ធ្លាប់ជាសន្តិសុខយាមទ្វារ សម្តែងរឿងបានតែ ២០ដុល្លារ ក្លាយជាតួល្បីមានទ្រព្យ ២០០លានដុល្លារ

សេដ្ឋីរយលានដុល្លារអាមេរិក លោក Vin Diesel គឺជាតារាសម្តែង ជាអ្នកនិពន្ធ ជាអ្នកដឹកនាំរឿង និងជាផលិតផលរឿងដ៏ឥទ្ធិពលមួយរូបក្នុងវិស័យភាពយន្តហូលីវូដ (Hollywood) បានផ្តាស់ប្តូរជីវិតខ្លួនឯងពីសន្តិសុខយាមទ្វានៅក្លឹប (Club) មកជាតារាសម្តែងដែលាមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលើលោក និងមានទ្រព្យសរុបប្រមាណជិត២០០លានដុល្លារអាមេរិក។​

កំពូលតារាសម្តែង Vin Diesel ដ៏ល្បីល្បាញនៅអាមេរិក

Vin Diesel កើតនៅក្នុងឆ្នាំ ១៩៦៧ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ក្នុងគ្រួសារដែលមានជីវភាពកម្រិតមធ្យម និងមានឱពុកជាគ្រូបង្វឹក និងជានាយកគ្រប់គ្រងមជ្ឈមណ្ឌលសម្តែងរឿងមួយកន្លែង ជាហេតុធ្វើឲ្យ Vin Diesel មានឱកាសចូលរួមសម្តែងរឿងទាំងដែលគាត់ទើបតែមានអាយុបាន៧ឆ្នាំ។

ស្ថិតនៅក្នុងការសម្តែង Vin Diesel តែងតែមានអារម្មណ៍ដិតជាប់ និងគិតថាខ្លួនឯងគឺជាតារាកំពូលម្នាក់ ហើយក្មេងប្រុសម្នាក់នេះ អោបជាប់ក្តីស្រមៃនេះជាប់ជានិច្ច ប៉ុន្តែអ្វីៗមិនងាយស្រួលដូចការគិតឡើយ អាជីពជាតួសម្តែងរបស់ Vin Diesel ទោះជាស្ថិតនៅវ័យជំទង់ហើយក៏ដោយ ក៏នៅមិនទាន់ហុចចេញជាផ្លែផ្កានៅឡើយដែរ។

Vin Diesel បានមានប្រសាសន៍ថា៖ “ថ្លៃឈ្នួលដែលគាត់រកបានពីការសម្តែងនៅគ្រាដំបូង កាលគាត់មានអាយុ៧ឆ្នាំនោះ បានត្រឹមតែ២០ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យលោកមិនមានសូម្បីតែលទ្ធភាពទិញនំភីហ្សាញ៉ាំដោយខ្លួនឯង។”

ឈានដល់វ័យជំទង់ក្រៅពីការងារសម្តែងនេះ គាត់បានទៅធ្វើការងារជាសន្តិសុខយាមទ្វាចូលនៅក្លឹបមួយកន្លែង ទីនោះហើយជាកន្លែងដែលផ្តល់ឱកាសឲ្យគាត់រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ស្វែងយល់ពីសង្គមខាងក្រៅបានកាន់តែច្រើន ប៉ុន្តែអ្វីដែលគាត់ចៀសមិនផុត គឺការវាយតប់គ្នា ដែលកើតមានឡើងជារៀងរាល់យប់ ហើយតាមប្រសាសន៍របស់គាត់ គាត់បានធ្វើការងារនៅទីនោះប្រមាណជិត១០ឆ្នាំ និងបានវាយតបគ្នាមិនតិចជាង ៥០០លើកឡើយ។

នៅចុងបញ្ចប់ គាត់ក៏បានសម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យចោល ដើម្បីបន្តសម្រេចក្តីស្រមៃជាតារាសម្តែងហូលីវូដ ប៉ុន្តែនៅពេលដែលលោកបោះជំហានចូលក្នុងហូលីវូដពេញទី ទើបលោកដឹងថា សមត្ថភាពសម្តែងរបស់លោកនៅមានកម្រិត ពិសេសគ្មានឈុតឆាក និងតួណាមួយតែសមនឹងលោកឡើយ។

(ពីឆ្វេងមកស្តាំ) លោក Vin Diesel សម្តែងក្នុងរឿង Riddick, រឿង Knockaround Guys និងរឿង The Last Witch Hunter

គាត់បានប្រសាសន៍ថា៖ “ខណៈពេលគាត់កំពុងព្យាយាមបោះជំហានចូលក្នុងហូលីវូដ គាត់ត្រូវបង្ខំចិត្តគេងនៅលើសាឡុងអង្គុយ និងបានត្រឹមតែធ្វើការងារកំប៉ិកកំប៉ុកប៉ុណ្ណោះ ព្រោះគ្មានតួរ និងឈុតសម្តែងណាមួយសាកសមនឹងលោកឡើយ។”

ដោយអស់សង្ឃឹមនឹងការងារសម្តែង គាត់ក៏សម្រេចចិត្តចេញទៅទីក្រុង New York រស់នៅជួបជុំម្តាយវិញជាមួយនឹងក្តីឈឺចាប់ ដែលមិនសមបំណង ប៉ុន្តែនៅថ្ងៃមួយម្តាយរបស់គាត់បានប្រគល់សៀវភៅមួយក្បាលដល់គាត់ សៀវភៅនោះហើយដែលបានបើកផ្លូវឲ្យគាត់ស្វែងរកក្តីស្រមៃម្តងទៀត។ សៀវភៅនោះគឺជាសៀវភៅដែលប្រាប់ពីរបៀបក្នុងការផលិតរឿងខ្លី។

ក្រោយមើលសៀវភៅមួយក្បាលនោះចប់ តារាសម្តែងកម្ពស់ ១ម៉ែត្រ៨០សង់ទីម៉ែត្រជាងរូបនេះ ក៏សម្រេចចិត្តថានឹងផលិតរឿងខ្លីដោយខ្លួនឯង ស្របពេលជាមួយគ្នា រឿងដែលគាត់ត្រូវដោះស្រាយធំបំផុត គឺការរកលុយដើម្បីផលិតរឿង។

លោក Vin Diesel កំពុងថតរឿង The Fast Five ក្នុងឆ្នាំ២០១១

ដោយសារតែបញ្ហានេះ Vin Diesel បានខិតខំធ្វើការងារនៅក្រុមហ៊ុន Telemarketing Company និងព្យាយាមរៀបសាច់រឿង តួសម្តែង ព្រមជាមួយនឹងការងារផ្សេងទៀតដោយខ្លួនឯង ធ្វើឲ្យគាត់គេងបានតែតិចតួចប៉ុណ្ណោះក្នុងមួយយប់ៗ និងចាប់ផ្តើមមានភាពតឹងតែងក្នុងអារម្មណ៍កាន់តែច្រើនឡើងៗ ព្រោះតែក្តីស្រមៃមួយនេះ។

ទីបំផុត ការព្យាយាមយ៉ាងខ្លាំងក្លាបានផ្តល់ឱកាសឲ្យគាត់បានបញ្ចេញនូវសមត្ថភាពពិត នៅក្រោយពេលដែលគាត់បានប្រមូលលុយគ្រប់គ្រាន់សម្រាប់ការផលិតរឿងខ្លីជាលើកដំបូង Multi-Facial នៅអំឡុងឆ្នាំ ១៩៩៥ ហើយវាក៏ជាការបើកទំព័រថ្មីមួយដែលទទួលបានពីភាពជោគជ័យនៃរឿងដំបូងនេះដែរ។

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងចំពោះរឿងខ្លីទីមួយនេះ លោកក៏បន្តផលិតផលផ្សេងទៀតជាបន្តបន្ទាប់ ប៉ុន្តែពុំសូវទទួលបានការគាំទ្រច្រើនប៉ុន្មាននោះទេ រហូតដល់ការផលិតរឿង Fast and Furious ជាលើកដំបូងនៅអំឡុងឆ្នាំ២០០១។

លោក Vin Diesel និងលោក Paul Walker ដែលសម្តែងក្នុងរឿង Fast and Furious ក្នុងឆ្នាំ២០០១

រឿង Fast and Furious របស់ Vin Diesel ចាប់ផ្តើមថតចេញជាភាគបន្តបន្ទាប់គ្នា ដោយសារតែរឿងនេះទទួលបានការគាំទ្រច្រើនជាងការរំពឹងទុក ពិសេសគឺរឿង Fast and Furious 5 6 7 និង 8ដែលបានផលិតបន្តបន្ទាប់គ្នាពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧ ហើយសម្រាប់រឿង Fast and Furious 9 គ្រោងនឹងបញ្ចប់ការផលិតនៅត្រឹមឆ្នាំ២០២០ខាងមុននេះ។

រឿង Fast and Furious រកចំណូលបានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក និងបានធ្វើឲ្យ Vin Diesel ដែលជាតួសម្តែង និងជាអ្នកដឹកនាំរឿងនេះផ្ទាល់ ក្លាយជាសេដ្ឋីរយលានដុល្លារអាមេរិក និងមានតម្លៃខ្លួនសម្តែងខ្ពស់បំផុតលើលោកកាលពីឆ្នាំ២០១៦។

លោក Vin Diesel ក្នុងរឿង The Fate of the Furious ក្នុងឆ្នាំ២០១៧

Vin Diesel៖ “កុំចំណាយពេលឥតប្រយោជន៍រងចាំពេលវេលាល្អឥតខ្ចោះ ទើបចាប់ផ្តើម ជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើម ហើយធ្វើវាឲ្យល្អឥតខ្ចោះ។”

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia