គួរឱ្យខ្លោចចិត្តអាណិតលោក យូឌីស្កូ កាន់តែជំងឺធ្ងន់ធ្ងរខ្លាំងរហូតពោលពាក្យ “ខ្ញុំ​ចង់​រស់”

លោក យូឌីស្កូ ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ តាំង​ពី​ចុង​ឆ្នាំ ២០១៧ នោះ ពេល​នេះ​ក្នុង​តែ​ស្ថិត​ក្នុង​វេលា​កាន់​តែ​ខ្សោះ​ខ្សោយ​ទៅ​ហើយ រហូត​ដាច់​ចិត្ត​ពោល​ពាក្យ​មួយ​ឃ្លា​គួរ​ឲ្យ​ស្រណោះ “ខ្ញុំ​ចង់​រស់” ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព​ស្លុត​ចិត្ត ក្រៃលែង។

អ្នក​នាង ទូច ស្រីលក្ខណ៍ ដែល​បាន​ទៅ ជួប​សួរ​សុខ​ទុក្ខ​ផ្ទាល់ ទប់​ចិត្ត​មិន​បញ្ចេញ​ព័ត៌មាន​នេះ​មិន​បាន។ អ្នក​ថ្លែង​ថា “ពាក្យ​មួយ​ម៉ាត់​បង​និយាយ​មក​កាន់​ខ្ញុំ​ថា “បង​ចង់​រស់” ចង់​ឲ្យ​ជីវិត​បង​ដូច​ដើម​វិញ​ពេល​លឺ​ពាក្យ​នេះ​ប្អូន​ខ្លោច​ផ្សា​ណាស់”។

ជាមួយ​គ្នា​នេះ ស្រី​លក្ខណ៍ ក្រៅ​ពី​មិន​អាច​ជួយ​អ្វី​បាន​ដុំ​កំភួន ឲ្យ​ដឹង​ថា នាង​មាន​​តែ​កម្លាំង​ចិត្ត និង​ថវិកា​បន្តិច​បន្តួច​ជូន​ទៅ​មិត្ត​រួម​អាជីព​រូប​នេះ និង​សូម​ស្នើ​មិត្ត​រួម​អាជីព ឬ​ឯកឧត្ដម លោក​ឧកញ៉ា លោក​ជំទាវ លោក​ស្រី ប្រិយមិត្ត​ទាំង​ឡាយ​ដែល​ចិត្ត​សប្បុរស បើ​អាច​សូម​ជួយ​មិត្ត​រួម​អាជីព​របស់​នាង តាម​លទ្ធភាព​ផង។

លោក យូឌីស្កូ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ដោយ​សារ​លោក​កើត​មាន​ជំងឺ​ជា​ច្រើន​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ រួម​មាន​ក្រលៀន ទឹកនោម​ប្រៃ និង​ឈាម​ស​ឡើង​ខ្ពស់។ ស្ថានភាព​ពេល​នោះ លោក​ត្រូវ​ការ​ឈាម​ប្រភេទ AB + ដែល​ជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក។

យ៉ាង​ណា មិត្ត​រួម​អាជីព​លោក​ពីរ​នាក់​មាន​ឈាម​ប្រភេទ​កម្រ​នេះ និង​បាន​បរិច្ចាគ​​ឲ្យ​លោក បន្ត​រស់​មក​ដល់​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ តាម​អ្នក​នាង ទូច ស្រីលក្ខណ៍ ឲ្យ​ដឹង គឺ​ស្ថានភាព​យូឌីស្កូ​នៅ​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល។ ស្រីលក្ខ៍ ប្រាប់​ថា ពេល​នេះ អតីត​ដៃគូ​ការងារ​របស់​នាង អស់​លទ្ធភាព​ហើយ ហើយ​ត្រូវ​ការ​ចាំ​បាច់​រាល់​ការ​ឈឺ​ឆ្អាល​របស់​បង​ប្អូន។

រូបថត៖ ហ្វេសប៊ុក ទូច ស្រីលក្ខណ៍

ដូច្នេះហើយ តារា​ស្រី​កូន​មួយ​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​បង​ប្អូន​ចង់​ជួយ​ថវិកា​ដល់​ យូឌីស្កូ អាច​ទាក់ទង​មក​លេខ​ទូរសព្ទ​នាង​ផ្ទាល់​បាន គឺ ០១៥ ៥៩ ៥៥ ៤៥។ មួយ​វិញ​ទៀត នាង​បន្ថែម​ថា ប្រិយមិត្ត​ក៏​អាច​ទៅ​ជូន​ថវិកា​លោក​ផ្ទាល់​ជាមួយ​នាង​ក៏​បាន​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay