តារាចម្រៀងសាន់ដេទាំង៥ដួងដែលល្បីល្បាញពីមុន ឥឡូវធ្លាក់កូដស្ងាត់ឈឹង

អំឡុង​ឆ្នាំ​ ២០០៧ ដល់​ ២០០៩ តារា​ចម្រៀង​ប្រុស​ស្រី​៥ រូប​​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​​​ខ្លាំង​នៅ​ផលិតកម្ម​សាន់​ដេ​ ​​ហើយ​បទ​ចម្រៀង​ស្ទើរ​តែ​គ្រប់​បទ​របស់​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​​ពី​មហា​ជន​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។ ប៉ុន្តែ​ឥឡូវ​នេះ​​ភាព​ល្បី​ល្បាញ​អ្នក​ទាំង​៥ រូប​​ស្ងប់​ស្ងាត់​បាត់​ស្រមោល​សូន្យ​ឈឹង​​ហៅ​​លែង​ឮ​តែ​ម្ដង​។​​​​​​​

១​) ​ទោះ​បី​ជា​ពេល​នេះ​ មាស សាលី នៅ​ស្មោះ​ស្ម័គ្រ​ នឹង​ផលិតកម្ម​សាន់​ដេ​ ​មិន​រត់​ទៅ​ណា​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​​​មិន​ល្បី​សុស​សាយ​​ដូច​ពេល​មុន​​ឡើយ​ ព្រោះ​បទ​ចម្រៀង​របស់​លោក​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នោះ​ទេ​។​​ ក្នុង​អំឡុង​ឆ្នាំ ២០០៧ ដល់ ២០០៩ បទ​ចម្រៀង មាស សាលី ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ក្នុង​ផលិតកម្ម​សាន់​ដេ​​ ជា​ពិសេស​បទ​ចម្រៀង​​ក្នុង​ខ្សែភាពយន្ត​ភាគ​ចិន​ដែល​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​​៣ មាន​ដូច​ជា​បទ​ “រំចង់​ប្រែ​ពណ៌​” អង្គរក្ស​បេះ​ដូង​” “ទីប្រឹក្សា​ស្នេហ៍​” “ភ្ញាក់​ខ្លួន​យឺត​ពេល​” និង​បទ​មួយ​ចំនួន​ទៀត​។​

២) ក្រោយ​ពី​រៀប​ការ​មាន​ស្វាមី​ ផាន់ ម៉ូនីកា បាន​ផ្អាក​​ពី​សិល្បៈ​ទាំង​ស្រុង ដើម្បី​យក​ពេល​វេលា​ទៅ​មើល​ថែ​កូន​​ៗ​ និង​ស្វាមី​។ កន្លង​មក​អាច​និយាយ​បាន​ថា នាង​គឺ​ជា​តារា​ស្រី​ដែល​លេចធ្លោ​​ខ្លាំង​នៅ​សាន់​ដេ​​​​ ភាគ​ច្រើន​បទ​ចម្រៀង​​របស់​នាង ​​​ទទួល​បាន​ការ​គាំទ្រ​ពី​មិត្ត​យុវវ័យ​គ្រប់​មជ្ឈដ្ឋាន​​​​ ​​ មាន​ដូច​ជា​បទ​ “សង្គ្រាម​ស្នេហ៍​វណ្ណៈ​” “រំចង់​ប្រែ​ខ្លួន​” “បើ​គ្មាន​បង​តើ​ឲ្យ​អូន​ស្នេហ៍​អ្នក​ណា​” “អ្នក​ដែល​ពិបាក​ចិត្ត​ជាង​គេ​លើ​លោក​នេះ​”​ និង​បទ​មួយ​ចំនួន​ទៀត​។

៣) បើ​និយាយ​​ពី​តារា​ចម្រៀង​​ ជុំ លីណូ លោក​​បាន​ចេញ​ពី​ផលិតកម្ម​សាន់ដេ​ហើយ​។ បច្ចុប្បន្ន​នេះ​លោក​ ខិត​ខំ​ព្យាយាម​ផលិត​បទ​ចម្រៀង​ Original Song ជា​មួយ​ក្បាច់​រាំ​ថ្មី​​​ដ៏​សម្បូរ​បែប​ តែ​មិន​សូវ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​ហ្វេនៗ​ឡើយ​។​ កន្លង​មក​ លីណូ ធ្លាប់​ជា​តារា​ចម្រៀង​ប្រុស​ម្នាក់​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​នៅ​សាន់​ដេ​ បទ​ចម្រៀង​មួយ​ចំនួន​​ដែល​ស្ថិត​​នៅ​ក្នុង​ដួង​ចិត្ត​មិត្ត​យុវវ័យ​មាន​ដូច​ជា​បទ​”អណ្ដាត​ម្ដាយ​អូន​” “ហ៊ាន​ស្រឡាញ់​មិន​ហ៊ាន​សារ​ភាព​” “គុណ​ឪពុក​ម្ដាយ​” ជា​ដើម​។

៤) បន្ទាប់​ពី​រៀប​ការ​​បញ្ចប់​ភាព​នៅ​លីវ​រួច​មក​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​លោក ប៊ុន ស័ក្តិ​ បាន​ផ្អាក​ពី​សិល្បៈ​ទាំង​ស្រុង​ ពុំ​មាន​ឃើញ​បទ​ចម្រៀង​ថ្មី​របស់​លោក​ចេញ​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​ ដូច​ពេល​មុន​នោះ​ទេ​។ បទ​ចម្រៀង​បើក​ក្បាល​មុន​ដំបូង​ដែល​ធ្វើ​ឲ្យ ប៊ុន ស័ក្ដិ​ មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​នៅ​សាន់​ដេ​គឺ​បទ​ “ភ្នំពេញ​នឹក​កំពង់​ចាម​”។

៥) ​តារា​ចម្រៀង​ សូ លីដូ វិញ​ឥឡូវ​នេះ​កេរ្តិ៍​ឈ្មោះ​របស់​លោក​បាត់​ស្រមោល​ឈឹង​ពី​សិល្បៈ​ ក្រោយ​ពី​ឈប់​ច្រៀង​នៅ​ផលិតកម្ម​សាន់​ដេ ចំណែក​ឯ​​ព័ត៌មាន​លោក​ចូល​ផលិតកម្ម​ណា​មួយ​នោះ​ក៏​ពុំ​ធ្លាប់​លេច​ឮ​ដែរ​។ បទ​ចម្រៀង​ល្បី​ល្បាញ​ខ្លាំង​របស់​ សូ លីដូ នៅ​ផលិតកម្ម​សាន់​ដេ​គឺ​បទ​ “ពិភព​លោក​នេះ​បង​ស្រឡាញ់​អូន​ជាង​គេ​” ក្នុង​ខ្សែភាពយន្ត​ភាគ​ F4 ជប៉ុន​ ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​លេខ​៣​៕​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay