អបអរសាទរ! Facebook ដក Explore Feeds ពីកម្ពុជាហើយ និងប្រទេសចំនួន៥ទៀត

ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ប្រកាស​ថា ការ​ធ្វើ​តេស្ត​សាកល្បង​មុខងារ Explore Feeds នៅ​ក្នុង​ប្រទេស​ចំនួន​៦ ដោយ​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ ត្រូវ​បាន​បញ្ចប់​ហើយ ដោយសារ​មិន​ទទួល​លទ្ធផល​ជា​វិជ្ជមាន។

លោក Adam Mosseri ប្រធាន​ផ្នែក News Feed របស់ Facebook ប្រាប់​ថា អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​បង្ហាញ​ភាព​មិន​ពេញ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ឲ្យ​មាន Explore Feed នា​ពេល​កន្លង​ទៅ ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ចំនួន ៦ ដូចជា កម្ពុជា ស្លូវ៉ាគី ស្រីលង្កា បូលីវី ហ្គាតេម៉ាឡា និង​ស៊ែប៊ី។ “ក្នុង​ការ​ស្ទង់​មតិ អ្នក​ប្រើប្រាស់​ប្រាប់​យើង​ថា ពួក​គេ​មិន​ពេញ​ចិត្ត​ទេ ដែល​មើល​ឃើញ Feed ចែក​ជា​២​យ៉ាង​ដូច្នេះ ហើយ​វា​មិន​បាន​ជួយ​ឲ្យ​ពួក​គេ​ផ្សាភ្ជាប់​ទំនាក់ទំនង​បន្ថែម​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ជាង​មុន​ឡើយ” នេះ​ជា​ការ​លើក​ឡើង​របស់​លោក Adam Mosseri។

“សរុប​សេចក្ដី​មក Explore (Feed) មិន​មែន​ជា​វិធី​មាន​ប្រសិទ្ធភាព​ឡើយ ដែល​ឲ្យ​មនុស្ស​រក​មើល​មាតិកា​នៅ​លើ Facebook”។

ជា​ការ​កត់​សម្គាល់​របស់ Kley Kley បើ​ទោះ​ជា​មាន​ការ​ប្រកាស​នេះ​កាល​ពី​ម្សិលមិញ​ក្ដី ការ​ដក​ចេញ​ប្រហែល​ជា​មិន​ទាន់​ដំណើរការ​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​នៅ​តែ​មើល​ឃើញ​មាន​ការ​បែងចែក News Feed និង Explore Feed ដដែល។ វា​ប្រហែល​ជា​អាច​ត្រូវ​ចាយ​ពេល​បន្តិច​ក្នុង​ការ​ដក​ចេញ​ឲ្យ​សព្វ​គ្រប់​ពី​ប្រទេស​ទាំង​៦៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay