លោក ហឿង វីរៈ បញ្ចប់ការសិក្សានៅស្វីស មកបើកហាង លក់នំបញ្ចុក នៅកម្ពុជា

លោក ហឿង វីរៈ ស្ថាបនិក ហាង ”នំបញ្ចុកស្រុកខ្មែរ” ជាយុវជនខ្មែរ ម្នាក់ដែលបានបញ្ចប់ការសិក្សាប្រទេសស្វីស ហើយក៏ សម្រេចចិត្ត ចេញរកស៊ីដោយខ្លួនឯង ព្រោះមិនចង់ធ្វើការឲ្យគេ។​ លោកបានបើកហាង លក់នំបញ្ចុក ខណៈ ប្រជាជនខ្មែរ ជាច្រើនមិនសូវចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មនេះឡើយ។ តែយ៉ាងណាមិញ លោកបានលើកឡើងថា  ចាប់អាជីវកម្មនេះ ព្រោះចង់ធ្វើអ្វីដែលប្លែកពីគេ មិនរកស៊ីតាមគេតាមឯងនោះទេ។

លោក ហឿង វីរៈ ស្ថាបនិក ហាង” នំបញ្ចុកស្រុកខ្មែរ

លោក ហឿង វីរៈ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកបានចូលធ្វើការនៅអង្គការមួយកន្លែង ហើយអំឡុងពេលធ្វើការបានជិត១០ឆ្នាំ លោកក៏បានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសស្វីស។ ក្រោយពេលត្រឡប់មកកម្ពុជាវិញលោកក៏បើកហាង” នំបញ្ចុកស្រុកខ្មែរ” នៅឆ្នាំ២០១១ ដែលគិតមកដល់ពេលនេះអាជីវកម្មរបស់លោកបានដំណើរការអស់រយៈជិត៧ឆ្នាំហើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកបានមានប្រសាសន៍ថា «កត្តាដែលជំរុញឲ្យលោកសម្រេចចិត្តចេញរកស៊ីគឺ ដោយសារតែមិនចង់ធ្វើការឲ្យគេ​ ហើយចង់ក្លាយជាម្ចាស់ដោយខ្លួនឯង ចង់មានពេលសម្រាប់ខ្លួនឯង និងឯករាជ្យភាពដែលគ្មានមេចាំស្តីឲ្យ ជាពិសេសការស្រលាញ់និងចូលចិត្តទៅលើរបរដែលខ្លួនបង្កើតផង បានធ្វើឲ្យលោកសម្រេចចិត្តបើហាងលក់នំបញ្ចុក ដែលមានការរចនា តុបតែងជារបៀបបុរាណ និងជារបៀបច្នៃប្រឌិតដែលមើលមិនចេះចិនណាយ ទាំងអស់នេះហើយបានធ្វើឲ្យអតិថិជន ចូលញុំាមានអារម្មណ៍ស្រស់ស្រាយ។

លោកបន្តថា មុននឹងចាប់ផ្តើមបើកអាជីវកម្មលោកបានត្រៀមខ្លួនជាច្រើនឆ្នាំរួចជាស្រេច ពោលគឺលោកបានធ្វើការឲ្យគេ ពេលដែលបញ្ចប់បរិញ្ញាបត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកហ៊ានចេញរកស៊ីខ្លាំងគឺដោយសារតែ លោកបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសស្វីស និងការដើរកម្សាន្តនៅប្រទេសក្រៅក្នុងមួយឆ្នាំ២ដងផង បានធ្វើឲ្យលោកមើលឃើញគំនិតរកស៊ីជាច្រើន ជាពិសេសគឺដោយសារតែខ្លួងឯងចូលចិត្តធម្មជាតិ ចង់បង្កើនអត្តសញ្ញាណរបស់ខ្មែរ រួមជាមួយការស្រលាញ់ពេញបេះដូងបានធ្វើឲ្យលោកបើកអាជីវកម្មលក់នំបញ្ចុកមួយនេះឡើង៕

ហាង” នំបញ្ចុកស្រុកខ្មែរ” ដែលជារបស់លោក ហឿង វីរៈ ស្ថាបនិក 

គួរជម្រាបផងដែរថា ហាងនំបញ្ចុក ” នំបញ្ចុកស្រុកខ្មែរ” នៅស្ថិតនៅ បណ្ដាយផ្លូវលេខ ៦០៦ ខណ្ឌ ទួលគោល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia