ឈប់រៀនថ្នាក់ទី៩ ដើម្បីធ្វើកម្មករប្រាក់ខែ ១៩.៦ដុល្លារ តស៊ូរហូតក្លាយជាសេដ្ឋីល្បីល្បាញនៅថៃ

ភេសជ្ជៈ Ichitan គឺជាភេសជ្ជៈដ៏ពេញនិយម និងកំពុងទទួលបានការគាំទ្រខ្លាំងនៅអាស៊ី។ ជាងនេះទៅទៀត ភេសជ្ជៈនេះ កំពុងនាំមុនក្រុមហ៊ុនដែលជាដៃគូរប្រកួតប្រជែង Oishi ហើយក៏ទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងពេលដ៏ខ្លី ផងដែរ។

លោក Tan Passakornnatee ស្ថាបនិក និងក្រុមហ៊ុន Ichitan 

លោក Tan Passakornnatee ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតភេសជ្ជៈ Ichitan គឺជាអ្នកជំនួញជនជាតិថៃ ដែលធ្លាប់បោះបង់ការសិក្សាចោលនៅត្រឹមថ្នាក់ទី៩។ លោកបានចាប់ផ្តើមសន្សំលុយសម្រាប់រកស៊ី ពីប្រាក់ខែការងារដំបូង ជាកម្មករគេនៅក្រុមហ៊ុន Sahapat ដែលនៅភាគខាងត្បូងនៃទីក្រុង ក្នុងប្រទេសថៃ ដោយទទួលបានប្រាក់ខែត្រឹមតែ ១៩.៦ ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

លោកបានបើកហាងលក់សៀវភៅនៅខេត្ត Chonburi ក្នុងប្រទេសថៃ និងបន្តបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែជាអកុសល នៅឆ្នាំ ១៩៩៧ ជាពេលវេលាដែលនៅអាស៊ីជួបនឹងវិបត្តិសេដ្ឋកិច្ច ជាហេតុធ្វើឱ្យរូបលោកប្រែក្លាយពីអ្នក មានទ្រព្យខ្ទង់លានដុល្លារអាមេរិក ទៅជាអ្នកជំពាក់បំណុលគេខ្ទង់លានបាតទៅវិញ។

ដើម្បីដោះបំណុល លោក Tan Passakornnatee បានសម្រេចចិត្តលក់អ្វីៗគ្រប់យ៉ាងដែលលោកមាន ហើយចាប់ផ្តើម អាជីវកម្ម ស្ទូឌីយោអាពាហ៍ពិពាហ៍ (Wedding Studio) ជំនួសវិញ ដែលធ្វើឱ្យលោកបានចំណាយពេលជិត ២ឆ្នាំ ទើបអាច ដោះបំណុលរួច។

Oishi Buffet Restaurant របស់លោក Tan Passakornnatee

នៅក្នុងឆ្នាំ ១៩៩៩ លោក Tan Passakornnatee បានសម្រេចចិត្តបើកភោជនីយដ្ឋានដែលមានឈ្មោះថា Oishi Buffet Restaurant ដោយសារតែលោកបានលឺពីលោក Khun Wanchai Chirathivat ប្រធានក្រុមហ៊ុន Central Group មាន ប្រសាសន៍ថា៖ គ្រប់គ្នាអាចទទួលទៀនអាហារក្នុងតម្លៃថោក នៅក្នុងភោជនីយដ្ឋាន នៅសហរដ្ឋអាមេរិក។

អាជីវកម្មថ្មីនេះ បានធ្វើឱ្យលោកទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបានបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈដែលមានឈ្មោះថា Oishi ដំណើរការអស់រយៈពេលជាង ១០ឆ្នាំ។ ទីបំផុត លោកក៏សម្រេចចិត្តចាកចេញពីតំណែងក្រុមហ៊ុននេះនៅខែកក្តដា ឆ្នាំ២០១០​ ដោយសារតែលោកយល់ថា ក្រុមហ៊ុនេះល្បីល្បាញហើយ ហើយក៏មានអ្នកមានសមត្ថភាពអាចដឹកនាំក្រុមហ៊ុន នេះឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។

លោក Tan Passakornnatee ត្រូវបានសម្ភាសន៍ដោយអ្នកកាសែត

ជាមួយនឹងភាគហ៊ុនដែលមានចំនួន ៣.៥ ពីក្រុមហ៊ុន Oishi លោកក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត ដោយដាក់ឈ្មោះថា Mai Tan ដែលមកដល់ពេលបច្ចុប្បន្ននេះ ឈ្មោះនេះត្រូវបានប្តូរមកជា Ichitan វិញ។

ក្រុមហ៊ុន Ichitan របស់កំពូមហាសេដ្ឋី Tan Passakornnatee

មហាសេដ្ឋី Tan Passakornnatee បានមានប្រសាសន៍ថា៖ “លោកបានចំណាយពេលជាង ៣០ឆ្នាំ ដោយយល់ឃើញថា ក្តីសុខ និងសុភមង្គលរបស់លោកគឺ ទទួលបានជោគជ័យ និងរកលុយបានច្រើន ប៉ុន្តែបច្ចុប្បន្ន សុភមង្គលពិតប្រាកដរបស់ លោក គឺស្វែករកឱកាសក្នុងការចាយវាយ ដើម្បីជួយអ្នកដទៃ។”

គួរជម្រាបផងដែរថា មហាសេដ្ឋីរូបនេះត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានចិត្តសប្បុរសនៅក្នុងប្រទេសថៃ លោកបាន ធ្វើការបរិច្ចាគប្រាក់រាប់លានដុល្លារអាមេរិក ទៅលើវិស័យអប់រំសម្រាប់កុមា វិស័យសុខាភិបាល និងវិស័យយោធាជាដើម។

បើតាមគេហទំព័រ valuebuddies បានចេញផ្សាយមកថា មហាសេដ្ឋី Tan Passakornnatee មានទ្រព្យសម្បត្តិសរុប ៦៤០លានដុល្លារអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!