ប្រវត្តិមាតាគីមីវិទ្យា Marie Skłodowska Curie ដែលជាមនុស្សដំបូងគេដែលរកឃើញវិទ្យុសកម្ម

សមទ្ធផលជាច្រើនដែលមនុស្សយើងប្រើប្រាស់សព្វថ្ងៃនេះ ភាគច្រើនគឺមនុស្សជំនាន់មុនជាអ្នកកសាង និងត្រួសត្រាយទុកដល់យើងគ្រប់គ្នា។ តួយ៉ាងប្រាសាទអស្ចារ្យជាងគេក្នុងលោក និងជាសម្បត្តិបេតិក្ខភណ្ឌពិភពលោក “ប្រាសាទអង្គរវត្ត” របស់ខ្មែរ​ ក៏កើតឡើងដោយសារតែដូនតាខ្មែរយើងជាអ្នកកសាងឡើងមកដូចគ្នា។ នៅក្នុងថ្ងៃនេះ គេហទំព័រចំណេះដឹង នឹងលើកយកប្រវត្តិ និងរឿងរ៉ាងខ្លះៗ របស់អ្នកវិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ ថែមទាំងបន្សល់ទុកនូវ​ស្នាដៃជាច្រើនជូនដល់មនុស្សជាតិ។

លោកស្រី Marie Skłodowska Curie កើតនៅថ្ងៃទី0៧ ខែវិច្ចិកា គ.ស.១៨៦៧ នៅប្រទេសប៉ូឡូញ ក្រោយមក​ក៏បានចូលជាសញ្ជាតិបារាំង ហើយលោកស្រីបានទទួលមរណភាពនៅថ្ងៃទី0៤ ខែកក្កដា គ.ស.១៩៣៤។ លោកស្រី ក៏ជាស្ត្រីដំបូងគេបំផុត ដែលបានបញ្ចុះសាកសពនៅក្នុងវិមានប៉ារីសប៉ង់តេអុង ដោយសារលោកស្រីមានស្នាដៃ និងគុណសម្បត្តិយ៉ាងច្រើននៅប្រទេសបារាំង និងលើពិភពលោកកាលនៅមានជីវិត។

Marie Skłodowska Curie គឺជាស្រ្តីមាតារូបវិទ្យា និងគីមីវិទ្យាមួយរូបដ៏ល្បីល្បាញនៅលើពិភពលោក ដោយសារតែ ម៉ារី ជាអ្នកវិទ្យាសាស្ត្រដំបូងគេអង្អស់ ដែលបានរកឃើញវិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម និងការព្យាបាលជំងឺដុះសាច់ (មហារីក) ដោយប្រើប្រាស់វិទ្យុសកម្មផងដែរ។ មិនតែប៉ុណ្ណោះ ម៉ារី ជាស្ដ្រីទីមួយ ដែលទទួលបានពានរង្វាន់ណូបែល រហូតចំនួន២ ផ្សេង​ៗគ្នាផងដែរ។

រហូតមកដល់ពេលបច្ចុប្បន្នេះ គ្រប់ស្នាដៃរបស់អ្នកស្រី ម៉ារី នៅតែមានសារសំខាន់ចំពោះមនុស្សទូទៅប្រើការជាចំបាច់ ជាពិសេស​ខាង​ផ្នែកវិជ្ជសាស្ត្រ​ និងវិទ្យាសាស្ត្រ។ រាល់ការសិក្សាស្រាវជ្រាវគ្មានទីបញ្ចប់ឡើយសម្រាប់អ្នកស្រី រហូតដល់ថ្ងៃ0៤ ខែកក្កដា ឆ្នាំ១៩៣៤ លោកស្រីក៏បានលាចាកលោកនេះ ដោយក្តីអាឡោះអាល័យបំផុត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ monovichea