ព្រឺសម្បុរខ្លាំង ពេលដឹងពីវត្ថុបុរាណរាប់ពាន់ឆ្នាំទាំង៣ ដែលទើបរកឃើញថ្មីៗនេះ នៅកម្ពុជា

រឿងរ៉ាវ​អាថ៌​កំបាំង​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ បច្ចុប្បន្ន​ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​លើ​សំណាក​ទាំង​នោះ និង​មិន​ទាន់​អាច​បក​ស្រាយ​លម្អិត​បាន​នៅ​ឡើយ​ទេ ខណៈ​រឿង​ខ្លះ​មាន​ប្រវត្តិ​រាប់​លាន​ឆ្នាំ​ទាក់ទង​នឹង​ការ​កកើត​ទឹកដី​កម្ពុជា​ទៀត​ផង។

១) រក​ឃើញ​ហ្វូស៊ីល អាយុ​រាប់​លាន​ឆ្នាំ​ បង្កប់​អាថ៌កំបាំង​ការ​កកើត​ប្រទេស​កម្ពុជា

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រុម​ស្រាវជ្រាវ​ នៃ​នាយក​បេតិកភណ្ឌ​ នៃ​ក្រសួង​បរិស្ថាន​បាន​រក​ឃើញ​ហ្វូស៊ីល ខ្យង គ្រំ និង​ងាវ​សមុទ្រ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្ត​ព្រះវិហារ​ដែល​អាច​មាន​អាយុ​រាប់​លាន​ឆ្នាំ។

ពេល​នោះ លឹម វណ្ណច័ន្ទ អនុ​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​នៃ​ក្រសួង​បរិស្ថាន លើក​ឡើង​ថា “តាម​រយៈ​នៃ​ការ​រក​ឃើញ​នេះ ក្រុម​បច្ចេក​ទេស​អាច​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​អាច​ធ្លាប់​ជា​បាតសមុទ្រ”។ ដោយសារ​​តែ​កង្វះ​អ្នក​ជំនាញ​ហ្វូស៊ីល​នេះ​នៅ​មិន​អាច​វាស់​អាយុកាល​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា ហ្វូស៊ីល​នេះ​មាន​អាយុ​មិន​តិច​ជាង​រាប់​លាន​ឆ្នាំ​នោះ​ទេ។

ដុំ​ហ្វូសីល​ទាំង​នោះ​មាន​រាង​ជា​ដុំ​ថ្ម​ ដែល​មាន​ផ្ដុំ​ទៅ​ដោយ​ងាវ​សមុទ្រ ងាវ ឬ​ក៏​គ្រំ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទួល​មួយ​​ក្នុង​ភូមិ​សាស្ត្រ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។ លោក លឹម វណ្ណច័ន្ទ បាន​រំពឹង​ថា ប្រសិន​ទីតាំង​នេះ​តំបន់​ដែល​រក​ឃើញ​ហ្វូស៊ីល​ត្រូវ​បាន​សិក្សា​ធ្វើ​កំណាយ​នោះ វា​នឹង​នាំ​ទៅ​ដល់​ការ​ស្វែង​យល់​ពី​ភាពចំណាស់​នៃ​ទឹកដី​របស់​កម្ពុជា ហើយ​អាច​ស្វែង​យល់​ពី​ប្រភេទ​សត្វ​ដែល​មាន​ប្រវត្តិ​ក្នុង​ប្រទេស​កម្ពុជា។

២) រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់

កាល​ពី​ចុង​ឆ្នាំ​២០១៧ ក្រុម​សិក្សា​ស្រាវជ្រាវ​ឧទ្យា​នុរក្ស​​បាន​ទៅកាន់​កន្លែង​គំនូរ​ប្រវត្តិសាស្ត្រ​របស់មនុស្ស​មាន​អាយុ​កាល​ជាង​៣០០០​ឆ្នាំ​នៅចំណុច​ក្រសាំង-កាណម​ តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ស្ថិត​នៅឃុំរកាត​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​។

​មន្ត្រី​ឧទ្យានុរក្ស​បានចុះដល់​ទីតាំង​​ដើម្បី​ពិនិត្យ​ ​ទីតាំង​នោះ​​​មិនមាន​ប្រជាជនណា​បានមកដល់​កន្លែងនេះ​នៅ​ឡើយ​ទេព្រោះទីតាំង​ស្ថិតក្នុងព្រៃ​ស្រោងឆ្ងាយ​ពីភូមិ ផ្លូវ​លំបាក​ខ្លាំង​។

តាម​ការបញ្ជាក់​របស់លោក​ប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បះ​ខេត្តបាន​បញ្ជាក់ថា​ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បះបាន​ទៅសិក្សាទីតាំង​នេះដោយបញ្ជាក់​ថាគំនូរនេះមានអាយុកា​លប្រហែល​ជាង៣០០០​ឆ្នាំមកហើយ​ និងបន្ត​ស្រាវជ្រាវ​តាមលក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត។

៣) ប្រាសាទ​កប់​ខ្លួន​កណ្ដាល​ព្រៃ​ឡង់​អាយុ​កាល​ជាង​ពាន់​ឆ្នាំ​ទើប​តែ​រក​ឃើញ​

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​បាន​លាត​ត្រដាង​ប្រាសាទ​បុរាណ​មួយ​​លាក់​ខ្លួន​កណ្ដាល​ព្រៃ​ឡង់​ របស់​ប្រទេស​កម្ពុជា។

ប្រាសាទ​បុរាណ​សម្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ដ៏​ជ្រៅ​នោះ​ឈ្មោះ​ថា ប្រាសាទ​ត្រពាំង​ប្រើស​ មាន​៣​ប្រាសាទ​តម្រៀប​គ្នា​ទទឹង​ថ្ងៃ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​នៅ​ក្បែរ​ប្រាសាទ​ចម្ងាយ​១៥០ម៉ែត្រ មាន​ត្រពាំង​ធំ​មួយ​ ដែល​អ្នក​ភូមិ​ហៅ​ថា​ត្រពាំង​ប្រើស មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ​៥គ.ម។

យោង​តាម​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា ប្រាសាទ​នេះ​ កសាង​អំពី​ឥដ្ឋ ចំណែក​គ្រឹះ​សាង​អំពី​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ឦសាន។ បច្ចុប្បន្ន​ប្រាសាទ​ដ៏​កម្សត់​នេះ បាន​បាក់​បែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​។ រី​ឯ​តួ​ប្រាសាទ​ត្រូវ​បាន​បែក​បាក់​មួយ​ចំហៀង ហើយ​នៅ​ផ្នែក​ខាង​ក្រោម គឺ​ជា​សសរ​ពេជ្រ​មាន​រាង​មូល ហោជាង​មាន​រាង​ក្រចក​សេះ។

តាម​ការ​ស្រាវជ្រាវ​បឋម​ របស់​អ្នក​បុរាណវិទ្យា​​សន្និដ្ឋាន​ថា ប្រាសាទ​បុរាណ​នេះ​​ កសាង​ក្នុង​អំឡុង​ចុង​សតវត្ស​ទី៨ និង​អាច​ស្ថិត​នៅ​ក្នុង​រចនាបថ​កំពង់ព្រះ ដែល​ជា​ប្រាសាទ​ស្ថិត​នៅ​ចុង​សម័យ​ចេនឡា​ ប្រាសាទ​នេះ​ស្ថិត​នៅ​ចម្ងាយ​៣៦​គីឡូម៉ែត្រ​ ពី​ខាង​លិច​សម្ពុបុរៈ ស្រុក​សម្បូរ ខេត្ត​ក្រចេះ។

ព្រៃឡង់របស់កម្ពុជា

ប្រាសាទ​ត្រពាំង​ប្រើស​ មាន​ទីតាំង​ ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រយ៉ង ឃុំ​សុខ​ចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។

ទោះ​បី​ប្រាសាទ​នេះ​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ ប៉ុន្តែ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ដល់​ទី​នោះ តាម​រយៈ​ការ​ជិះយានយន្ត​ផ្សេងៗ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង នៅ​ទីនោះ​មាន​យាយ​ជី តា​អាចារ្យ និង​មាន​កន្លែង​សក្ការ​បូជា មាន​ព្រះ​អង្គ​តូច​ធំ ​សម្រាប់​ពុទ្ធសាសនិកជន​ទៀត​ផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!