ពិតជាកក្រើក! កូនខ្មែរមួយរូប បានជាប់ជាប្រធានតុលាការព្រហ្មទណ្ឌនៅបារាំង

កន្លង​មកប្រិយមិត្តមួយចំនួន បានដឹងខ្លះៗពី​ជីវិត របស់​លោក​បណ្ឌិត ឆាយ ហុក​ផេង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​បារាំង។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ Sabay សូម​ដក​ស្រង់​តែ​ពី​ជីវិត​សិក្សា​របស់​លោក​នៅ​ប្រទេស​បារាំង មុន​ឈាន​ដល់​កាន់​មុខ​តំណែង​ដ៏​កំពូល​នេះ។

លោក​បណ្ឌិត ឆាយ ហុកផេង កើតនៅឆ្នាំ១៩៥២ នៅ​ក្នុង​ខេត្ត​កណ្ដាល។ លោក​​បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ១៩៧៤។ ក្នុង​សម័យ​កាល​ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លោក​បណ្ឌិត​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​ថ្នាក់​អនុបណ្ឌិត​ច្បាប់អន្តរជាតិ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ឆ្នាំ​១៩៧៦។ នៅ​ប្រទេស​បារាំង​ដដែល លោក​បណ្ឌិត ឆាយ ហុក​ផេង ក៏​បាន​បញ្ចប់​ការ​សិក្សា​​បណ្ឌិត​ច្បាប់​ថ្នាក់​រដ្ឋ​ ពី​សាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុង​ប៉ារីស ក្នុង​ឆ្នាំ១៩៨០។

និយាយ​ពី​ជីវិត​ការងារ​វិញ លោក​ធ្លាប់​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​សង្គម នៅ​ប្រទេស​បារាំង​ដោយ​គ្រប់គ្រង​លើ​បុគ្គលិក​ចំនួន ៥២០ នាក់ ពី​ឆ្នាំ​១៩៨១ ដល់ឆ្នាំ១៩៩០។ បន្ទាប់​មកពី​ឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣ លោក​បាន​បម្រើ​ការងារ​ជា​អធិការ​ត្រួត​ពិនិត្យ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​បារាំង។

ក្រោយ​មក​ទៀត​កូន​ខ្មែរ​មាន​សមត្ថភាព​មិន​ធម្មតា​រូប​នេះ បាន​ចូល​សិក្សា​នៅ​សាលា​ជាតិ​ចៅក្រម​បារាំង។ ជា​ឱកាស​ដ៏​ល្អ លោក​បាន​វិវត្តន៍​ខ្លួន ​ជា​ចៅក្រម​ស៊ើបអង្កេត ពី​ឆ្នាំ១៩៩៦ ដល់ ឆ្នាំ១៩៩៨។ ពី​ឆ្នាំ​១៩៩៨ រហូតដល់ឆ្នាំ២០០៥ លោក​បណ្ឌិត​ក៏​ក្លាយ​ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​(៥០%) និង​ជា​ចៅក្រម​ផ្នែក​រដ្ឋប្បវេណី​ផ្សេងៗ​ផង ដូចជា​ក្នុងវិស័យ៖ សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ – សហគ្រាស និង​ក្រុមហ៊ុន​ក្ស័យធន – ធានារ៉ាប់រង- សាងសង់​អាគារ – កិច្ចសន្យា​ខ្ចី​ប្រាក់ – សិទ្ធិ​ជនបរទេស។ ពីឆ្នាំ២០០៥ ដល់​បច្ចុប្បន្ន ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​បារាំង (១០០%)។​

ចាប់ពីឆ្នាំ១៩៩៦ ដល់​បច្ចុប្បន្ន សកម្មភាព​ក្រៅ​ពី​ការ​កាត់​ក្ដី គឺ​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​តំណាង​រាស្ត្រ តំណាង​ស្រុក ជាអាទិ៍ លោក​បណ្ឌិត​គឺ​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចុះ​សង្កេតការណ៍​តាម​ការិយាល័យ​បោះឆ្នោត ឃុំ-ស្រុក។

ទាក់ទង​នឹង​ផ្នែក​គរុកោសល្យ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១ លោក​បណ្ឌិត ឆាយ​​ ហុកផេង គឺជា​គ្រូ​បង្ហាត់​បង្ហាញ វិធីសាស្ត្រ​ប្រើប្រាស់​ហិរញ្ញវត្ថុ ឃុំ-ស្រុក និងពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៦ នីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ព្រហ្មទណ្ឌ ដល់​បេក្ខជន​ប្រឡង​ចូល​សាលា​ជាតិ​ចៅក្រម​និង​សាលា​ក្រឡា​បញ្ជី​នៅ​ប្រទេស​បារាំង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay