦៧ ៦២៦ ​នាក់ ​ស្រី ៣៦ ១៥៦​ នាក់ ​ស្មើនឹង ​១៣ ៨៤០ ​គ្រួសារ​​ក្នុង​នោះ​​​អាយុ​ ១៨​ ឆ្នាំ​ឡើង​ ៤៦ ៤៤៩ ​នាក់ ​ស្រី ​២៣ ៧២១ ​នាក់​ ដង់ស៊ីតេ​ ២នាក់​/គ.ម២។​ ប្រជាពលរដ្ឋ ​៧៩% ​ប្រកបរបរ ​ផ្នែក​សេវាកម្ម ដឹកជញ្ជូន​ ​មន្ត្រីរាជការ ​បុគ្គលិក ​កម្មករ ១៩,២៥%​ ប្រកប​របរ​កសិកម្ម ​ក្រៅពី​នេះ​ប្រកបរបរ​ ​ផ្សេងៗ​ទៀ​ត។​ នេះ​បើ​យោង​តាម​ស្ថិតិ​ឆមាស​ទី ១​ ឆ្នាំ ​២០១២៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ news.sabay