ផ្តើមចេញពីតារាចម្រៀង និងស្ថាបត្យករ ក្លាយជាសេដ្ឋីបង្កើតភេសជ្ជៈ ខារ៉ាបាវ ដ៏ល្បីល្បាញ

ខារ៉ាបាវ គឺជាភេសជ្ជៈប៉ូវកម្លាំងដ៏ពេលនិយមមួយនៅក្នុងប្រទេសថៃ និងបានចែកចាយលក់ទៅតាមបណ្តាប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដូចជា ប្រទេសអូស្ត្រាលី និងអង់គ្លេសជាដើម។

លោក Yuengyong Opakul ជាស្ថាបនិកភេសជ្ជៈ ខារ៉ាបាវ

ភេសជ្ជៈខារ៉ាបាវ ចាប់ផ្តើមបង្កើតឡើងដំបូងនៅឆ្នាំ ២០០១ ដោយលោក Yuengyong Opakul ឫហៅថា Aed Carabao ដែលជាស្ថាបត្យករ និងជាអ្នកចម្រៀងម្ចាស់បទ “Songs of Life“ ដ៏ល្បីមួយរូបនៅក្នុងប្រទេសថៃ សហការគ្នាជាមួយលោក Sathien Setthasit ម្ចាស់ភោជនីដ្ឋាន Tawandang German Brewery ដែលជាភោជនីដ្ឋាដ៏ល្បីប្រចាំប្រទេសថៃ។

លោក Yuengyong Opakul កាលនៅច្រៀង

លោក Aed Carabao បានចាប់ដៃគ្នាជាមួយលោក Sathien Setthasit និងដៃគូម្នាក់ទៀតគឺលោកស្រី Nutchamai Thanombooncharoen រួមគ្នាបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Carabao Tawandang Company ដោយផ្តើមចេញពី ទុនវិនិយោគប្រាក់ប្រមាណ ១លានបាត នៅឆ្នាំ ២០០១ ហើយបានចុះបញ្ចីម៉ាកសញ្ញានៅឆ្នាំ ២០០២ ដោយដាក់ឈ្មោះថា Carabao Dang។

ស្ថាបនិកភេសជ្ជៈ ខារ៉ាបាវ លោក Sathien Setthasit និងលោក Yuengyong Opakul

ក្នុងដំណាក់កាលដំណើរការដំបូង រោងចក្រអាចផលិតភេសជ្ជៈនេះ បានប្រមាណតែ ២៧៥លានដបប៉ុណ្ណោះក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០០៣ ការផលិតភេសជ្ជៈនេះបានដល់ទៅ ៥៤៨លានដបក្នុងមួយឆ្នាំ និងចាប់វិវឌ្ឍន៍ទៅរកការផលិតដោយដាក់ក្នុង កំប៉ុងបន្ថែមទៀត។

ដោយក្រុមហ៊ុនមានយុទ្ធសាស្ត្រទីផ្សារប្លែកៗ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនទូទៅ និងដោយសារ មានការគាំទ្រពីអតិថិជនចេះតែងកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យក្រុមហ៊ុននេះវិវឌ្ឍន៍ទៅមុនជាប្រចាំ រហូតដល់ឆ្នាំ ២០១៤ ចំនួននៃការផលិតបានកើនដល់ ១,២០០លានដបក្នុងមួយឆ្នាំ។

ភេសជ្ជៈ ខារ៉ាបាវ របស់លោក Yuengyong Opakul

គួរជម្រាបផងដែរថា កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុននេះ​បានផលិតភេសជ្ជៈខារ៉ាបាវបានចំនួនជាង ១,៥០០លានដប។ សូមបញ្ជាក់ផងដែរថា លោក Yuengyong Opakul ត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយដោយដាក់ចំណងជើងថា “កំពូលអ្នកមានដែលមានការងារជាអ្នកតន្រ្តីករ”ផងដែរ៕

ទស្សនាវដ្តី Forbes បានចុះផ្សាយរូបលោក

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ business-cambodia