បុរសអាមេរិកម្នាក់ ចំណាយតែ ៥ពាន់ដុល្លារ ដើរលេងបានដល់ទៅ ១០ប្រទេស រួមទាំងកម្ពុជា

គ្រង​ដោយ​ខោ​សាច់​កំណាត់ អាវ​យឺត​ដៃ​ខ្លី មាន​វែន​តា​​ជាប់​នឹង​​ក​អាវ អង្គុយ​ផ្អែក​ជញ្ជាំង​រថយន្ត Pick Up បុរស​ជនជាតិ​អាមេរិក បាន​ប្រាប់​​ភ្នាក់ងារ​ ៣០ដេលី​ លោក លន ហ្សាឌីណា ទាំង​ទឹកមុខ​ញញឹម​ថា រយៈ​ពេល​៨​ខែ​មក​នេះ លោក​បាន​ធ្វើ​ដំណើរ​ផ្សងព្រេង បាន​ចំនួន​ ១០ ​ប្រទេស​ហើយ រាប់​បញ្ចូល​​ទាំង​កម្ពុជា​​ផង​ដែរ ដោយ​ចំណាយ​​ប្រាក់​អស់​ត្រឹម​តែ ៥ ពាន់​ដុល្លារ​​​ប៉ុណ្ណោះ។

ការ​ចំណាយ​ខ្ទង់​ប៉ុណ្ណេះ អាច​និយាយ​បាន​ថា ជា​ការ​ចំណាយ​តិចតួច​ស្ដួចស្ដើង​មួយ ព្រោះ​ប្រទេស​ដែល​លោក​ទៅ​លេង​ភាគច្រើន ត្រូវ​ការ​ចំណាយ​ខ្ពស់។ ប្រទេស​ដែល​បុរស​ពុកមាត់​​នេះ​ទៅ​ មាន ព័រទុយហ្គាល់ ដាណឺម៉ាក ប៉ូឡូញ អេស្ប៉ាញ ពិភព​អារ៉ាប ឥណ្ឌា ឡាវ ម៉ាឡេស៊ី ថៃ និង​​ចុង​ក្រោយ​ គឺ ​កម្ពុជា។

លោក​​សង្កត់​ធ្ងន់​ថា លោក​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន រួម​មាន​ទាំង​ ​រថភ្លើង ម៉ូតូ និង​ ដើរ​ជាដើម ចំណែក​កន្លែង​ស្នាក់​វិញ លោក​រក​តែ​តម្លៃ​ធូរ​ថ្លៃ​​ខ្ទង់ ៥ ទៅ ១០​ដុល្លារប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ លោក​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ស្នាក់នៅ។ ចំពោះ​រយៈពេល​ធ្វើ​ដំណើរ​វិញ លោក​បាន​ប្រាប់​ថា អាស្រ័យ​លើ​ប្រទេស បើ​ប្រទេស​នៅ​តំបន់​អឺរ៉ុប ត្រូវ​ចំណាយ​ពេល ១ ខែ​កន្លះ ១ ឬ ២ សប្ដាហ៍​ជាដើម។

“នៅតំបន់អឺរ៉ុប ខ្ញុំ​ចំណាយ ១ ខែកន្លះ ឌូបៃ ១ សប្ដាហ៍ ឥណ្ឌា ១ខែកន្លះ ម៉ាឡេស៊ី ២សប្ដាហ៍ ថៃ១ សប្ដាហ៍ ឡាវ ៣សប្ដាហ៍ កម្ពុជា ៣ សប្ដាហ៍”។ លោក​បញ្ជាក់​បន្ថែម។

ក្នុង​ការ​ធ្វើ​ដំណើរ​​រយៈពេល ៨ ខែ​លើ​១០​ប្រទេស​នេះ លោក​ទទួល​បាន​រូបភាព និង​បទពិសោធន៍​ជាច្រើន ដូច​ជា​ទេសភាព​ស្អាតៗ ជីវិត​រស់​នៅ​ប្រចាំថ្ងៃ ភាសា ម្ហូបអាហារ និង​រឿង​ប្លែកៗ​ជាច្រើន ​ដែល​​លោក​មិន​ធ្លាប់​ឃើញ។ ពេល​សួរ​ថាតើ​លោក​ជួប​ការ​លំបាក​អ្វីខ្លះ អំឡុង​ពេល​ធ្វើ​ដំណើរ? ទេសចរ​រូប​នេះ ពន្យល់​ថា សំលៀក​បំពាក់ និង​របស់​ប្រើ​ប្រាស់​ជាច្រើន​ទៀតរបស់លោក ​ត្រូវ​បាន​គេ​លួច។

“អូ…! ពួក​គេ​លួច​ទូរសព្ទ​របស់​ខ្ញុំ នៅ​ឡាវ … ខ្ញុំ​រក​ពួកគេ ខ្ញុំ​ប្រាប់​ប៉ូលិស ឱ្យ​អន្តរាគមន៍ សំណាង​ល្អ ខ្ញុំ​បាន​ទូរសព្ទ​ខ្ញុំ​មក​វិញ ខ្ញុំ​ចំណាយ​ពេល​២ ថ្ងៃ​ ទើប​បាន​មក​វិញ …. ខ្ញុំ​បាត់​ខោអាវ ខ្ញុំ​បាត់​ច្រើន តែ​វា​មិន​សូវ​សំខាន់​ណាស់​ណា​សម្រាប់​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​តែ​កាបូប​លុយ ​លិខិត​ឆ្លងដែន និង​ទូរសព្ទ​របស់​ខ្ញុំ​ប៉ុណ្ណោះ”។

បុរស​អាមេរិក​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​មា​គម្រោង​២​ឆ្នាំ ដើម្បី​ដើរលេង​នៅ​ប្រទេស​នានា​លើ​ពិភពលោក ជាពិសេស​​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មក​លង​នៅ​កម្ពុជា លោក​គ្រោង​ទៅ​លេង​ប្រទេស​វៀតណាម និង​ឆ្ពោះ​ទៅ​ប្រទេស​ប្រទេស​ផ្សេង​ទៀត មុន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​មើល​ថែ​​ក្រុម​គ្រួសារ និង​កូន​ប្រុស​របស់​លោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!