​ខ្ចីលុយគេ ១០០អ៊ឺរ៉ូ ដើម្បីរកស៊ីរហូតក្លាយជាសេដ្ឋីទី១នៅអៀរឡង់ ទីបញ្ចប់ជំពាក់បំណុលគេ និងជាប់គុក

លោក Sean Quinn ស្ថាបនិកក្រុមហ៊ុន Quinn Group និងជាអធិរាជអ្នកជំនួញដ៏ជោគជ័យក្លាយជាមហាសេដ្ឋីទី១របស់ អៀរឡង់ នៅឆ្នាំ ២០០៨ បានប្រែក្លាយជាអ្នកទោស និងជាអ្នកជំពាក់បំណុលគេវ័ណ្ឌកនៅឆ្នាំ ២០១១។

អតីតកំពូលមហាសេដ្ឋីរូបនេះ គឺជាអ្នកជំនួញទាក់ទងនឹងធានារ៉ាប់រង និងអចលនទ្រព្យលំដាប់ថ្នាក់អន្តរជាតិ។ លោកបាន ចាប់ផ្តើមរកស៊ីលើវិស័យអចលនទ្រព្យដំបូងពីដើមទុនខ្ចីគេ ១០០អឺរ៉ូ លើផ្ទៃដីកសិកម្មរបស់គ្រួសារនៅឆ្នាំ១៩៧៣ រហូតអាច បង្កើតបានក្រុមហ៊ុន Quinn Group នៅចុងឆ្នាំ ២០០៥។

បន្ទាប់ពីមានក្រុមហ៊ុនដែលជារបស់ខ្លួនរួចមក លោកក៏បន្តពង្រីកវិសាលភាពលើវិនិយោគជាមួយវិស័យអចលនទ្រព្យ និង ធានារ៉ាប់រងទទួលបានជោគជ័យយ៉ាងខ្លាំងក្រៃលែង ហើយទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ប្រមាណ ៦ពាន់លានអឺរ៉ូ (ជិត៧ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០០៨។

ប៉ុន្តែនៅឆ្នាំ ២០១១ ក្រុមហ៊ុនរបស់លោកត្រូវបានដួលរលំ រូបលោកបានក្លាយខ្លួនជាអ្នកក្ររហាម ដកសូន្យ និងត្រូវបាន តុលាកាសម្រេចដាក់ទោសជាប់គុករយៈពេល៣ខែ ជាមួយនឹងកូនប្រុសរបស់លោកម្នាក់ដែលមានឈ្មោះថា Sean Junior ពាក់ព័ន្ធនឹងរឿងលាក់លុយធនាគារ Anglo Irish Bank ប្រមាណជិត ៣ពាន់លានអឺរ៉ូ។

ធនាគារ Anglo Irish Bank

លោក Sean Quinn បានបាត់បង់សិទ្ធិក្នុងការគ្រប់គ្រង Quinn Insurance នៅខែមីនា ឆ្នាំ ២០១០ នៅពេលដែលនិយ័តករ ហិរញ្ញវត្ថុរបស់អៀរឡង់បានរកឃើញថា ក្រុមហ៊ុនរបស់លោកមិនបានបំពេញតាមលក្ខខណ្ឌរដ្ឋបាលបានត្រឹមត្រូវ និង មិនទាន់អាចទុកចិត្តបាន។

មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០១១ ធនាគារ Anglo Irish Bank របស់អៀរឡង់ បានប្រកាសពីសិទ្ធិក្នុងការគ្រប់គ្រងក្រុមហ៊ុន Quinn Group ជាផ្លូវការ ដោយសារតែក្រុមហ៊ុននេះជំពាក់បំណុលធនាគារប្រមាណជិត ៣ពាន់លានអឺរ៉ូ ទើបធ្វើឱ្យលោក Sean Quinn ប្រកាសក្ស័យធននៅពាក់កណ្តាលឆ្នាំ ២០១១តែម្តង។

ក្រុមហ៊ុន Quinn Group របស់លោក Sean Quinn

គួរបញ្ជាក់ផងដែរថា លោក Sean Quinn ជំពាក់បំណុលគេប្រមាណ ៥៦៣លានដុល្លារអាមេរិក ខណៈគណនីធនាគាររបស់ លោកមានលុយប្រមាណតែ​ជាង ១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia