កូនខ្មែរត្រូវដឹង! ​​មរកត​​​​វប្បធម៌​​​ខ្មែរ​​​​ទាំង ១៦ បានជាប់កំណត់ត្រា និងចុះក្នុងបញ្ជី​​​​បេតិកភណ្ឌ​ពិភពលោក

គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ​សម្បត្តិ​វប្បធម៌​រូបី និង​អរូបី​​របស់​កម្ពុជា​ចំនួន ៨ បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ។ ទន្ទឹម​នឹង​នេះ កម្ពុជា​ដែន​ដី​តូច​មែន​ពិត ក៏​បាន​កាន់​កាប់​កំណត់​ត្រា​ពិភពលោក​ចំនួន ៨ ដែរ ដែល​ជា​រឿង​រ៉ាវ​ប្លែកៗ​នានា ឬ​មាន​តែ​មួយ​ដាច់​គេ​លើ​ពិភពលោក ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​បញ្ជី​របស់​ស្ថាប័ន Guinness។ ​ដូច្នេះទាំងកំណត់ត្រា និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា កើនដល់​១៦ហើយ។

ខាងក្រោម​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា បាន​កត់​ត្រា​ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ៖

១) តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២) របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

៣) ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៤) ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៥) ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះ រួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​ផងដែរ។

៦) “បណ្ឌសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចុះបញ្ជីនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៩។

៧) ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

៨) ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា​ពិភពលោក​ទាំង​៨​របស់​កម្ពុជា បាន​កត់ត្រា​ចូល​បញ្ជី​របស់ ស្ថាប័ន Guinness៖

១) ធុរកិច្ច​ដែល​មាន​លក្ខណៈ​អនុវត្ត​ជាក់​ស្ដែង​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក

យុទ្ធនាការ​រៀន​ធ្វើ​ជំនួញ ឬ #GoBusiness17  ជា​កម្មវិធី​បង្ហាត់​យុវជន​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទីផ្សារ​ការងារ ដែល​បាន​ចូល​រួម​ដោយ​យុវជន​កម្ពុជា​ចំនួន ២៣០៤នាក់ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​លើ​ពិភពលោក។ ចំណែក​អ្នក​ចូល​រួម​មាន​អាយុ​ចាប់​ពី​១៥ឆ្នាំ ដល់​២៩ឆ្នាំ ហើយ​សិក្ខាសាលា​ខ្នាត​យក្ស​នេះ ប្រព្រឹត្ត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។ ឥឡូវ​នេះ ព្រឹត្តិការណ៍​ខាង​លើ​បាន​បំបែក​កំណត់​ត្រា​ពិភពលោក Guinnessស្ដីពី​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្ដែង​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក។

២) រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត

កាល​ពី​​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ មនុស្ស​ចំនួន ២០១៥​នាក់ បាន​ចូលរួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប ​បំបែក​កំណត់​ត្រា​ពិភព​លោក​ចាស់​​ដែល​កាន់​កាប់​ដោយ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន​ក្នុង​ចំនួន​អ្នក​ចូល​រួម ១១៥០​នាក់។

៣) នំ​អន្សម​ធំ​បំផុត

នំអន្សម​យក្ស​មាន​ទម្ងន់​ប្រមាណ​ជាង ៤​តោន ក្រោយពី​ចម្អិន​អស់​រយៈ​ពេល ​៤៥​ម៉ោង ត្រូវ​ចៅ​ក្រម​វាយ​តម្លៃ​អន្តរជាតិ​​​​របស់​ស្ថាប័ន Guinness ទទួល​ស្គាល់​ថា​ជា​នំ​អន្សម​ធំ​ជាង​គេ​លើ​លោក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​។ ​នំអន្សម​នេះ ​ត្រូវ​បាន​ចម្អិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ដោយ​ក្រុម​មេ​ចុង​ភៅ​ខ្មែរ ​និង​កូន​កាំបិត​ចំនួន​ ១០​០​នាក់។​

នំអន្សម​យក្ស​ ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ស្លឹក​ចេក​ទម្ងន់​ ៣៣៣​គីឡូ​ក្រាម និង​ខ្សែ​ចេក​ទម្ងន់​ ៣៧៥ គីឡូក្រាម។ បន្ថែម​ដោយ​គ្រឿង​ផ្សំ អង្ករ​ដំណើប ​១,០០០​គីឡូក្រាម​ ខ្ទិះ​ដូង ​៤៩៩​គីឡូ​ក្រាម​​ អំបិល ១៥​គីឡូ​ក្រាម សណ្ដែក​បាយ​ ៤៩៩​គីឡូក្រាម សាច់​ជ្រូក​បី​ជាន់​ ៥០៧​គីឡូ​ក្រាម​ ស្ករ ​៤​គីឡូ​ក្រាម​ ​ម្រេច​កំពត ​៣​គីឡូ​ក្រាម ខ្ទឹម​ចិញ្ច្រាំ​ ១០​គីឡូក្រាម ​និង​ ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ​ ១៦​​គីឡូក្រាម​។

៤) មាន​តួអក្សរ​ច្រើន​បំផុត

តួអក្សរ​ខ្មែរ​ដែល​ស្ថាប័ន Guinness​ ទទួល​ស្គាល់​មាន​ទាំង​អស់ ៧៤​តួ (បច្ចុប្បន្ន​មិន​ប្រើ​ទាំង​អស់​ទេ) ច្រើន​លើស​អក្ខរក្រម​​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក។

៥) ព្រះ​មហាក្សត្រ ដែល​ធ្លាប់​កាន់​តំណែង​ច្រើន​បំផុត

ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​កាន់​មុខ​តំណែង​ជា​ច្រើន​ដូច​ជា៖  

  • ឆ្នាំ​១៩៤១ ដល់១៩៥៥ ជា​ព្រះមហាក្សត្រ
  • ឆ្នាំ១៩៥៥ ដល់១៩៦៦ ជា​នាយក​រដ្ឋមន្ត្រី
  • ឆ្នាំ១៩៦០ ដល់១៩៧០ ជា​ព្រះ​ប្រមុខ​រដ្ឋ
  • ឆ្នាំ១៩៧០ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស
  • ឆ្នាំ១៩៧៦ ជា​ប្រធានាធិបតី
  • ឆ្នាំ១៩៨២ ដល់១៩៨៨ ជា​ប្រធានាធិបតី​និរទេស​​
  • ឆ្នាំ១៩៨៩ ដល់១៩៩១ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស
  • ឆ្នាំ១៩៩១ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់
  • ឆ្នាំ១៩៩១ ដល់១៩៩៣ ជា​ព្រះ​ប្រមុខរដ្ឋ
  • ឆ្នាំ១៩៩៣ ព្រះ​អង្គ​ទ្រង់​ឡើង​គ្រង​សម្បត្តិ​ជា​លើក​ទី​២ រហូត​ដល់​ដាក់​រាជ្យ​សម្បត្តិ​ក្នុង​ឆ្នាំ​២០០៤

៦)​ ទឹក​​​ច្រាល​​ឡើង​លឿន​បំផុត

អំឡុង​ពេល​រដូវ​វស្សា ទឹក​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ឡាវ ​បាន​ច្រាល​ឡើង ២០ដង ដែល​ចាល់​ទឹក​លាត​សន្ធឹង​ដូច​ជា​កូន​សមុទ្រ​តូច​មួយ​ក្នុង​ទំហំ ពី​១០ ទៅ ១៤គីឡូម៉ែត្រ​។ អត្រា​លំហូរ​ទឹក​នៅ​តំបន់​នេះ ស្មើ​នឹង ២​ដង​នៃ​ទឹក​ធ្លាក់ Niagara នៅ​ចន្លោះ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ ក្នុង​មួយ​នាទី ទឹក​ប្រមាណ ១០​លាន​ម៉ែត្រ​គីប​ ហូរ​ខ្លាំង​ដូច​រន្ទះ​ចាក់​ខ្វាត់​ខ្វែង​​តាម​ចន្លោះ​កោះ​នានា។

៧) អណ្ដើក​ទឹក​សាប​ដែល​ខ្ជិល​ជាង​គេ​លើ​លោក

អណ្ដើក​ទឹក​សាប ដែល​មាន​កំណើត​នៅ​ក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា (Pelochelys cantorii) បាន​ចំណាយ​ពេល​ ៩៥​ភាគ​រយ​នៃ​ជីវិត​រស់​នៅ​ក្រោម​ខ្សាច់​បាត​ទន្លេ រង់​ចាំ​ចំណី​អាហារ​ទៅ​ជិត​មាត់។ អណ្ដើក​កម្ជិល​នេះ​ឡើង​លើ​ផ្ទៃ​ទឹក​ត្រឹម​តែ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ដក​ដង្ហើម។

​៨) សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត

សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay